ថ្វីបើការបង្កហេតុម្តងហើយម្តងទៀត និងមានបំណងភ្ជាប់ទៅនឹងសង្គ្រាមវោហាសាស្ត្រដ៏ក្តៅគគុកក៏ដោយ ពួកមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកនិយាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនមែនជាមនុស្សឆ្កួតទេ។
ជំនួយការរងនៃមជ្ឈមណ្ឌលបេសកម្មកូរ៉េនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាននិយាយកាលពីថ្ងៃពុធថា «គីម ជុងអ៊ុនជាតួអង្គដែលអាចដឹងខុសដឹងត្រូវ»។ លោក Yong Suk Lee បាននិយាយនៅឯសន្និសីទស៊ើបការណ៍សម្ងាត់មួយដែលរៀបចំឡើងដោយទីភ្នាក់ងារស៊ើបការណ៍កណ្តាលសហរដ្ឋអាមេរិក CIA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ក្រៅពីការក្អេងក្អាង និងវោហាសាស្ត្រ គីម ជុងអ៊ុន មិនមានបំណងធ្វើការប្រយុទ្ធជាមួយទីបញ្ជាការនៃកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងទេ»។
លោក Lee និយាយទៀតថា «គីម ជុងអ៊ុនចង់បានអ្វីដែលពួកមេដឹកនាំផ្តាច់ការចង់បានគឺការកាន់អំណាចយូរអង្វែងហើយនិងស្លាប់ដោយស្រួល»។
ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្ទុយទៅនឹងវោហា សាស្ត្រដែលត្រូវបានប្រើប្រាស់ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
នៅក្នុងការចេញផ្សាយសារតាមប្រព័ន្ធ Twitter លោកប្រធានាធិបតីបានចាត់ទុកមេដឹកនាំកូរ៉េខាងជើងថា «ជាបុរសចូលចិត្តកាំជ្រួច» ហើយសារតាមប្រព័ន្ធ Twitter កាលពីខែមុន ប្រធានាធិបតីត្រាំបាននិយាយថា គីម ជុងអ៊ុន ជាមនុស្សឆ្កួតពិតប្រាកដ។
ទោះជាយ៉ាងនោះក៏ដោយ លោក និងមន្ត្រី CIA ផ្សេងទៀតជឿជាក់ថា មានការបញ្ជាក់យ៉ាងច្បាស់ថា មេដឹកនាំកូរ៉េខាងជើងកំពុងសម្តែងនៅលើឆាកអន្តរជាតិ៕