គណៈកម្មការសិទ្ធិមនុស្សឈ្មោះ Tom Lantos នៃសភាជាតិអាមេរិកាំងនឹងរៀបចំសវនាការខ្លីមួយនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីស្តាប់អ្នកជំនាញបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។
សេចក្តីជូនដំណឹងរបស់គណៈកម្មការសិទ្ធិមនុស្សTom Lantos ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ហេតុផលដែលជំរុញឱ្យឈានដល់ការធ្វើសវនាការនេះដោយសារតែមេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាគឺលោក សម រង្ស៊ី ត្រូវបានគេបណ្តេញចេញពីសភាជាតិដោយគណបក្សកាន់អំណាចបន្ទាប់ពីមានការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងការវាយដំទាត់ធាក់លើអ្នកតំណាងរាស្រ្តចំនួនពីរនាក់។
គណៈកម្មការសិទ្ធិមនុស្សឈ្មោះ Tom Lantos បានបន្ថែមថា៖
«ល្បិចបំភិតបំភ័យដូចនេះគឺត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធនាការដ៏ទូលំទូលាយរបស់លោក ហ៊ុន សែន ដើម្បីបង្ក្រាបលើការរិះគន់រដ្ឋាភិបាល និងកំណត់លក្ខខណ្ឌសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០១៨»។
វាគ្មិនដែលត្រូវចូលមកធ្វើបទបង្ហាញមានអ្នកជំនាញសិទ្ធិមនុស្សមកពីអង្គការមួយចំនួនដូចជាអង្គការ Amnesty International អង្គការ Human Rights Watch និងបណ្តាញពលរដ្ឋខ្មែរដើម្បីកម្ពុជាជាដើម។
អ្នកតំណាងរាស្រ្ត James P. McGovern ជាសហប្រធាននៃគណៈកម្មការសិទ្ធិមនុស្ស Tom Lantos និងអ្នកតំណាងរាស្រ្ត Alan Lowenthal សមាជិកនៃគណៈកម្មការនេះនឹងមកចូលរួមធ្វើសុន្ទរកថាបើកកិច្ចប្រជុំនេះ។
នេះជាចំណាត់ការថ្មីមួយទៀតរបស់ស្ថាប័ននីតិប្បញ្ញត្តិសហរដ្ឋអាមេរិកចំពោះការវិវត្តន៍នយោបាយក្នុងប្រទេសកម្ពុជាដែលឈានមកដល់ដំណាក់កាលយ៉ាងតឹងតែង។
កាលពីថ្ងៃទី៣ ខែធ្នូ សមាជិកសភាចំនួន១៦រូបបានសរសេរលិខិតមួយទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឱ្យបញ្ឈប់ការយាយីរំខាន និងបំភិតបំភ័យគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលប្រទេសវិញដោយគ្មានការភ័យខ្លាច និងគ្មានការធ្វើទុក្ខបុកម្នេញ។
ស្រដៀងគ្នានេះដែរកាលពីចុងខែវិច្ឆិកា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ដល់សវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានដើរថយក្រោយហើយសហរដ្ឋអាមេរិកព្រួយបារម្ភពីការបោះឆ្នោតក្នុងពេលខាងមុខអាចនឹងឈានទៅដល់អំពើហិង្សា។
សហរដ្ឋអាមេរិកកំពុងតែផ្តោតការចាប់អារម្មណ៍លើទ្វីបអាស៊ី ហើយសភាជាតិមើលឃើញថា វាជាការផ្តល់ឱកាសមួយឱ្យផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាសិទ្ធិមនុស្ស និងមានការផ្លាស់ប្តូរក្នុងតំបន់នេះ៕