សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីដល់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃចន្ទ ចំពោះអ្វីដែលអាមេរិកបាននិយាយថាគឺជាការបោះឆ្នោត «បន្លំ» ឲ្យលោកប្រធានាធិបតី Nicolas Maduro កាន់តំណែងម្តងទៀតសម្រាប់អាណត្តិទីពីរ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយដែលហាមឃាត់រាល់ពលរដ្ឋអាមេរិកាំងទាំងអស់មិនឲ្យជួញដូរប្រេងជាមួយនឹងប្រទេសវេណេស៊ុយអេឡានោះទេ។ ប្រទេសវេណេស៊ុយអេឡាគឺជាប្រទេសមួយដែលធ្លាប់ជាប្រទេសកំពូលខាងផលិតប្រេង។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃសេតវិមានបានថ្លែងទៅកាន់អ្នកកាសែតថា «បទបញ្ជាប្រធានាធិបតីនៅថ្ងៃនេះគឺបិទផ្លូវសម្រាប់អំពើពុករលួយមួយទៀត ដែលយើងបានសង្កេតឃើញថាកំពុងកើតមាន។ បទបញ្ជាប្រធានាធិបតីនេះមិនអនុញ្ញាតឲ្យមន្ត្រីវេណេស៊ុយអេឡាដែលពុករលួយលក់ទ្រព្យសម្បត្តិសាធារណៈជាថ្នូរនឹងអ្វីមួយនោះទេ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានហៅជ័យជម្នះរបស់លោក Maduro ថាជា «ការវាយប្រហារទៅលើរដ្ឋធម្មនុញ្ញនិងជាការប្រមាថដល់លទ្ធិប្រជាធិបតេយ្យដែលធ្លាប់មាននៅក្នុងប្រទេសវេណេស៊ុយអេឡា។ លុះត្រាតែរបបរបស់លោក Maduro ស្តារមាគ៌ាប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសវេណេស៊ុយអេឡា តាមរយៈការបោះឆ្នោតដោយសេរី យុត្តិធម៌ និងមានតម្លាភាព បើមិនដូច្នោះទេ រដ្ឋាភិបាលនៃប្រទេសនេះនឹងប្រឈមនឹងភាពឯកោពីសហគមន៍អន្តរជាតិ»។
លោក Pompeo បានប្រកាសថា «សហរដ្ឋអាមេរិកនិងបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យគាំទ្រពលរដ្ឋវេណេស៊ុយអេឡាហើយនឹងចាត់វិធានការសេដ្ឋកិច្ចនិងការទូតដើម្បីគាំទ្រដល់ការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ»៕