ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាអាមេរិកបានថ្លែងកាលពីថ្ងៃចន្ទថា លោកមិនបានរកឃើញភស្តុតាងដែលបង្ហាញភាពមិនសុក្រឹតណាមួយរវាងក្រុមមន្ត្រីដែលធ្វើការនៅក្នុងយុទ្ធនាការប្រកួតចូលកាន់តំណែងនៅក្នុងសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយនឹងភ្នាក់ងាររបស់រុស្ស៊ីនោះទេ។
លោកបានបន្ថែមថា លោកមិនមានគម្រោងពង្រីកការស៊ើបអង្កេតទៅលើបញ្ហាដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរួចស្រាប់ទៅហើយនោះទេ។
លោក Devin Nunes ដែលជាសមាជិកសភាមួយរូបបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមិនអាចចេះតែដើរស្តីបន្ទោសគេនោះទេ»។
លោកកំពុងដឹកនាំការស៊ើបអង្កេតមួយចំណោមការស៊ើបអង្កេតចំនួន ៣ របស់សភាដែលស្វែងរកលទ្ធភាពនៃការពាក់ព័ន្ធរវាងលោក ត្រាំ និងរុស្ស៊ី ប៉ុន្តែមិនបានអំពាវនាវឲ្យមានការស៊ើបអង្កេតទ្រង់ទ្រាយធំជាងនេះនោះទេ។
ក្រុមតំណាងរាស្ត្រទាំងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាកំពុងស្វែងរកព័ត៌មានលម្អិតដែលរកឃើញដោយសហគមន៍ស៊ើបអង្កេតរបស់អាមេរិកដែលថា រុស្ស៊ីបានលូកដៃចូលទៅក្នុងការបោះឆ្នោតរបស់អាមេរិក ដើម្បីជួយឲ្យលោក ត្រាំ ឈ្នះលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស៕