រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​ដើម្បី​ដាក់​កំហិត​លើ​ទង្វើ​យោធា​ប្រឆាំង​អ៊ីរ៉ង់

រូបឯកសារ៖ ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ទទួលនាយករដ្ឋមន្រ្តីក្រិកនៅវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា​នឹង​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បង្គាប់​លោក​ប្រធានាធិបតី Donald Trump កុំ​ឲ្យ​ប្រើ​កម្លាំង​យោធា​ដើម្បី​ប្រឡូក​នៅ​ក្នុង​ជម្លោះ​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​ប្រកាស​អំពី​ការ​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​រិះគន់​រដ្ឋបាល​លោក Trump ទាក់ទិន​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​សប្ដាហ៍​មុន ដែល​បាន​សម្លាប់​មេបញ្ជាការ​កង​កម្លាំង Quds របស់​អ៊ីរ៉ង់​លោក Qassem Soleimani ដោយ​មិន​បាន​ប្រឹក្សា​យោបល់​ជាមុន​ជាមួយ​នឹង​សភា។

អ្នកស្រី​បាន​ហៅ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ថា​ជា​ទង្វើ «បង្ក​ហេតុ និង​មិន​មាន​លក្ខណៈ​សមាមាត្រ» ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​អាមេរិកាំង និង​មន្ត្រី​ការទូត​អាមេរិកាំង​នានា។

សេចក្ដី​សម្រេច​នេះ​ស្នើ​ឲ្យ​លោក Trump បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់ លុះ​ត្រា​ណា​សភា​បាន​ប្រកាស​ធ្វើ​សង្គ្រាម ឬ​ក៏​បាន​ផ្ដល់​ការ​អនុញ្ញាត​តាម​ច្បាប់ ឬ​ក៏​លុះ​ត្រា​ណា​ទង្វើ​យោធា​ដូច​នេះ​គឺ​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​សហរដ្ឋ​អាមេរិក ដែនដី​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​ទាហាន​អាមេរិកាំង ពី​ការ​វាយ​ប្រហារ​ណា​មួយ​ដែល​ជិត​នឹង​កើត​ឡើង។

អ្នកស្រី Pelosi បាន​ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​លោក Trump ត្រូវតែ​ធ្វើការ​ជាមួយ​នឹង​សភា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​បន្ធូរបន្ថយ​ជម្លោះ​ដ៏​មាន​ប្រសិទ្ធភាព​បន្ទាន់​មួយ ដែល​អាច​រារាំង​អំពើ​ហិង្សា​បន្ថែម​ទៀត»។ អ្នកស្រី​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល​មិន​អាច​ធ្វើ​សង្គ្រាម​បាន​ទេ»។

ដោយសារ​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នក​គ្រប់គ្រង​រដ្ឋសភា គេ​រំពឹង​ថា​វិធានការ​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​ងាយស្រួល។ ប៉ុន្តែ​គេ​នៅ​មិន​ច្បាស់​អំពី​វាសនា​របស់​សេចក្ដី​សម្រេច​នេះ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ៕