សមាជិក​សភា​អាមេរិក​បីនាក់​ចូលរួម​បាតុកម្ម​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា

លោក Dana Rohrabacher សមាជិកសភា​សរអា​ចូលរួម​​ជា​មួយ​​ខ្មែរ​អាមេរិកាំង​​ទាមទារ​​ឲ្យ​​មាន​ការ​​ផ្លាស់​ប្តូរ​​នៅ​កម្ពុជា។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​យ៉ាងតិច​៥០០​នាក់​មកពី​តាម​បណ្តា​រដ្ឋនានា​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​វិមាន​រដ្ឋសភា​អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​កាលពី​ថ្ងៃពុធ​ ដើម្បី​ទាមទារ​ឲ្យមាន​ការ​រក​យុត្តិធម៌​ទាក់ទង​នឹង​លទ្ធផល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នឹង​គាំទ្រ​សេចក្តី​សម្រេចរបស់​ក្រុម​សមាជិក​សភា​ដែល​កំពុង​ពិនិត្យ​មើល​ពីការ​កាត់​ជំនួយ​របស់​ស.រ.អា.​មួយ​ចំនួន​ ប្រសិន​បើលទ្ធផល​នៃ​ការបោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ភាព​ដោយ​សេរី​ យុត្តិធម៌​ ត្រឹមត្រូវ​នោះ​ទេ។​ បាតុកម្ម​នេះ​បាន​ទាក់​ទាញឲ្យ​មាន​សមាជិក​សភា​ស.រ.អា.​ដ៏មាន​ឥទ្ធិពល​បីរូប​មក​ចូលរួម​ថ្លែង​ការណ៍​លើក​ទឹកចិត្ត​ពួកគេ​ផង​ដែរ។​

លោក​ព្រហ្ម សៅរិ៍នរ៉ា​( Prom Saunora)​ អ្នក​រៀបចំ​បាតុកម្ម​តវ៉ានេះ​ បាន​អះអាង​ ថា​ បាតុកម្ម​នេះ​គឺទាមទារ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា. ​សភា​ស.រ.អា.​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ស៊ើប​អង្កេត​ចំពោះ​លទ្ធផល​បោះឆ្នោត​ដែល​គេ​ចោទ​ថា​ មាន​ការ​គៃ​បន្លំ​និង​មិន​ធ្វើ​តាម​អនុសាសន៍​របស់​អ.ស.ប.។​

«ដាក់​គំនាប​ទី១​គឺគេ​អាច​នឹង​កាត់ជំនួយ។​ ទី២ ​គេអាច​នឹង​បា្រប់​ពួក​ស្រុក​ដទៃ​ ទៀត​ឲ្យធ្វើ​ដូចគ្នា​ដែរ​ ដូចជា​សហភាព​អឺរ៉ុប​ ប្រទេស​អាល្លឺម៉ង់​ ឬប្រទេស​ដទៃ​ ទៀត​ដែរ។​ ហ៊ុន សែន​គាត់ធ្លាប់​និយាយ​ថា​ គាត់មិន​ខ្លាច​ទេ​លុយ​១០០​លាន​ អី​ហ្នឹង។​ តែគាត់​មិនមើល​ឃើញ​ថា​ អ្នក​គេ​មកទិញ​ទំនិញ​ខ្មែរ​ច្រើន​ជាង​គេ​មួយឆ្នាំ​ជាង​២​ពាន់​លាន​ដុល្លារ​នោះ។​ នេះហើយ​ជា​ទម្ងន់មួយ​ ហើយ​សិនជា​ប្រទេស​ដទៃ​ទៀត ​ប្រទេស​អឺរ៉ុប​អី​ គេ​លែង​ទិញ​ទំនិញ​ខ្មែរ​ទាំងអស់​ហ្នឹង​គឺ​ថា​ រដ្ឋាភិបាល​ហ្នឹង​នឹង​ដួល​ជាដាច់​ខាត»។​
សភា​ស.រ.អា.​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ពីរ​ដាច់​ដោយឡែក​ពីគ្នា​គឺ​លេខ​១៦៣​និង​លេខ​៣១០ ​ដែល​មាន​ន័យ​ជារួម​ថា ​ប្រសិនបើ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ទេ ​នោះ​ស.រ.អា.​នឹង​កាត់​ជំនួយ​មួយ​ចំនួន​សម្រាប់​កម្ពុជា ។​

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​សាធារណ​រដ្ឋ​បីរូប​ដ៏មានឥទ្ធិពល​គឺលោក​ដាណារ៉ូរ៉ាប៊ែកគ័រ​ លោក​ស្ទីវ ឆាបុត​ និង​លោក​អេដ រ៉យ​បាន​ថ្លែង​រិះគន់​ដល់ការ​ដឹកនាំ​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅពេល​ថ្លែង​ទៅ​កាន់​ក្រុម​បាតុករ​ ដោយ​លោក​ចាត់ទុក​ថា​ ជា​ការ​ដឹកនាំ​ប្រទេស​របៀប​កុំម្មុយនីស​ផ្តាច់ការ ​កៀបសង្កត់​ពលរដ្ឋ​ឲ្យ​រង​ទុក្ខ​វេទនា។ ​ក្រុម​សមាជិក​សភា​ទាំង​នោះ​ថ្លែង​បន្ត​ថា ​ពលរដ្ឋ​កម្ពុជា​គួរ​ទទួល​បាន​ភាព​ធូរ​ស្រាល​ហើយ។ ​ពួក​គេ​បាន​អះអាង​ថា​ ការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​ការ​គំរាម​កំហែង​ ការ​គៃ​បន្លំ ​និង​មិន​ត្រឹមត្រូវ​មែន​ តែ​មាន​សេចក្តីរាយ​ការណ៍​មក​ថា ​គណបក្ស​ជំទាស់​នៅតែ​ឈ្នះ​ឆ្នោត។​

លោក​សមាជិក​សភា​ស.រ.អា.​គឺលោក​ស្ទីវ ឆា បុត ​(Steve Chabot) ​ប្រធាន​អនុគណៈ​កម្មការ​អាស៊ី​បាស៊ីហ្វិក​នៃ​គណៈ​កម្មការ​ការ​បរទេស​ស.រ.អា.​មកពី​រដ្ឋ​អូហៃយូ​ បាន​លើក​ទឹកចិត្ត​ដល់​ក្រុម​បាតុករ​ ដោយថ្លែង​កោត​សរសើរ​ដល់​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​នៅមុខ​វិមាន​សភា ​និង​បាតុករ​នៅឯ​សួន​ប្រជា​ធិបតេយ្យ​នៅ​ភ្នំពេញ​ដែល​តស៊ូ​ដើម្បី​សេរីភាព​ និង​ប្រជា​ធិបតេយ្យ​ និង​ទាមទារ​ការ​ស៊ើប​អង្កេតបញ្ហា​ភាពមិន​ប្រក្រតី​កើត​ចេញ​ពីការ​បោះឆ្នោត​ដែល​ធ្វើឲ្យ​មាន​លទ្ធផល​ប្រែប្រួល។​

«ខ្ញុំ​ចូលរួម​ការ​អំពាវនាវ​របស់​ពួកគេ​ដើម្បី​ឲ្យមាន​ការ​ត្រួត​ពិនិត្យ​មើល​ដោយ​ តម្លាភាព​ទៅ​លើ​បញ្ហាភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​ ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែនយល់ព្រម​រឿង​ត្រួត​ពិនិត្យ​នេះ។​ នេះជា​ពេលវេលា​ដែល​លោក​ហ៊ុន​ សែន​ត្រូវ​ទទួល​ខុសត្រូវ​ហើយ»។​

លោក​ថ្លែង​ថា ​លោក​នឹង​ប្តូរផ្តាច់​ដើម្បី​ការពារ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ កំពុង​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ​នេះ។​ លោក​ឆាបុត​ថ្លែង​ថា​ វាជា​ពេល​វេលា​ដែល​ ត្រូវ​បញ្ចប់​របបគ្រប់​គ្រង​ខុសច្បាប់​របស់​លោក​ហ៊ុន សែន​ហើយ។​

លោក​ដាណា រ៉ូរ៉ាបែកគ័រ​(Dana Rohrabacher)​សមាជិក​សភា​មក​ពី​រដ្ឋ​កាលីហ្វ័រ ញ៉ា​វិញ​ បាន​លើកទឹក​ចិត្ត​បាតុករ​ ដោយ​អះអាង​ថា ​ស.រ.អា.​ឈរ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​គឺ​មិន​យល់ព្រម​ជាមួយ​លោក​ហ៊ុន សែន​រឿងខុស​ពី​គោល​ ការណ៍​ទាំង​នេះ​ទេ។​ លោក​បាន​បន្ត​ដែរ​ថា​ លោក​ហ៊ុន ​សែន​ដឹកនាំ​ប្រទេស​យូរ​ហើយ​ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រកចិន​កុំម្មុយនីស។ ​ឥឡូវនេះ​ដល់ពេល​លោក​ ហ៊ុន សែន​ត្រូវ​ចាក​ចេញ​ពី​តំណែង​ហើយ។ ​

«យើង​គាំទ្រ​ប្រជា​ធិបតេយ្យ​ សេរីភាព ​យុត្តិធម៌​ និង​រដ្ឋាភិបាល​ដែល​ស្មោះត្រង់។​ លោក​ហ៊ុន​ សែន​មិន​អនុវត្ត​គោល​ការណ៍​ទាំងនេះ​ទេ។ ​ដូច្នេះ​លោក​ហ៊ុន សែន​ ត្រូវ​តែ​ចាកចេញ​ពីតំណែង​ហើយ»។​

ដោយ​ឡែក​លោក​សមាជិក​សភា ​អេដ រ៉យ ​(Ed Royce) ​ប្រធាន​គណៈ​កម្មការ​ ការ​បរទេស​នៃរដ្ឋ​សភា​ស.រ.អា.​មកពី​រដ្ឋ​កាលីហ្វ័រញ៉ា​ដែរ​ បាន​អះអាង​ថា​ ស.រ.អា.​ មាន​ការ​ធុញថប់​និង​ខកចិត្ត​ចំពោះ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ បញ្ហា​ខុសច្បាប់​ បញ្ហា​ មិន​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​

«រឿង​ទាំងនេះ​ហើយ​ដែល​ពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ​មុខវិមាន​សភា​ដើម្បី​ និយាយ​ថា​ គ្រប់គ្រាន់ គ្រប់គ្រាន់​ហើយ​សម្រាប់​លោក​ហ៊ុន សែន​ត្រូវ​ចេញ​ពី​ អំណាច​ហើយ។ ​ដូច្នេះ​ខ្ញុំមក​ទីនេះ​ គឺ​ដើម្បី​ចូលរួម​ការ​គាំទ្រ​របស់​ខ្ញុំ​ជាមួយ​អ្នក​ ទាំង​អស់គ្នា​ដើម្បី​ការ​ផ្លាស់​ប្តូរ​នៅ​ថ្ងៃ​អនាគត​(ទះដៃ​និង​ហ៊ោ)»។​

ប្រតិកម្ម​តប​ទៅនឹង​ការ​វាយ​ប្រហារ​របស់​សមាជិក​សភា​ស.រ.អា. ​លោក​ជាម យៀប ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ថា ​សមាជិក​សភា​ស.រ.អា.​មិនគួរ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​កម្ពុជា​ទេ។ ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ស.រ.អា.​ផ្សេង​ ហើយ​ច្បាប់​រដ្ឋ ធម្មនុញ្ញ​របស់​កម្ពុជា​ផ្សឹង។​ លោក​ជាម យៀប​បាន​បញ្ចេញ​ប្រតិកម្ម​ថា​ ការនិយាយ​វាយ​ប្រហារ​ឲ្យ​លោក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ពី​តំណែង​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ។​

«រឿង​ចុះ​ពីតំណែង ​ចុះពី​តំណែង​គឺគ្មាន​អ្វី​សម្រេចបាន​ទេ​ គឺមាន​តែ​សន្លឹក​ឆ្នោត​ទេ ​ដែល​សម្រេចបាន​គឺ​ប្រជា​ពលរដ្ឋ។ ​នេះ​ជា​ច្បាប់​របស់​កម្ពុជា​គឺ​អញ្ចឹង។​ ហើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរីនិយម​ ពហុបក្ស​ ដែល​ មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ យើង​មិនអាច​ធ្វើអី​បាន​ទេ។​ រឿង​នេះ​គឺ​ថា ​បើ​សម្តេច​ តេជោហ៊ុន​ សែន​ លោក​ជា​កាប់ពីតែន​ក្រុម​បាល់ទាត់​ បើលោក​ទាត់​បាល់​ចាញ់​ ឬ​យ៉ាង​ណាៗ​នោះ ​គ្មាន​ការ​គាំទ្រ​នោះ​ទេ។ ​តែខ្ញុំ​សូមជម្រាប​សួរ​ ថា​តើលោក​ខុស​ស្អី​ខ្លះ?​ ខុស​តែ​ជា​មួយ​ពួក​ប្រឆាំង​ដែល​ចង់​យកអ្វី​ដែល​ក្រៅច្បាប់​មក​និយាយ​តែប៉ុណ្ណោះ​ទេ»។​

លោក​ជាម យៀប​បាន​អះអាង​បន្ថែម​ថា​ បញ្ហា​ផ្តល់​ជំនួយ​គឺជា​សិទ្ធិ​របស់​ម្ចាស់​ ប្រទេស។ ​តែ​កម្ពុជា​មិនមែន​ធ្វើអ្វី​ខុស​ច្បាប់​ទេ​ ហើយ​លទ្ធផល​បោះឆ្នោត​ក៏​បាន​ ប្រកាស​ចេញ​ជា​ផ្លូវការ​រួច​ហើយ​ដែរ​ ដោយ​មិនអាច​ប្រែប្រួល​បាន​ទេ។​

លោក​ជាម យៀប​បាន​ហៅការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​អាមរិកាំង ​និង​ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ពី​សមាជិក​សភា​អាមេរិកាំង​មួយ​ចំនួន​នោះ​ថា​ ជា​សិទ្ធិ​បុគ្គល ប៉ុណ្ណោះ។​

«ហើយ​អារឿង​ថា​ មាន​សមាជិក​សភា​ពីរ​បី​នាក់​ចូលរួម​បាតុកម្ម​ជា​សិទ្ធិ​របស់​គេ​ តែ​គ្រាន់​តែ​ថា ​បីនាក់​ហ្នុង​មិនមែន​តំណាង​សភា​អាមេរិកាំង​ទាំងមូល​នោះ​ទេ។​ គេ​គ្រាន់តែ​ប្រើ​សិទ្ធិ​បុគ្គល​ចូលរួម​តែ​ប៉ុណ្ណោះ​ទេ។​ ខ្ញុំយល់​ឃើញ​អញ្ចឹង។​ ហើយ​ រឿង​ផ្តល់​ជំនួយ​នោះ​គឺជា​ធម្មតា​ទេថា ​ចំពោះ​ការ​យល់ឃើញ​របស់​ប្រទេស​ម្ចាស់​ ជំនួយ។​ តែគ្រាន់​តែ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ទទួល​ញតិ្ត​ពី​គ.ជ.ប. ​បាន​ផ្សាយ​ជាផ្លូវ​ការ​ហើយ។ ​នោះគឺជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​នៅក្នុង​រដ្ឋ​សភា​នៅ​កម្ពុជា។​ រឿង​ហ្នឹង​មិនអាច​ដើរ​ថយ​ក្រោយ​វិញ​បាន​ទេ»។​

លោក​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​មិន​បាន​ធ្វើ​ប្រតិកម្ម​តប​ទៅ​ នឹង​ការចោទ​ប្រកាន់​និង​ការ​វាយ​ប្រហារ​របស់​សមាជិក​សភា​ស.រ.អា.​ចំៗ​ទេ​អំពី​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ហើយនឹង​ការ​ចុះ​ចេញ​ពី មុខ​តំណែង ​តែ​លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា៖​ «ខ្ញុំ​ថា​ នេះ​គ្រាន់តែ​ជាការ​យល់​ដឹង ​និង​ឃើញ​ តាមរយៈ​អ្នក​ផ្តល់​ព័ត៌មាន​ជូន​លោក​ទេ។​ តែជោគ​វាសនា​របស់​កម្ពុជា​មិនមែន​ស្ថិត​នៅ​លើ​ស.រ.អា.​ទេ ​គឺស្ថិត​នៅ​លើអ្វី​ដែល​ជាឆន្ទៈ​និង​ជម្រើស​របស់​កម្ពុជា»។​

លោក​បាន​សង្កត់​ធ្ងន់​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​យកចិត្ត​ទុកដាក់​របស់​ស.រ.អា.​ ហើយ​កម្ពុជា​នៅតែ​ស្វាគមន៍​ជានិច្ច​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ ​ក៏ដូចជា​ភាពជា​ដៃ​គូ​នៅ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សិទ្ធិមនុស្ស ​ការ​អភិវឌ្ឍ​ប្រជា​ធិបតេយ្យ​ហ្នឹង​ឯង​ តែ​បាន​ រិះ​គន់​សមាជិក​សភា​ស.រ.អា.​ថា​ ពុំបាន​យល់ដឹង​ពី​នីតិវិធី​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​មិន​ទទួល​ស្គាល់​ការណ៍​ពិត​នៅកម្ពុជា​ ដែល​កំពុង​រីកលូត​លាស់​ផ្នែក​នីតិរដ្ឋ ​និង​ការ​អនុវត្តន៍​ច្បាប់។​

លោក​ម៉ៃ ប៊ែនជ៍(Mike Benge)​ជា​ពលរដ្ឋ​អាមេរិកាំង​ក្នុង​រដ្ឋ​វីជីនៀ​ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ដែរ។​ លោក​ធ្លាប់​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​ជា​ច្រើន​ឆ្នាំ​ក្នុង​ទស វត្យរ៍​១៩៨០​ពី​អតីត​កាល។​ លោក​បាន​ថ្លែង​ថា​ ថ្ងៃនេះ​មាន​សមាជិក​សភា​ស.រ.អា.​បីនាក់​មក​ចូលរួម​ តែយើង​ចង់​ឲ្យ​មានពួក​គេ​ជាច្រើនគាំទ្រ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ សេរីភាព​របស់​ពួកគេ​ពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់​អំណាច​បី​ទសវត្យរិ៍​មក​ហើយ​នេះ។​

«លោក​ហ៊ុន សែន​បាន​កាន់កាប់​ប្រទេស​កម្ពុជា​តាម​រយៈ​គោល​លទ្ធិ​នយោបាយ​ ម៉ៅ​និយម ​ដែល​បាន​មកពី​សង្គ្រាម​ចុង​អាវុធ។​ ឥឡូវនេះ​ លោក​ហ៊ុន សែន​ ប្រឈម​មុខ​នឹង​អំណាច​នយោបាយ​ថ្មីមួយ​ក្នុង​ប្រទេស​កម្ពុជា នោះគឺ​អំណាច​ ប្រជា​ពលរដ្ឋ»។​

ក្រុម​បាតុករ​បាន​ច្រៀង​ចំរៀង​ស្នេហាជាតិ​ លើក​បដារ​ជាច្រើន​ និង​ស្រែក​ឲ្យ​មាន​ការ​ ផ្លាស់ប្តូរ ​ហើយ​ទាមទារ​ឲ្យ​ស.រ.អា.​ជួយ​កម្ពុជា​ឲ្យ​មាន​ប្រជា​ធិបតេយ្យ​ ការ គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ពិត​ប្រាកដ។​

អ្នកស្រី​ស បុប្ផា​ អាយុ​៤៥​ឆ្នាំ ​រស់នៅ​រដ្ឋវីជីនៀ​ បាន​អះអាង​ថា ​អ្នកស្រី​មក​ធ្វើបាតុ កម្ម​នេះ​គឺដើម្បី​ឲ្យ​ស.រ.អា.​ជួយ​កៀប​សង្កត់​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​បញ្ហា​គៃ​បន្លំ​ការ​បោះឆ្នោត​ អំពើ​ពុក​រលួយ​និង​មាន​បញ្ហា​រំលោភ​សិទ្ធិ​ មនុស្ស ​និង​បញ្ហា​អំពើ​ឃោរឃៅ​ច្រើន​ទៀត។​

«ស.រ.អា.​អាច​ជួយ​ហ៊ុន សែន​ឲ្យ​ចុះ​ពី​តំណែង។​ ហើយ​ទៅអនាគត​ ស.រ.អា.​អាច​ជួយ​ជំនួយ​ច្រើន​ បើសិន​ជា​បាន​លោក​ឯក​ឧត្តម​សម រង្ស៉ី​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ស្រុក​ខ្មែរ។​ ស្រុកខ្មែរ​យើង​បាន​ជឿនលឿន​ល្អ​ គ្មានពុករលួយ​ គ្មាន​របប​កុំម្មុយនីស្ត​ និង​តែ​មាន​ប្រជា​ធិបតេយ្យ​ពិតៗ​ទៅ​អនាគត»។

ប្រទេស​កម្ពុជា​បាន​ធ្វើការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ២០១៣​ តែគណ បក្ស​ទាំងពីរ​ដែលបាន​ឈ្នះឆ្នោត​ ​បាន​ប្រកាស​ពីជ័យ​ជម្នះ​ផ្ទុយគ្នា​រៀងៗ​ខ្លួន។​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​៦៨​ អាសនៈ​ដែល​មាន​អាសនៈ​សរុប​១២៣​ក្នុង​សភា។ ​

គណបក្ស​សង្គ្រោះ​ជាតិ​របស់​ លោក​សម ​រង្ស៉ី​ និង​លោក​កឹម សុខា​វិញ​ បាន​អះអាង​ថា​ ខ្លួន​ទេ​ជា​អ្នក​ឈ្នះ​ការ​ បោះឆ្នោត​ ដោយ​បាន​ថ្លែង​ថា ​ខ្លួន​ទទួល​បាន​អាសនៈ​ចំនួន​៦៣។​

តាមច្បាប់​កម្ពុជា​គេ​ត្រូវ​ការ​សំឡេង៥០​ភាគរយ​បូកមួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​ស្មើ​នឹង​សំឡេង៦៣​អាសនៈ។​ សហគមន៍​អន្តរជាតិ​ និង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ដូច​ជា​ស.រ.អា.មិនទាន់​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ដែល​លោក ​ហ៊ុន សែន​នៃ​គណបក្ស​ប្រជាជន​ឈ្នះនោះ​ទេ។​ រដ្ឋាភិបាល​ស.រ.អា. ​ដូច​សមាជិក​សភា​ស.រ.អា.​មួយ​ចំនួន​ដែរ ​បាន​អំពាវនាវ​ឲ្យមាន​ការ​ស៊ើប​អង្កេត​រឿងភាព​មិន​ប្រក្រតី​នៅពេល​គណបក្ស​កាន់​អំណាច​នៅតែ​មិន​ព្រម​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ស្ថានប័ន​ឯករាជ្យ​នោះ៕​