លោក​ប្រធានា​ធិបតី​ដូណាល់​​ ត្រាំ សន្យា​ធ្វើ​ការដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​​នៅក្នុង​ការ​​ឆ្លើយ​តប​ដល់​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាង​ជើង

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ថា អាមេរិក​នឹង​ដាក់​ប្រទេស​កូរ៉េ​ខាង​ចើង​ជា​រដ្ឋ​ឧបត្ថម្ភ​ដល់​អំពើ​ភេរវកម្ម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ទណ្ឌកម្ម​ដ៏សំខាន់​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​កូរ៉េ​ខាងជើង ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​កាំជ្រួចមីស៊ីល​បាល់លីស្ទិក​អន្តរទ្វីប​ដែល​ពួក​អ្នក​ជំនាញ​និយាយថា ​ទំនង​មាន​លទ្ធភាព​បាញ់​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​សារ​តាម​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​ពុធ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា ​លោក​បាន​និយាយ​ជាមួយ​លោក​ស៊ី ​ជីងពីង​ ប្រធានា​ធិបតី​នៃ​ប្រទេស​ចិន​អំពី​ «សកម្មភាព​បង្ក​ហេតុ‍»​ របស់​កូរ៉េ​ខាងជើង។ ប្រធានា​ធិបតី​ត្រាំ​បាន​សន្យា​ម្តង ទៀត​ថា «ស្ថានភាព​នោះ​នឹង​ត្រូវបាន​ដោះស្រាយ‍» ក៏ប៉ុន្តែ ​លោក​ប្រធានា​ធិបតី​មិនបាន​និយាយ​លម្អិត​ទេ។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ស្តី​ពីការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានា​ធិបតី​ចិនស៊ី ​ជីង​ពីង​ថា «លោក​ប្រធានា​ធិបតី​ត្រាំ​បានបញ្ជាក់​ពីការ​តាំង​ចិត្ត​របស់សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​ខ្លួន​របស់​យើង​និង​សម្ព័ន្ធ​មិត្ត​របស់​យើង​ពី​ការគំរាម​កំហែង​កាន់តែ​ខ្លាំង​ឡើង​ដែល​បណ្តាល​មក​ពី​របប​កូរ៉េ​ខាង​ជើង‍»។

សេចក្តី​ថ្លែងការណ៍​នោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹងដែរថា «លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បញ្ជាក់​ពី​ភាព​ចាំ​បាច់​សម្រាប់​ប្រទេស​ចិន​ប្រើប្រាស់​ឥទ្ធិពល​ទាំងអស់​ដើម្បី​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ចប់​ការ​បង្ករហេតុ​របស់​ខ្លួន​ហើយ​វិលត្រឡប់​ទៅ​កាន់​មាគ៌ា​ដើម្បី​ធ្វើ​មិនឲ្យ​មានអាវុធ​នុយក្លែអ៊ែ‍»។

កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​បាន​សាកល្បង​កាំជ្រួច​មីស៊ីល​ធុន Hwasong-15 ដែល​មាន​ក្បាល​កាំជ្រួចធំ​ដែល​មាន​លទ្ធភាព​បាញ់​ទៅ​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក៕