ស្ថាប័នហិរញ្ញវត្ថុអាមេរិកផ្តល់ប្រាក់កម្ចី១២៥លានដុល្លារដល់ធនាគារអេស៊ីលីដា

រូបឯកសារ៖ អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​​ទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី លើកឡើងថា ការទទួលបានហិរញ្ញប្បទានរយៈពេលវែងពី OPIC ធ្វើឲ្យធនាគារអេស៊ីលីដា ភីអិលស៊ី អាចពង្រីកលទ្ធភាពផ្តល់កម្ចីទៅសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមនៅទូទាំងកម្ពុជា ក្នុងការចាប់ផ្តើម ពង្រីកធុរកិច្ច និងបង្កើនចំណូល។

ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក (Overseas Private Investment Corporation) បាន​ចុះ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ចំនួន​១២៥​លាន​ដុល្លារ​អាមេរិក ​ជាមួយ​ធនាគារ​ក្នុង​ស្រុក​មួយ ដើម្បី​គាំទ្រ​សហគ្រាស​នៅ​កម្ពុជា។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ​ដោយ​ធនាគារ​អេស៊ីលីដា​ (ACELEDA) និង​សាជីវកម្ម​វិនិយោគ​ឯកជន​ក្រៅ​ប្រទេស ហៅ​កាត់​ថា OPIC បង្ហាញ​ថា OPIC ដែល​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចុះ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចំនួន​១២៥​លាន​ដុល្លារ​អាមេរិក (មួយ​រយ​ម្ភៃ​ប្រាំ​លាន​ដុល្លារ​អាមេរិក​គត់) ដើម្បី​គាំទ្រ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម (MSMEs)។ សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា​ ហិរញ្ញប្បទាន​នេះ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ឱកាស​ការងារ ផលិតផល និង​សេវាកម្ម​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល លោក​ អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី លើក​ឡើង​ថា ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​ពី OPIC ធ្វើ​ឲ្យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី អាច​ពង្រីក​លទ្ធភាព​ផ្តល់​កម្ចី​ទៅ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម​នៅ​ទូទាំង​កម្ពុជា ក្នុង​ការ​ចាប់​ផ្តើម ​ពង្រីក​ធុរកិច្ច និងបង្កើន​ចំណូល។

ចំណែក​លោកស្រី​ អីលីហ្សាបេត លីថលហ្វីល (Elizabeth Littlefield) ប្រធាន​នាយក​ប្រតិបត្តិ​របស់​ OPIC បញ្ជាក់​ថា ហិរញ្ញប្បទាន​របស់ OPIC នឹង​ផ្តល់​លទ្ធភាព​ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍ធុរកិច្ច​ចីរភាព​នៅ​កម្ពុជា​ ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ និង​ការ​ធ្វើ​ធុរកិច្ច​របស់​ពលរដ្ឋ​កម្ពុជា​ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។

OPIC ជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧១។ ស្ថាប័ន​នេះ​បាន​កៀងគរ​មូលធន​ឯកជន​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍ​សំខាន់ៗ ឆ្លើយ​តប​ទៅ​នឹង​អាទិភាព​សន្តិសុខ​ជាតិ​ និង​គោល​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​អាមេរិក។ OPIC វិនិយោគ​ជាមួយ​វិស័យ​ឯកជន​សហរដ្ឋ​អាមេរិក និង​ជំរុញ​ឲ្យ​ធុរកិច្ច​របស់​សហរដ្ឋ​អាមេរិក បោះ​ជំហាន​ទៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍន៍ មាន​ចំណូល​ខ្ពស់ ផ្តល់​ឱកាស​ការងារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស៕​