មន្ត្រីអាមេរិកនិងអ៊ីស្រាអែលពិភាក្សា​គ្នា​ពី​«ដំណាក់កាលថ្មី»​នៃ​សង្គ្រាម

ទាហាន​អ៊ីស្រាអែល​បើក​រថក្រោះ​នៅ​តាម​ព្រំដែន​ជាប់​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​ជួប​ប្រជុំជា​មួយ​រដ្ឋមន្ត្រីកិច្ចការ​យុទ្ធ សាស្ត្រអ៊ីស្រាអែល ​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​ ដើម្បី​ពិភាក្សា​ពី​ការ​ផ្លាស់​ប្តូរនៃ «​ដំណាក់ការ​ថ្មី​មួយ» នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

កិច្ចប្រជុំ​នោះ​បាន​ផ្តល់​ឱកាសនៃ​ការពិភាក្សា​គ្នា​មួយ​អំពើ​វីធី​នានា​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​មនុស្សធម៌ក្នុង​តំបន់​ហ្កាហ្សា ​ដែល​កំពុង​រង​ការហែកហួរ​ដោយ​សង្គ្រាម និង​ការកាត់​បន្ថយ​ភាពគ្រោះថ្នាក់​លើ​ជនស៊ីវិល​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​មន្ត្រី​មួយ​រូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ការជួប​ពិភាក្សា​គ្នា​នោះ​ក៏​ជា​ឱកាស​មួយ​ផង​ដែរ​ក្នុង​ការ​លើក​ឡើង​ពី​អន្តរកាលទៅ​រកជំហាន​ថ្មី​មួយ​នៅ​ក្នុង​សង្គ្រាម​ ដែលផ្តោត​ជាសំខាន់​តែទៅ​លើ​គោលដៅ​នៃ​ក្រុមហាម៉ាស់ប៉ុណ្ណោះ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រូបនោះ។

កិច្ចប្រជុំ​ពិភាក្សា​នេះ​កើត​មាន​ឡើង​ ប​ន្ទាប់​ពីក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​សប្តាហ៍មុន​បានយល់ព្រម​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ ដោយ​អំពាវនាវឱ្យ​មាន​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​តំបន់​ហ្កាហ្សាក្នុង​ទ្រង់​ទ្រាយ​ធំ។

ពលរដ្ឋចំនួន​ ២លាន ​៤សែន​នាក់ ​ក្នុង​តំបន់​ហា្កហ្សា ​កំពុងទទួល​រងការ​ខ្វះខាត​ទឹក ម្ហូប ប្រេង ឥន្ធនៈ​និង​ថ្នាំសង្កូវ​យ៉ាង​ខ្លាំង​ ដោយមាន​ជំនួយ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​ដែល​អាចដឹក​ចូល​ក្នុង​តំបន់​នេះបាន។

សង្គ្រាម​ដ៏​បង្ហូរ​ឈាម​ក្នុង​តំបន់​ហ្កាហ្សា​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុម​ហាម៉ាស់​បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើអ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី ​៧​ ខែ​តុលា​ ដោយ​សម្លាប់​មនុស្ស​អស់​ប្រមាណ​១.១៤០នាក់​ ដែល​ភាគ​ច្រើនជា​ជន​ស៊ីវិល។ នេះ​បើតាមភ្នាក់ងារ​សារព័ត៌មាន AFP ដែល​ផ្អែក​លើ​តួលេខរបស់​អ៊ីស្រាអែល។

ក្នុង​ការវាយប្រហារ​លើ​អ៊ីស្រាអែល​នោះ ក្រុម​ហាម៉ាស់​បាន​ចាប់​ចំណាប់​ខ្មាំង​ចំនួន ២៥០ នាក់​ ហើយដែល​នៅ​ពេល​នេះនៅ​មាន​ចំណាប់​ខ្មាំង ១២៩ នាក់​ នៅ​ឡើយ​កំពុង​ស្ថិត​ក្នុង​តំបន់​ហ្កាហ្សា។

ក្រោយ​ការវាយប្រហារ​របស់ក្រុម​ហាម៉ាស់ អ៊ីស្រាអែល​ក៏​បានបើក​ការវាយប្រហារ​តាម​អាកាស​ក្នុង​ទ្រង់​ទ្រាយធំ​មួយ​ ​និង​ធ្វើ​ការឡោមព័ទ្ធតំបន់​ហ្កាហ្សា​ជា​មួយ​នឹងការ​វាយ​លុក​តាម​ជើង​គោក​ផង​ដែរ។ យុទ្ធនាការ​វាយលុករបស់​អ៊ីស្រាអែល​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ២០.​៩១៥ នាក់។ នេះ​បើ​យោង​ទៅ​លើតួលេខរបស់ក្រសួង​សុខាភិបាល ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា។

សេតវិមានបាន​និយាយ​ថា​កិច្ចប្រជុំ​កាល​ពី​ថ្ងៃអង្គារ​នេះក៏​នឹង​ផ្តល់​ឱកាសមួយ​បន្ថែម​ទៀត​ ​សម្រាប់​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​ ក្នុង​ការពិភាក្សា​គ្នា​លើ​បញ្ហា​សន្តិសុខ​និង​ការគ្រប់ គ្រង​តំបន់​ហ្កាហ្សា​ក្នុង​ពេល​ខាង​មុខ គោលនយោបាយនាពេល​អនាគត​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ ការ​ងារ​បន្តក្នុង​ការ​ធ្វើ​ឱ្យមាន​ប្រក្រតី​ភាព​ឡើង​វិញ​ និង​ការ​ធ្វើ​សមាហរណកម្ម​ជា​ដើម៕