ស.រ.អាបានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិនិត្យមើលថាតើពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានប្រើបាស់អាវុធគីមីក្នុងអំឡុងពេលនៃការវាយប្រហារនៅដើមសប្តាហ៍នេះទៅលើក្រុមអ្នកប្រយុទ្ធជនជាតិ Kurd ក្នុងប្រទេសអ៊ីរ៉ាក់ដូចដែលក្រុមមន្រ្តីអាល្លឺម៉ង់បានរាយការណ៍ដែរឬទេ។
ក្រសួងការពារជាតិអាល្លឺម៉ង់ ដែលកំពុងហ្វឹកហាត់ជនជាតិភាគតិច Kurd បាននិយាយថា ក្រុមអ្នកប្រយុទ្ធ Peshmerga ប្រហែល៦០នាក់បានរងរបួសដោយអាវុធគីមីក្នុងអំឡុងពេលនៃការប្រយុទ្ធកាលពីថ្ងៃពុធជាមួយក្រុមរដ្ឋឥស្លាម។
លោក Alistair Baskeyអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងវាស៊ីនតោនកំពុងស្វះស្វែងរកព័ត៌មានកាន់តែច្រើនថែមទៀតស្តីពីការវាយប្រហារនេះ។ លោកបាននិយាយថា «យើងបន្តទទួលយកការចោទប្រកាន់ពីការប្រើអាវុធគីមីទាំងអស់នេះ»។
លោកស្រី Samantha Power ឯកអគ្គរដ្ឋទូតស.រ.អាប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ស.រ.អាកំពុងពិនិត្យមើលការចោទប្រកាន់ទាំងនោះ។ មន្រ្តីស.រ.អាផ្សេងទៀតបាននិយាយថា វាដូចជាពួកជ្រុលនិយមអ៊ីស្លាមបានធ្វើការវាយប្រហារ។
យោងតាមមន្រ្តីជាន់ខ្ពស់ស.រ.អាដែលមិនប្រាប់ឈ្មោះបានត្រូវកាសែត The Wall Street Journal ដកស្រង់សម្តីមកចុះផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានព័ត៌មានដែលគួរឲ្យទុកចិត្តបានថា ពួកភ្នាក់ងាររដ្ឋឥស្លាមបានប្រើប្រាស់ឧស្ម័ន Mustard ដែលពួកជនសកម្មប្រយុទ្ធនេះទំនងជាបានទទួលក្នុងប្រទេសស៊ីរី៕