រដ្ឋសភា​សហរដ្ឋអាមេរិក​ចាត់​វិធានការ​ដើម្បី​​​ព្យាយាម​ដក​លោក​ប្រធានាធិបតី Trump ពី​តំណែង

រូបឯកសារ៖ ទិដ្ឋភាព​នៅ​ខាង​ក្រៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្ងៃ​លិច ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​គ្រប់គ្រងដោយគណបក្ស​ប្រជាធិបតេយ្យ​ គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោតនៅ​ថ្ងៃ​អង្គារ​នេះ​ លើ​សេចក្ដី​សម្រេច​ស្នើ​ឲ្យ​លោក​អនុ​ប្រធានាធិបតី Mike Pence និង​សមាជិក​គណ:រដ្ឋមន្ត្រី​របស់​លោក Trump ប្រើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ពួក​គេ ដើម្បី​ដក​លោក Trump ចេញ​ពី​តំណែង។​

និតិវិធីដែល​ត្រូវ​បាន​គេ​រំពឹង​ថានឹង​ត្រូវ​បាន​គេ​អនុម័ត​នេះ​ ទុក​រយ:ពេល​ ២៤​ ម៉ោង​ឲ្យ​លោក​អនុប្រធានាធិបតី​ Pence ដើម្បី​ឆ្លើយ​តប។

ទាំង​លោក Pence និង​សមាជិក​គណ:រដ្ឋ​មន្ត្រី​ទំាង​អស់របស់​លោក Trump គ្មាន​នរណា​ម្នាក់​បង្ហាញ​ពី​ការ​គាំទ្រ​សកម្មភាព​ទាក់ទង​នឹង​ការ​ប្រើប្រាស់​វិសោធនកម្ម​ទី​២៥ នៃ​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​អនុប្រធានាធិបតី​ និង​សមាជិកគណ:រដ្ឋ​មន្ត្រីភាគ​ច្រើន​ប្រកាស​ថា ប្រធានាធិបតី​ «អសមត្ថភាព​ក្នុង​ការ​ប្រើប្រាស់អំណាច​ និង​បំពេញ​កាតព្វកិច្ចបាន​តទៅ​ទៀត»។

លោក Trump និង​លោក Pence បាន​ជួប​គ្នា​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នៅ​ឯ​សេតវិមាន ជា​លើក​ដំបូង​ចាប់​តាំង​ពី​កុបករ​គាំទ្រ​លោក​ Trump សម្រុក​ចូល​វាយ​ប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន។​

រដ្ឋសភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ចាប់​ផ្តើម​នីតិវិធី​ការ​ដក​តំណែង​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​រយ:ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ដែល​លោក​បំពេញ​តួនាទី​ជា​ប្រធានាធិបតី​នេះ ដោយ​ចោទ​រូប​លោក​ពី​បទ «ញុះញង់​ឱ្យ​មាន​ការ​ប៉ះបោរ» នៅ​ក្នុង​ព្រឹត្តការណ៍​ដែល​ក្រុម​អ្នក​តវ៉ា​គាំទ្រ​រូប​លោក​បាន​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋអាមេរិក​កាល​ពី​សប្ដាហ៍​មុន ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ប្រែក្រឡាស់បរាជ័យ​ការ​បោះឆ្នោតរបស់​លោក Trump ដើម្បី​ក្លាយខ្លួន​ជា​ប្រធានាធិបតី​អាណត្តិទី២​ទៀត។

បើ​ទោះ​បី​ជា​អាណត្តិ​ប្រធានាធិបតី​បួន​ឆ្នាំ​របស់​លោក Trump នឹង​ផុត​កំណត់​ត្រឹម​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២០ ខែ​មករា ក៏ដោយ ក៏​សេចក្ដី​សម្រេចស្នើ​ដក​តំណែង​លោក​កម្រាស់​បួន​ទំព័រ​បាន​បញ្ជាក់​ថា​ លោក Trump បាន «បង្ហាញ​ឲ្យ​ឃើញ​ថា លោក​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ លទ្ធិប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ បើ​សិន​ជា​អនុញ្ញាត​ឲ្យ​នៅបន្ត​កាន់​តំណែង​ ហើយ​អាកប្បកិរិយា​របស់​លោក​មិន​សក្តិសម​នឹង​គោលការណ៍​ស្វ័យគ្រប់គ្រង និង​នីតិរដ្ឋ»៕