សហរដ្ឋអាមេរិកនៅតែបន្តមានការឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតក្នុងពិភពលោក ដោយអាមេរិកមានករណីចំនួន ១១,៧ លានករណី បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកឆ្លងចំនួន ៩ លាននាក់ និងប្រទេសប្រេស៊ីលដែលមានជិត ៦ លានករណី។
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពនៃក្រុមគ្រូពេទ្យជំនាញចំនួន ៣ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យជនជាតិអាមេរិកស្នាក់នៅផ្ទះ ពេលប្រារព្ធបុណ្យរំឭកគុណThanksgiving នៅសប្តាហ៍ក្រោយ និងពិចារណាឡើងវិញអំពីការធ្វើដំណើរក្នុងអំឡុងថ្ងៃសម្រាកនេះ។
ពួកគេខ្លាចករណីជំងឺឆ្លង និងការស្លាប់អាចកើនឡើងខ្ពស់ ហើយមានអ្នកជំងឺច្រើនលើសលប់នៅមន្ទីរពេទ្យ ប្រសិនបើជនជាតិអាមេរិកមិនបន្ថយគម្រោងធ្វើដំណើរជួបជុំគ្រួសារតាមប្រពៃណីបុណ្យរំឭកគុណ Thanksgiving នោះទេ។
សេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង CDC បានជំរុញមិនឲ្យជនជាតិអាមេរិកធ្វើដំណើរទៅជួបមនុស្សជាទីស្រឡាញ់របស់ពួកគេ ប៉ុន្តែផ្ទុយទៅវិញ «ប្រារព្ធនៅផ្ទះជាមួយមនុស្សដែលអ្នករស់នៅជាមួយ»។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌល CDC នេះ បានកើតឡើងមួយសប្តាហ៍ មុនបុណ្យ Thanksgiving និងបន្ទាប់ពីជនជាតិអាមេរិកជាច្រើនបានរៀបចំធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាកនេះរួចទៅហើយ។
ចំណែកប្រទេសម៉ិកស៊ិកបានក្លាយជាប្រទេសទី ៤ ដែលមានអ្នកស្លាប់លើស ១០០.០០០ នាក់ ដែលតិចជាងតែចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកប្រេស៊ីលនិងឥណ្ឌាប៉ុណ្ណោះ។
ដោយឡែក ក្រសួងសុខាភិបាលក្រិកនៅទ្វីបអឺរ៉ុបវិញបាននិយាយថា ការកើនឡើងនៃជំងឺកូវីដ១៩ នៅភាគខាងជើងប្រទេស បានបង្ខំឲ្យក្រសួងចូលកាន់កាប់គ្លីនិកឯកជនចំនួន ២ និងបុគ្គលិករបស់ពួកគេនៅថ្ងៃសុក្រ ដោយសារចំនួនអ្នកជំងឺកូវីដ១៩ កើនហួសលទ្ធភាពមន្ទីរពេទ្យរដ្ឋ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រទេសរុស្ស៊ីក៏បានរាយការណ៍ពីចំនួនឆ្លងវីរុសថ្មីច្រើនបំផុតនៅថ្ងៃសុក្រ គឺ២ ៤.៣១៨។ ករណីជាង ៦.០០០ ស្ថិតក្នុងទីក្រុងមូស្គូ។ មន្ត្រីសុខាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនេះមានករណីជំងឺកូវីដថ្មីចំនួន ៤៥.៨៨២ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបនៅប្រទេសឥណ្ឌាកើនឡើងដល់ជាង ៩ លាននាក់។
នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃសុក្រ ជំងឺកូវីដ១៩ បានឆ្លងដល់មនុស្សជាង ៥៧ លាននាក់និងបានសម្លាប់មនុស្សជាង ១,៣ លាននាក់៕