ស.រ.អា​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​អ៊ីរ៉ង់​ជុំវិញ​ការ​ធ្វើ​តេស្ត​មីស៊ីល​រយៈចម្ងាយ​វែង

រូប​ថត​បញ្ចេញ​ដោយ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួងការពារជាតិ​អ៊ីរង់​នា​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៥ បាន​បង្ហាញ​ពី​ការ​បង្ហោះ​គ្រាប់​មីស៊ីល​រយៈចម្ងាយវែង Emad ពី​​ទីតាំង​មិនប្រាប់​ទៅ​សាធារណៈ​មួយ។

ស.រ.អា​បានដាក់ទណ្ឌកម្មថ្មីៗ​ទាក់ទិន​ជាមួយ​នឹង​កម្មវិធី​កាំជ្រួច​មីស៊ីល​រយៈចម្ងាយ​វែង​របស់ប្រទេស​អ៊ីរ៉ង់​ នេះ​បើ​តាម​សេចក្តី​ប្រកាសរបស់​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា​កាល​ពី​ថ្ងៃ​អាទិត្យ​ តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​ការ​បញ្ជាក់ថា​ជនជាតិ​អាមេរិកាំង​មួយ​ចំនួន​ ដែល​បាន​ជាប់ឃុំឃាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​ត្រូវ​ដោះលែង ហើយ​កំពុងធ្វើដំណើរ​ទៅ​កាន់ទ្វីបអឺរ៉ុប។​

ស.រ.អា​នឹង​ដាក់​ទណ្ឌកម្ម​លើ​ពលរដ្ឋ​អ៊ីរ៉ង់​ប្រាំនាក់​ និង​បណ្តាញ​មួយ​នៃ​ក្រុម​ហ៊ុន​មួយ​ដែល​មានមូលដ្ឋាន​ក្នុង​ប្រទេស​អារ៉ាប់រួម និង​ចិន​ នៅ​ពេល​មានការ​ចោទ​ប្រកាន់​ថា​ ពលរដ្ឋ​ និង​ក្រុម​ហ៊ុន​នោះបាន​គាំទ្រ​កម្មវិធីកាំជ្រួច​មីស៊ីល​រយៈចម្ងាយ​វែង​របស់​អ៊ីរ៉ង់។​

រដ្ឋបាល​លោកអូបាម៉ា​បាន​ស្ងប់ស្ងាត់​ជា​ច្រើន​ខែ​មក​ហើយ​ក្នុង​ការឆ្លើយតប​ជា​សាធារណៈ​ទៅ​នឹង​ការ​ធ្វើ​តេស្ត​បាញ់​កាំជ្រួច​មីស៊ីលល​រយៈចម្ងាយ​វែង​ពីរ​ដោយ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់​កាលពី​ចុង​ឆ្នាំ២០១៥​ ដែល​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប។​ ការ​ធ្វើ​តេស្ត​បាញ់​កាំ​ជ្រួច​មីស៊ីល​រយៈចម្ងាយ​វែង​ទាំង​នេះ​បាន​នាំ​ឲ្យសមាជិកសភា​ស.រ.អា​អំពាវនាវ​ឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើរដ្ឋាភិបាល​ក្រុង​តេរ៉ង់។​

សេចក្តី​ប្រកាស​ដោយ​ក្រសួង​ហិរញ្ញវត្ថុស.រ.អា​ត្រូវ​បាន​ធ្វើឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ស.រ.អា​បាន​យល់ព្រម​លុប​ចោល​ការ​ដាក់ទណ្ឌកម្ម​ ដែល​មាន​ទាក់ទិន​នឹង​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់​តាម​រយៈកិច្ចព្រមព្រៀង​ពហុជាតិ​មួយ ដែលត្រូវ​បាន​សម្រេចកាល​ពី​ខែកក្កដា៕