ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា សេតវិមាន និងរដ្ឋសភា «មានភាពម៉ឺងម៉ាត់នៅក្នុងការសម្រុះសម្រួលគ្នា» លើកញ្ចប់ជំនួយលើកទីពីរសម្រាប់វិបត្តិជំងឺកូវីដ១៩។
អ្នកស្រី Pelosi ថ្លែងថា អ្នកស្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ និងថា អ្នកស្រីសង្ឃឹមថា អាចនឹងបន្តជជែកគ្នានៅថ្ងៃពុធនេះទៀត បន្ទាប់ពីលោក Mnuchin ត្រឡប់មកពីក្រៅប្រទេសវិញ។
អ្នកស្រី Pelosi បានឲ្យដឹងនៅក្នុងលិខិតមួយដែលផ្ញើទៅកាន់សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យថា៖ «កិច្ចសន្ទនារបស់យើងកាន់តែផ្ដល់នូវភាពច្បាស់លាស់ និងគោលគំនិតរួម ស្របពេលដែលយើងឈានកាន់តែជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ ថ្ងៃផុតកំណត់ ថ្ងៃនេះ បានអនុញ្ញាតឲ្យយើងឃើញថា ការសម្រេចចិត្តអាចធ្វើទៅបាន ហើយការជជែកគ្នាក៏អាចកើតមាន»។
អ្នកស្រី Pelosi បន្ថែមថា ភាគីទាំងពីរអំពាវនាវឲ្យប្រធានគណ:កម្មាធិការពាក់ព័ន្ធមួយចំនួននៃសភា «ដោះស្រាយភាពខ្វែងគំនិតគ្នារឿងចំនួនថវិកា និងការប្រើភាសា [នៅក្នុងសំណើច្បាប់កញ្ចប់ថវិកានោះ]»។
មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងនាំយកសំណើច្បាប់ណាមួយដែលជាលទ្ធផលនៃកិច្ចព្រមព្រៀង [រវាងសេតវិមាន និងរដ្ឋសភា] និងដែលអនុម័តដោយលោកប្រធានាធិបតី Donald Trump ទៅកាន់ព្រឹទ្ធសភាដើម្បីបោះឆ្នោត។
ប្រសិនបើការចរចាលើកនេះបរាជ័យ ឱកាសបន្ទាប់សម្រាប់ការចរចាលើកញ្ចប់ជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ នេះ នឹងធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំរបស់សភានៅខែវិច្ឆិកា និងខែធ្នូខាងមុខ ក្រោយការបោះឆ្នោត៕