សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​អ្នកពាក់ព័ន្ធ​ការបញ្ជូន​និង​ផ្ទេរកុមារ​អ៊ុយក្រែន​ដោយ​បង្ខំ

  • ​Reuters

រូបឯកសារ៖ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ដែលមានទីតាំង​នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​បាន​ដាក់​ទណ្ឌកម្ម​លើមនុស្ស​និង​ស្ថាប័ន​ចំនួន​១៣​ ដែល​ខ្លួន​និយាយ​ថា​ ត្រូវ​បាន​រាយការណ៍ថា ​មាន​ជាប់ពាក់ព័ន្ធ​នឹងការ​បញ្ជូននិងផ្ទេរ​ដោយ​បង្ខំ​នូវ​កុមារ​អ៊ុយក្រែន​ជា​ច្រើន​នាក់​ ខណៈពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុង​បង្កើន​ការ​ដាក់​សម្ពាធទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ​ដែល​បាន​ចូល​ឈ្លានពានប្រទេស​អ៊ុយក្រែន​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters​។​ ​

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​បាននិយាយ​ថា​ សហរដ្ឋអាមេរិក​ក៏​កំពុង​ចាត់​វិធានការ​ផង​ដែរ​ ក្នុង​ការរឹត​បន្តឹងទិដ្ឋាការ​ដល់​ក្រុម​អាជ្ញាធរចំនួន​៣​នាក់​ ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹង​ការ​រំលោភ​សិទ្ធិមនុស្ស​លើ​ជនជាតិ​អ៊ុយក្រែន​ដែល​មិន​ទាន់​គ្រប់​អាយុ​។ ​

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ​Joe Biden បាន​សន្យានៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ដែល​កត់សម្គាល់ថ្ងៃ​ឯករាជ្យជាតិអ៊ុយក្រែន​ថា​ «រួម​ជា​មួយ​ដៃគូក្នុង​ទ្វីបអឺរ៉ុប​របស់​យើង​ យើង​គាំទ្រអ៊ុយក្រែន​ ក្នុង​ការ​ប្រយុទ្ធ​របស់​គេ​ដើម្បី​សេរីភាពនៅ​ពេល​នេះ ហើយ​យើង​នឹង​ជួយ​ពួក​គេ​ ​ក្នុង​រយៈពេល​យូរ​ទៅ​មុខទៀត»។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ប៉ាន់ស្មាន​ថា​ ក្រុម​អាជ្ញាធរ​រុស្ស៊ីបាន​បញ្ជូន ឬ​បម្លាស់​ទី​ដោយ​បង្ខំនូវ​កុមារ​អ៊ុយក្រែន​ប្រមាណ​ជាង​១៩​.៥០០នាក់​ពី​ផ្ទះ​របស់​គេ ចាប់តាំង​ពីរុស្ស៊ី​ចូលឈ្លានពានក្នុង​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២​មក។​

​ក្នុង​ចំណោម​បុគ្គល​និង​ស្ថាប័នដែល​ទទួល​រង​ការ​ដាក់​ទណ្ឌកម្មកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ គឺ​មាន​មជ្ឈមណ្ឌល​កុមារ​ Artek ដែល​ក្រសួង​ការបរទេស​អាមេរិកនិយាយ​ថា​ ជាជំរំរដូវ​ក្តៅគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​ Crimea ដែល​រុស្ស៊ីគ្រប់​គ្រង​។​ ​

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ មជ្ឈមណ្ឌល​កុមារ​ Artek​ ​បាន​ទទួលកុមារ​អ៊ុយក្រែន ហើយ​ដាក់​ពួក​គេក្នុង«​កម្មវិធីអប់រំ​ឡើងវិញសម្រាប់​ការ​ស្នេហាជាតិ» និង​បាន​រារាំង​ពួក​គេ​មិន​ឱ្យ​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​វិញ​ឡើយ។

នាយករបស់​មជ្ឈមណ្ឌល​ Artek ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែលទទួល​រង​ទណ្ឌកម្មកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ៕