មេដឹកនាំ​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាងរាស្រ្ត​អាមេរិក​និយាយ​ថា ​មិន​មាន​ភស្តុតាង​ថា​លោក​អូបាម៉ា​លួច​ថត​សំឡេង​នៅ​ទីស្នាក់ការ​ប្រធានាធិបតី​ត្រាំ​ទេ

លោក Devin Nunes ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាងរាស្រ្ត ស្តាប់​ការ​ថ្លែង​របស់ Adam Schiff ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​វិមាន​សភា  Capitol Hill កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

ការ​អះអាង​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ថា ​អតីត​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​លួច​ថត​សំឡេង​របស់​លោក​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ខែវិច្ឆិកា​នោះ ​មិន​មាន​ភស្តុតាង​ទេ ​នេះ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មេដឹកនាំ​កំពូល​របស់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ។

​សមាជិក​សភា​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ លោក Devin Nunes ជា​ប្រធាន​គណៈកម្មការនោះ​បាន​និយាយ​ថា «យើង​មិន​មាន​ភស្តុតាង​ទេ។ ខ្ញុំ​មិន​គិត​ថា មាន​ការ​លួច​ថត​សំឡេង​នៅ​អាគារ Trump Tower ដែល​ជា​ទីស្នាក់​ការ​របស់​ប្រធានាធិបតី​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ទេ។

លោក Adam Schiffសមាជិក​សភា​តំណាងរាស្រ្ត​ និង​ជា​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​គណៈកម្មាធិការ​នោះ​បាន​និយាយ​ថា «មក​ទល់​ពេល​នេះ ​ខ្ញុំ​មិន​ឃើញ​មាន​ភស្តុតាង​ពី​ការ​លួច​ថត​សំឡេង​ដែល​បាន​បញ្ជា​ដោយ​លោក​អូបាម៉ា​ទេ។ មិន​មាន​ភស្តុតាង​ទេ។

លោក Nunes និង​លោក Schiff បាន​និយាយ​ថា ​ពួកអស់​លោក​កំពុង​រង់ចាំ​ព័ត៌​មាន​មក​ពី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​អំពី​ថា​តើ​ក្រសួង​នេះ​ដឹង​ពី​ការ​លួច​ថត​សំឡេង​លោក​ត្រាំ​ដែល​បាន​បញ្ជា​ដោយ​តុលាការ​ដែរ​ឬ​ទេ ក៏ប៉ុន្តែ ​បាន​និយាយ​ថា ​ពួក​អស់​លោកបាន​ដឹង​ថា មិន​មាន​ការ​លួច​ថត​សំឡេង​បែប​នេះ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​ពួកគេ​ទេ។ ការ​ស៊ើបអង្កេត​សភាបាន​ស្នើ​ឡើង​ដោយ​សេតវិមាន​បន្ទាប់​ពី​ប្រធានា​ធិបតី​ត្រាំ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​ការ​លួច​ថត​សំឡេង​នៅ​ក្នុង​អត្ថាធិប្បាយ​ក្នុង​ប្រព័ន្ធ Twitter កាល​ពី​ថ្ងៃ​ទី៤ ​ខែ​មីនា៕