អាមេរិក​និង​ឥណ្ឌា​ជួប​ពិភាក្សា​គ្នា​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​លោក Lloyd Austin ពិនិត្យ​មើល​កងឆ្មាំ​កិត្តិយស​យោធា​រួមគ្នា នៅពេល​លោក​ទៅ​ដល់​មជ្ឈមណ្ឌល Manekshaw សម្រាប់​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក Rajnath Singh ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​សហរដ្ឋអាមេរិកនិង​ឥណ្ឌា​ បានជួប​ប្រជុំ​គ្នា​ក្នុង​ទី​ក្រុង​ញូវដែលី ប្រទេសឥណ្ឌា​ ដើម្បី​ពិភាក្សាគ្នា​ជំរុញកិច្ចសហប្រតិបត្តិការការពារ​ជាតិ គឺ​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក Narendra Modi ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ខាង​មុខ​នេះ។ ​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក Rajnath Singh បាន​បង្ហោះ​សារ​លើ Twitter ​ថា ការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិសហរដ្ឋ​អាមេរិក​លោក​ Lloyd Austin រួម​មាន​ការ​បញ្ចូល​គ្នា​នូវ​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ និង​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​ផង​ដែរ។​ ​

លោក​ Singh ​បាន​បន្ថែម​ក្នុង​សារ​បង្ហោះ​នោះ​ទៀត​ថា៖​ «ភាព​ជា​ដៃគូ​រវាង​ឥណ្ឌា​និង​អាមេរិក​ ​មាន​សារៈសំខាន់​ ដើម្បី​ធានាឱ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​មាន​ការ​គ្រប់គ្រង​ទៅ​តាម​ច្បាប់​ សេរី​និង​ការ​បើក​ចំហ។ យើងទន្ទឹង​រង់​ចាំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយសហរដ្ឋអាមេរិក​ លើ​គ្រប់វិស័យ​ទាំង​អស់​ ដើម្បីបង្កើត​សមត្ថភាពនិង​ពង្រឹងភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើងបន្ថែម​ទៀត»។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក​ លោក​ Austin​ ​បានពោល​សរសើរ​លោក​ Singh ​ក្រោយ​ជំនួប​ប្រជុំ​ថា​ ​សមភាគី​ឥណ្ឌា​របស់​លោក​ «បាន​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចសហការ​ ​សមយុទ្ធ​យោធា​រួម​គ្នា​ និង​ការ​ចែក​រំលែក​បច្ចេកវិទ្យារវាង​ប្រទេស​ទាំង​ពីរកាន់​តែ​ជ្រាលជ្រៅ​ថែម​ទៀត»។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ​មាន​គម្រោង​នឹងទៅ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ខាង​មុខ​នេះ។

សហរដ្ឋ​អាមរិកមាន​បំណងស្វះស្វែងពង្រឹង​ចំណង​ទាក់ទង​ជា​មួយ​ឥណ្ឌា​ ឱ្យ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ក្នុង​កិច្ចប្រឹងប្រែង​មួយ​ ដើម្បីប្រឆាំង​ទប់ទល់​នឹង​ឥទ្ធិពលរបស់​ប្រទេស​ចិន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។