បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យមានការថ្កោលទោសពីបណ្ដាបស្ចិមប្រទេសលើការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនក៏ដោយ ក៏រដ្ឋបាលរបស់លោកមានការលំបាកនៅក្នុងការកសាងសម្ព័ន្ធភាពជាសាកលមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីធ្វើឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ថិតក្នុងភាពឯកោ។
ដៃគូសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជាប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងកោះតៃវ៉ាន់ជាដើម បានប្រកាសការដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុនិងការដាក់កំហិតលើការនាំចេញប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប៉ុន្តែ ប្រទេសផ្សេងទៀតបានជម្នះនឹងសម្ពាធរបស់ក្រុមបស្ចិមប្រទេសដោយសូម្បីតែការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី ក៏ពួកគេមិនធ្វើផង។
ក្នុងចំណោមនោះ ប្រទេសដែលគួរឱ្យកត់សម្គាល់ជាងគេគឺប្រទេសឥណ្ឌា។ បើទោះបីជាប្រទេសនេះគឺជាដៃគូដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនៅក្នុងការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏ដោយ ក៏ប្រទេសនេះពឹងផ្អែកខ្លាំងក្លាលើការទិញគ្រឿងសព្វាវុធការពារខ្លួនពីរុស្ស៊ី និងមិនបានចូលរួមគាំទ្រលើសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។
សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិនោះបានទាមទារឱ្យប្រទេសរុស្ស៊ី «ដកកម្លាំងយោធាទាំងអស់របស់ខ្លួនទាំងស្រុងជាបន្ទាន់និងគ្មានលក្ខខណ្ឌចេញពីរង្វង់ព្រំដែនរបស់ប្រទេសអ៊ុយក្រែនដែលទទួលស្គាល់ជាអន្តរជាតិ»។
ប្រទេសឥណ្ឌាក៏បានដកខ្លួនចេញពីការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដែលការបោះឆ្នោតនោះត្រូវបានប្រទេសរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សានេះបោះឆ្នោតវេតូជំទាស់។
ភាពស្ទាក់ស្ទើររបស់ឥណ្ឌា
ប្រធានាធិបតីអាមេរិកលោក Biden បានរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមប្រទេស Quad (Quadrilateral Security Dialogue) កាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅនេះ គឺក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីឥណ្ឌាមិនបានចូលរួមគាំទ្រលើសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
ក្រុមប្រទេស Quad ដែលជាក្រុមប្រទេសដៃគូសន្ទនាចតុភាគីផ្នែកសន្តិសុខ ដែលមានសហរដ្ឋអាមេរិក ប្រទេសអូស្ត្រលី ឥណ្ឌា និងជប៉ុនជាសមាជិក ត្រូវបានបង្កើតឡើងជាចម្បងដើម្បីដោះស្រាយក្ដីបារម្ភក្នុងតំបន់ទាក់ទិននឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិន។
ប្រទេសឥណ្ឌា ដែលពឹងផ្អែកផ្នែកយោធាលើប្រទេសរុស្ស៊ីសម្រាប់ជម្លោះព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសប៉ាគីស្ថាននិងចិន កំពុងស្ថិតក្នុងស្ថានការណ៍ដែលពិបាកសម្រេចចិត្ត។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
បើទោះបីជាក្រុមបស្ចិមប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ឥណ្ឌារំពឹងថា ឥណ្ឌានឹងប្រកាន់ខ្ជាប់តាមប្រព័ន្ធរៀបរយអន្តរជាតិសេរី និងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ក៏តម្រូវការនិងការពឹងផ្អែកផ្នែកភូមិសាស្ត្រនយោបាយរបស់ឥណ្ឌាលើរុស្ស៊ីបានដាក់កំហិតដល់ឥណ្ឌាឱ្យពិបាកធ្វើការសម្រេចចិត្ត។
អ្នកស្រី Aparna Pande ប្រធានគម្រោងផ្ដួចផ្ដើមស្ដីពីអនាគតឥណ្ឌានិងអាស៊ីខាងត្បូងនៃវិទ្យាស្ថាន Hudson (Hudson Institute) បាននិយាយថា៖ «ប្រទេសឥណ្ឌាមិនអាចបញ្ឈប់ការទិញ [សព្វាវុធ] ជាពិសេសគ្រឿងបន្លាស់ឧបករណ៍យោធា ពីរុស្ស៊ីភ្លាមៗនោះទេ ប៉ុន្តែឥណ្ឌាអាចបង្ហាញថា ទៅថ្ងៃខាងមុខ ខ្លួននឹងបង្កើនការធ្វើទំនើបកម្មយោធារបស់ខ្លួន និងស្វែងរកដៃគូផ្នែកការពារជាតិផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ប្រទេសបារាំង អ៊ីស្រាអែល និងកូរ៉េខាងត្បូងជាដើម ជំនួសឱ្យប្រទេសរុស្ស៊ី»។
អ្នកស្រី Pande បានប្រាប់ VOA ថា៖ «ករណីនេះនឹងមានប្រយោជន៍ជាពិសេស ដោយសារតែការដាក់ទណ្ឌកម្មតាមរយៈច្បាប់របស់សហរដ្ឋអាមេរិកស្ដីពីការទប់ទល់នឹងសត្រូវរបស់សហរដ្ឋអាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (Countering America's Adversaries Through Sanctions Act (CAATSA)) កំពុងលើកយកមកពិភាក្សា ទាក់ទិននឹងការទិញរបស់ឥណ្ឌានូវប្រព័ន្ធទប់ទល់មីស៊ីល S-400 ពីរុស្ស៊ី»។
ច្បាប់ស្ដីពីការទប់ទល់នឹងសត្រូវរបស់សហរដ្ឋអាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) នេះត្រូវបានចូលជាធរមានកាលពីឆ្នាំ ២០១៧។ ច្បាប់នេះអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលមាន «ការដោះដូរពាណិជ្ជកម្មចម្បងជាមួយនឹងប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី»។
រដ្ឋបាលរបស់លោក Biden កំពុងផ្ដោត «យ៉ាងដិតដល់បំផុត» លើថាតើទណ្ឌកម្មទាំងនោះគួរតែដាក់លើប្រទេសឥណ្ឌាឬក៏យ៉ាងណានោះ។ នេះបើតាមការបញ្ជាក់របស់លោក Donald Lu ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូង ដែលថ្លែងទៅកាន់អនុគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកមួយកាលពីថ្ងៃទី ២ ខែមីនាកន្លងទៅនេះ។
ដើម្បីជាសញ្ញាបញ្ជាក់ប្រាប់រដ្ឋាភិបាលចិន បណ្ដាមេដឹកនាំនៃក្រុមប្រទេស Quad បានឯកភាពគ្នាថា អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនគឺធ្វើយ៉ាងណាកុំឱ្យកើតឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នារបស់នាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី។
សេចក្ដីថ្លែងការណ៍ទាំងពីរនេះស្របតាមសេចក្ដីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយក្រោយកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នោះ។ សេចក្ដីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា បណ្ដាមេដឹកនាំនៃក្រុមប្រទេស Quad «បានពិភាក្សាអំពីសង្គ្រាមជាបន្តនិងវិបត្តិមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន និងបានវាយតម្លៃអំពីផលប៉ះពាល់ទូលំទូលាយនៃសង្គ្រាមនិងវិបត្តិនេះ»។
ទោះជាយ៉ាងណាក៏ដោយ សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រទេស Quad នេះមិនបានលើកឡើងអំពីប្រទេសរុស្ស៊ី ឬក៏មិនបានប្រើពាក្យ «ឈ្លានពាន» នោះទេ ដែលនេះអាចជាភស្តុតាងបញ្ជាក់អំពីការជម្នះរបស់ប្រទេសឥណ្ឌា។
សេតវិមានប្រធានាធិបតីអាមេរិកមិនបានឆ្លើយតបចំពោះសំណើរបស់ VOA ដែលសុំឱ្យមានការបំភ្លឺលំអិតបន្ថែមទៀតអំពីកិច្ចប្រជុំរបស់ក្រុមប្រទេស Quad នេះទេ។
សម្ព័ន្ធភាពដែលលេចឡើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មលើរុស្ស៊ីដោយសំដៅលើធនាគារសំខាន់ៗ ស្ថាប័ន និងបុគ្គលរាប់រយនាក់ ដែលក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមន្ត្រីកំពូលៗរបស់លោកផងដែរ។
ទោះបីជាប្រទេសអូស្ត្រាលីមិនមែនជាសមាជិករបស់អង្គការអូតង់ (NATO) ក៏ដោយ ក៏រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ថា ខ្លួនកំពុងផ្ដល់គ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ជំនួយហិរញ្ញវត្ថុ និងសព្វាវុធយោធាទំាំងប្រល័យនិងមិនប្រល័យទៅឱ្យប្រទេសអ៊ុយក្រែន។
ប្រទេសជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតទី ៣ នៅលើពិភពលោក បានចូលរួមជាមួយនឹងក្រុមបស្ចិមប្រទេសនៅក្នុងការកាត់ផ្ដាច់ធនាគារធំៗរបស់រុស្ស៊ីពីប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលជាប្រព័ន្ធទូទាត់សាច់ប្រាក់អន្តរជាតិ បង្កកទ្រព្យសម្បត្តិរបស់លោក Putin របស់មន្ត្រីជាន់ខ្ពស់របស់លោក និងរបស់ជនមានឥទ្ធិពលផ្នែកអាជីវកម្មកំពូលៗរបស់រុស្ស៊ី ក៏ដូចជាដាក់កំហិតតឹងតែងលើការនាំចេញ ដែលក្នុងនោះមានទាំងការនាំចេញបន្ទះអេឡិចត្រូនិក semiconductor ផងដែរ។
ជប៉ុនក៏បានដាក់ទណ្ឌកម្មផងដែរលើប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និងមន្ត្រីកំពូលៗរបស់លោក ដោយថ្កោលទោសប្រទេសបេឡារុសថាបានអនុញ្ញាតឱ្យទាហានរុស្ស៊ីឆ្លងចូលដែនដីរបស់ខ្លួនដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែន។
ប្រទេសកូរ៉េខាងត្បូងបានប្រកាសការរឹតត្បិតតឹងតែងលើការនាំចេញ និងបានចូលរួមជាមួយប្រទេសដទៃទៀតនៅក្នុងការកាត់ផ្ដាច់ធនាគាររុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT។
ទំនិញដែលរងការដាក់កំហិតនៅក្នុងការនាំចេញរបស់កូរ៉េខាងត្បូងមានដូចជាគ្រឿងអេឡិចត្រូនិក បន្ទះអេឡិចត្រូនិក semiconductor និងកុំព្យូទ័រ គ្រឿងបរិក្ខាផ្នែកព័ត៌មាននិងផ្នែកទំនាក់ទំនង ឧបករណ៍ចាប់សញ្ញានិងម៉ាស៊ីនឡាស៊ែរ បច្ចេកវិទ្យានាវាចរណ៍និងអាកាសចរណ៍ និងឧបករណ៍ដែលសមុទ្រនិងដែនអាកាសជាដើម។
កោះតៃវ៉ាន់ ដែលជាកោះដឹកនាំតាមបែបប្រជាធិបតេយ្យនិងជាកោះដែលចិនអះអាងថាជាខេត្តផ្ដាច់ខ្លួនរបស់ខ្លួន បានបញ្ជាក់ថា ខ្លួននឹងសម្របតាមក្រុមបស្ចិមប្រទេសនៅក្នុងការកាត់ផ្ដាច់ធនាគាររុស្ស៊ីពីប្រព័ន្ធហិរញ្ញវត្ថុ SWIFT។
ក្នុងនាមជាអ្នកផលិតបន្ទះអេឡិចត្រូនិក semiconductor ច្រើនជាងគេបំផុតនៅលើពិភពលោកតាមរយៈក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) របស់ខ្លួន កោះតៃវ៉ាន់ក៏បានប្រកាសផងដែរអំពីការដាក់កំហិតលើការនាំចេញបន្ទះអេឡិចត្រូនិក semiconductor។
វិធីសាស្ត្ររបស់អាស៊ានដែលប្រេះស្រាំ
សមាគមអាស៊ាន (ASEAN) បានអំពាវនាវឱ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នានិងការចរចាទាក់ទិននឹងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
បើទោះបីជាការអំពាវនាវរបស់អាស៊ាននេះមានលក្ខណៈប្រយ័ត្នប្រយែងក៏ដោយ ក៏អ្នកតាមដានស្ថានការណ៍មួយចំនួនបាននិយាយថា វាជាការគួរឱ្យកត់សម្គាល់ដែលថា អាស៊ានដែលគេស្គាល់ថាជាអ្នកប្រកាន់គោលការណ៍មិនជ្រៀតជ្រែកនិងគោលការណ៍អព្យាក្រឹតភាពចំពោះបណ្ដាប្រទេសមហាអំណាចនានា មិនបានលើកឡើងអំពីប្រទេសរុស្ស៊ីនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននោះទេ។
លោក Evan Laksmana អ្នកជំនាញផ្នែកសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានប្រាប់ VOA ភាសាខ្មែរ ថា៖ «ការឈ្លានពានរបស់រុស្ស៊ីនេះគួរតែបានពញ្ញាក់ស្មារតីរបស់អ្នកធ្វើគោលនយោបាយនានានៅអាស៊ីអាគ្នេយ៍ ដោយសារតែវាបានបញ្ជាក់ឱ្យយើងដឹងថា ច្បាប់អន្តរជាតិ ការពឹងផ្អែកទៅវិញទៅមកផ្នែកសេដ្ឋកិច្ច និងការអនុវត្តបទដ្ឋាននៃការកសាងទំនុកចិត្ត ដែលទាំងអស់នេះជាលក្ខណៈសំខាន់នៃប្រព័ន្ធរៀបរយក្នុងតំបន់របស់អាស៊ាន គឺមិនគ្រប់គ្រាន់នោះទេនៅក្នុងការបង្ការមិនឱ្យភាពគឃ្លើនទាំងស្រុងណាមួយកើតឡើង»។
លោកបានបន្ថែមថា៖ «លើសពីការរំលោភលើគោលការណ៍ [មិនជ្រៀតជ្រែកនិងអព្យាក្រឹត] ដែលបណ្ដាប្រទេសអាស៊ីអាគ្នេយ៍អះអាងថាមានតម្លៃមិនអាចកាត់ថ្លៃបាននោះ ការឈ្លានពាននេះក៏បានបង្ហាញឱ្យយើងឃើញផងដែរថា យុទ្ធវិធីចង់ធ្វើសង្គ្រាមបន្តិចមិនចង់ធ្វើបន្តិចដែលបណ្ដាប្រទេសមហាអំណាចបានប្រើមិនថានៅក្នុងប្រទេសអ៊ុយក្រែន ឬនៅសមុទ្រចិនខាងត្បូងនោះទេ គឺអាចជាការផ្ដើមឆ្ពោះទៅរកសង្គ្រាមពេញទំហឹងជាជាងជម្រើសផ្សេង»។
ទោះជាយ៉ាងណាក៏ដោយ បណ្ដាប្រទេសជាសមាជិកអាស៊ានខ្លះ បានផ្ដាច់ខ្លួនពីគោលការណ៍របស់ប្លុកនេះ និងបានថ្កោលទោសរុស្ស៊ីដោយខ្លួនឯង។ ប្រទេសដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងរឿងនេះគឺប្រទេសសិង្ហបុរី ដែលប្រទេសនេះបានប្រកាសអំពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងការរឹតត្បិតលើការនាំចេញទំនិញមួយចំនួនដែលអាចប្រើជាអាវុធប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ប្រទេសផ្សេងៗទៀតបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនេះ ប៉ុន្តែមិនបានដាក់ទណ្ឌកម្មណាមួយទេ។
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសធំជាងគេបង្អស់នៅអាស៊ីអាគេ្នយ៍ បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថា «មិនអាចទទួលយកបាន» ប៉ុន្តែមិនបានលើកឡើងពីប្រទេសរុស្ស៊ីឱ្យចំនោះទេនៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការរបស់ខ្លួន។
រីឯប្រទេសហ្វីលីពីននិងប្រទេសព្រុយណេវិញក៏ដូចគ្នានេះដែរ។
ចំណែកឯបណ្ដាប្រទេសអាស៊ានផ្សេងទៀតមិនបានចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួនណាមួយនោះទេ ប៉ុន្តែបានចូលរួមជាមួយនឹងសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២ ខែមីនា ក្នុងការថ្កោលទោសរុស្ស៊ី។ សេចក្ដីសម្រេចនោះមានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រទេសចំនួន ១៤១។
លោក Gregory Polling ប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលសិក្សាកិច្ចការយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បាននិយាយថា៖ «ភាគច្រើន យើងឃើញថា បណ្ដាប្រទេសប្រជាធិបតេយ្យនិងប្រទេសដែលភាគច្រើនស្របទៅតាមបស្ចិមប្រទេស គឺជាប្រទេសដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនេះដោយខ្លួនឯងយ៉ាងច្បាស់លាស់។ ចំណែកឯប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជាវិញ គឺថ្កោលទោសការឈ្លានពាននេះនៅក្រោមដំបូលរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ»។
ក្រៅពីប្រទេសរុស្ស៊ី ប្រទេស ៤ ផ្សេងទៀតដូចជាបេឡារុស កូរ៉េខាងជើង អេរីត្រេ និងស៊ីរី បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ប្រទេស ៣៥ ទៀតបានបោះឆ្នោតអនុប្បវាទ ដែលក្នុងនោះមានទាំងប្រទេសវៀតណាម និងឡាវ ដែលជាប្រទេសសមាជិកអាស៊ានផងដែរ។
លោក Polling បានបញ្ជាក់ថា៖ «ប្រទេសវៀតណាមជាប់គាំងនៅក្នុងគោលជំហរដ៏ពិបាកសម្រេចចិត្តមួយ ដោយសារយោធាទាំងមូលរបស់ខ្លួនប្រើប្រាស់សព្វាវុធរបស់រុស្ស៊ី។ រីឯប្រទេសឡាវវិញគឺនៅប្រកាន់គោលគំនិតសម័យសហភាពសូវៀតជាងប្រទេសផ្សេងៗទៀត ហើយនៅតែមានទំនាក់ទំនងជិតស្និទ្ធបំផុតផ្នែកយុទ្ធសាស្ត្រជាមួយនឹងរុស្ស៊ី»។
អ្នកតំណាងប្រទេសមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ដែលដើរតួតំណាងឱ្យរដ្ឋាភិបាលនិរទេសមីយ៉ាន់ម៉ា បានបោះឆ្នោតគាំទ្រលើសេចក្ដីសម្រេចអង្គការសហប្រជាជាតិប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនេះ។
ទោះជាយ៉ាងនេះក្ដី របបយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋធានីណៃពិដោបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលរុស្ស៊ី។
លោកនាយឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹង VOA ភាសាភូមា ថា៖ «ប្រទេសរុស្ស៊ីបានធ្វើការដើម្បីពង្រឹងអធិបតេយ្យ ភាពរបស់ខ្លួន»។
លោកបានបន្ថែមថា ការគាំទ្ររបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានេះគឺជា «រឿងត្រឹមត្រូវដែលត្រូវធ្វើ» ដើម្បីបង្ហាញថា «ប្រទេសរុស្ស៊ីគឺជាមហាអំណាចពិភពលោក»។
លោក Joshua Kurlantzick អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៃអង្គការក្រុមប្រឹក្សាទំនាក់ទំនងបរទេស (Council on Foreign Relations) បានប្រាប់ VOA ថា៖ «របបយោធាមីយ៉ាន់ម៉ាបានខិតកាន់តែជិតទៅរករដ្ឋាភិបាលរុស្ស៊ី។ ដូច្នេះ វាគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលរបបយោធានេះបានសរសើរកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី»។
មូលហេតុមួយដែលធ្វើឱ្យអាស៊ានប្រេះស្រាំគឺកិច្ចប្រឹងប្រែងរបស់ប្រទេសនីមួយៗនៅក្នុងការរក្សាតុល្យភាពអំណាចនៅក្នុងតំបន់។
លោក Aaron Connelly អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាកិច្ចការយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានលើកឡើងថា៖ «បណ្ដាប្រទេសអាស៊ានភាគច្រើនប្រើទំនាក់ទំនងរបស់ពួកគេជាមួយនឹងរុស្ស៊ីមួយផ្នែកដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ប្រទេសអាស៊ានជាច្រើនមានការរារែកនៅក្នុងការកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងរុស្ស៊ី ដោយសារតែវាជាផ្នែកមួយនៃវិធីដែលពួកគេធ្វើពិពិធភាពទំនាក់ទំនងរបស់ខ្លួននៅលើពិភពលោក»។
ដោយសារតែអាស៊ានមានឥទ្ធិពលតិចតួចផ្នែកភូមិសាស្ត្រនយោបាយ លោក Connelly បានចង្អុលបង្ហាញថា នៅចុងឆ្នាំនេះ ប្រទេសកម្ពុជាដែលជាប្រធានប្ដូរវេទរបស់អាស៊ាននៅពេលបច្ចុប្បន្ននឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសថៃនឹងរៀបចំកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ហើយប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំកិច្ចប្រជុំរបស់ក្រុមប្រទេស G-20។
កិច្ចប្រជុំទាំងនេះគឺមានការរួមបញ្ចូលទាំងប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែប្រសិនបើសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ប្រទេសដែលរៀបចំកិច្ចប្រជុំទាំងនេះនឹងរងសម្ពាធខ្លាំងក្លាពីក្រុមបស្ចិមប្រទេសឱ្យរារាំងរុស្ស៊ីមិនឱ្យចូលរួមនៅក្នុងកិច្ចប្រជុំទាំងនេះ។
ស្របពេលនេះដែរ ប្រទេសចិនមានការប្រយ័ត្នប្រយែងនៅក្នុងការឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយមិនបានបង្ហាញការគាំទ្រច្បាស់លាស់ ឬក៏មិនបានថ្កោលទោសណាមួយចំពោះការឈ្លានពាននេះ។
អ្នកវិភាគនានាបាននិយាយថា រដ្ឋាភិបាលចិនកំពុងសម្លឹងមើលលើវិបត្តិអ៊ុយក្រែនដោយក្ដីបារម្ភ ប៉ុន្តែចង់ឃើញឱ្យមានដំណោះស្រាយដោយសន្តិវិធី។
លោក Sergey Radchenko សាស្ត្រាចារ្យកំពូលប្រចាំកម្មវិធី Wilson E. Schmidt នៅមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់នៃសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា៖ «ចិនមិនចូលចិត្តហានិភ័យនោះទេ។ ប្រសិនបើវិបត្តិអ៊ុយក្រែននេះបានបង្រៀនពួកគេអំពីអ្វីមួយ អ្វីនោះគឺថា មានផលវិបាកធ្ងន់ធ្ងរចំពោះការធ្វើរឿងឆ្កួតៗ»។
លោកបានប្រាប់ VOA ថា៖ «លោក Putin បានប្រើប្រាស់សង្គ្រាមនេះដើម្បីគាំទ្រអនាគតរបស់រុស្ស៊ី ហើយលោកហាក់ដូចជាកំពុងបរាជ័យនៅពេលនេះ។ ដូច្នេះ រដ្ឋាភិបាលចិនកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យរុស្ស៊ីត្រឡប់ទៅរកសភាពដើមវិញ ប្រហែលជាអាចតាមរយៈការសម្រុះសម្រួល»៕
VOA ភាសាភូមា និងលោក អូន ឆេងប៉រ នៃវីអូអេភាសាខ្មែរ ចូលរួមចំណែកដល់សេចក្ដីរាយការណ៍នេះ។ ព័ត៌មានមួយចំនួនត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក នៀម ឆេង