គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាអាមេរិកកំពុងអំពាវនាវឲ្យលោកប្រធានាធិបតី Donald Trump បង្ហាញភស្តុតាងនៅថ្ងៃច័ន្ទស្អែកនេះ ដែលលោកបានលើកឡើងថា ទូរស័ព្ទនៅអាគារ Trump Tower ត្រូវបានគេលួចថតសំឡេង ក្នុងអំឡុងពេលយុទ្ធនាការប្រកួតប្រជែងតំណែងប្រធានាធិបតី។
លោកប្រធានាធិបតីបានថ្លែងឡូឡាតាមរយៈសារមួយនៅលើបណ្តាញសង្គម Twitter កាលពីសប្តាហ៍មុន ដោយថា លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានលួចថតសំឡេងទូរស័ព្ទនៅក្នុងអាគារ Trump Tower របស់លោក ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងអ្វីនោះទេ។ លោកប្រធានាធិបតីបានសរសេរសារនៅលើបណ្តាញសង្គម Twitter នោះថា៖«អាក្រក់ណាស់។ ទើបតែដឹងថាលោក អូបាម៉ា បានលួចថតសំឡេងទូរស័ព្ទរបស់ខ្ញុំ នៅក្នុងអាគារ Trump Tower មុននឹងខ្ញុំទទួលជ័យជម្នះ។ គ្មានអ្វីត្រូវបានរកឃើញនោះទេ។ នេះគឺជាការអនុវត្តបែប McCarthyism»។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា លោក Devin Nunes ដែលជាសមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ California ហើយនិងលោក Adam Schiff ដែលមកពីរដ្ឋ California ផងដែរនោះ បានផ្ញើលិខិតទៅកាន់លោក Trump ដើម្បីស្នើសុំភស្តុតាងដើម្បីគាំទ្រការអះអាងរបស់លោកដែលថា លោក អូបាម៉ា បានថតសំឡេងទូរស័ព្ទរបស់លោក។
អ្នកនាំពាក្យមួយរូបរបស់លោក អូបាម៉ា បានថ្លែងថា ការចោទប្រកាន់របស់លោក Trump គឺខុសតែម្តង។
លោក Trump មិនបានផ្តល់អត្ថាធិប្បាយអ្វីនោះទេទៅលើបញ្ហានៃការលួចថតសំឡេងទូរស័ព្ទ ចាប់តាំងពីលោកបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter នោះរួចមក។
តាមច្បាប់របស់អាមេរិក ប្រធានាធិបតីមិនអាចបញ្ជាឲ្យថតសំឡេងទូរស័ព្ធរបស់នរណាម្នាក់បាននោះទេ។ លោកត្រូវការ ការយល់ព្រមពីចៅក្រមសហព័ន្ធហើយលោកត្រូវផ្តល់ហេតុផលណាមួយឲ្យបានជាក់លាក់ ថាមូលហេតុអ្វីបានជាត្រូវតាមដានការហៅទូរស័ព្ទរបស់ពលរដ្ឋណាម្នាក់៕