សហរដ្ឋអាមេរិក និង​ឥណ្ឌា​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ច្រើន​នៃ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​សម្រាក​បន្ដិច​ក្នុង​ម៉ោង​សម្រាក មុន​នឹង​បន្ដ​ធ្វើ​តេស្ត​រក​ជំ​ងឺ​កូវីដ១៩​ ឲ្យ​ពលរដ្ឋ​ដែល​រង់ចាំ​ធ្វើ​តេស្ត នៅ​ក្រុង Houston រដ្ឋ តិចសាស ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ២០២០។​

មជ្ឈមណ្ឌល​ផ្ដល់​ទិន្នន័យ​អំពី​ជំងឺ​កូវីដ១៩ របស់​សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨៦.០៥៤ ករណី​ក្នុង​រយៈពេល ២៤ ម៉ោង ខណៈ​ដែល​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៥៥.០៥៤ ករណី។

នៅ​ក្នុង​សហរដ្ឋអាមេរិក ជំងឺ​កូវីដ១៩ បាន​ឆ្លង​រាលដាល​ដល់ «តំបន់​ភាគ​កណ្ដាល» នៅ​ក្នុង​ប្រទេស ដែល​តំបន់​នេះ​ហាក់​ដូចជា​មិន​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​តំបន់​ភាគ​ឦសាន ភាគ​ខាង​ត្បូង និង​ភាគ​ខាង​លិច​មាន​ការ​ឆ្លង​រាតត្បាត​ខ្លាំង​កាល​ពី​ដើម​ឆ្នាំ​នេះ។ ឥឡូវ​នេះ រដ្ឋ North Dakota រដ្ឋ South Dakota រដ្ឋ Iowa និង​រដ្ឋ Wisconsin បាន​រងគ្រោះ​ខ្លាំង​ពី​ជំងឺ​កូវីដ១៩ នេះ។

ចំណែក​ឯ​សហភាព​អឺរ៉ុប​ឯណោះ​វិញ កំពុង​ជួប​ប្រទះ​នូវ​រលក​ថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ទូទាំង​ទ្វីប​នេះ ដាក់​ការ​រឹតត្បិត​ជា​ថ្មី​ទៅ​លើ​ពលរដ្ឋ និង​អាជីវកម្ម​នានា។

នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ជិត ៣៣ លាន​ករណី។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ចំនួន​ជាង ៧ លាន​ករណី ហើយ​ឥណ្ឌា​មាន​ករណី​ឆ្លង​ជិត ៦ លាន​ករណី។ ចំណែក​ឯ​ប្រេស៊ីល​វិញ មាន​ករណី​ឆ្លង​ជិត ៥ លាន​ករណី៕