ចៅក្រមសហរដ្ឋអាមេរិក បានកាត់ទោសអាចារ្យអ៊ីស្លាមជ្រុលនិយមម្នាក់ឲ្យជាប់គុកអស់មួយជីវិត ៨ខែបន្ទាប់ពីលោកបានត្រូវកាត់ឲ្យជាប់ទោសពីបទចោទប្រកាន់ភេរវកម្មសហព័ន្ធ។
កាលពីថ្ងៃសុក្រ ចៅក្រមបានកាត់ទោស Mustafa Kamel Mustafa ដែលត្រូវបានគេស្គាល់ជាទូទៅថា Abu Hamza នៅឯតុលាការសហព័ន្ធក្នុងទីក្រុងញូយ៉ក (New York)។
Hamza ដែលពិការភ្នែកម្ខាងនិងពិការដៃទាំងសងខាង បានស្ថិតនៅក្នុងតុលាការនៅពេលលោកត្រូវបានកាត់ទោស។មេធាវីរបស់លោក បានសុំឲ្យចៅក្រមពិចារណាពីពិការភាពរបស់លោកនៅពេលដាក់ទោសលោក។
កាលពីខែឧសភាឆ្នាំមុន Hamza បានត្រូវតុលាការចោទប្រកាន់ចំនួន១១ប្រការដែលលោកបានប្រឈមនៅក្នុងការឧបត្ថម្ភសម្ភារៈទៅឲ្យភេរវជន។ការចោទប្រកាន់ទាំងនោះរួមមានការបញ្ជូនអ្នកដើរតាមដើម្បីបង្កើតជំរុំហ្វឹកហាត់ក្រុមសង្រ្គាមសាសនានៅក្នុងសហរដ្ឋអាមេរិក ការបញ្ជូនមនុស្សទៅជួយក្រុមអាល់ កៃដា (al-Qaida) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការផ្តល់ទូរសព្ទផ្កាយរណបទៅឲ្យក្រុមសកម្មប្រយុទ្ធយ៉េម៉ែនដែលបានចាប់ជំរិតអ្នកទេសចរណ៍ប្រទេសលោកខាងលិចនៅឆ្នាំ១៩៩៨។ចំណាប់ខ្មាំង៤នាក់ បានស្លាប់ក្នុងអំឡុងពេលនៃការប៉ុនប៉ងជួយសង្គ្រោះ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ លោក John Carlin ឧបការីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានហៅ Hamza ថា ជាភេរវជនដែលមិនព្រមទទួលកំហុស។
Hamza ដែលបានរស់នៅក្នុងប្រទេសអង់គ្លេសមុនពេលធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០១២ បានធ្វើការទេសនាលិទ្ធិយ៉ាងសាហាវ ប្រឆាំងនឹងប្រទេសលោកខាងលិចនៅព្រះវិហារអ៊ីស្លាម Finsbury ក្នុងទីក្រុងឡុងដ៍៕