សហរដ្ឋអាមេរិកសង្ឃឹមថា ការសន្ទនាជាប្រចាំរបស់ខ្លួនជាមួយភាគីជម្លោះក្នុងបញ្ហាសមុទ្រចិនខាងត្បូង អាចនឹងកាត់បន្ថយភាពតានតឹង។ សហរដ្ឋអាមេរិក ចង់ឃើញគូភាគីទាំងអស់ដោះស្រាយទំនាស់នេះដោយសន្តិវិធី ដើម្បីផលប្រយោជន៍សន្តិភាពពិភពលោក។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តជួបពិភាក្សាជាប្រចាំជាមួយនឹងគូភាគីជម្លោះទាំងអស់ដែលទាមទារដែនកោះនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីអ្វីមួយដែលលោកអះអាងថា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងក្នុងតំបន់។ នេះជាការអះអាងរបស់លោក ស្កត់ ម៉ាស៊ែល (Scot Marciel) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិកនិងតំបន់អាស៊ានដែលបានផ្តល់កិច្ចសម្ភាសន៍មួយដល់វីអូអេក្នុងរាជធានីភ្នំពេញ ក្នុងពេលលោកបំពេញទស្សនកិច្ចដើម្បីជួបជាមួយមន្ត្រីកម្ពុជា។
លោក Marciel ថ្លែងថា៖ «យើងមានការសន្ទនាទៀងទាត់ជាមួយភាគីទាំងអស់ហើយយើងបានផ្លាស់ប្ដូរ យោបល់អំពីវិធីសាស្ត្រដែលប្រហែលជាអាចកាត់បន្ថយភាពតានតឹងបាន។ ប៉ុន្តែ ចំណាប់អារម្មណ៍សំខាន់របស់យើងគឺថា ពិភពលោកទាំងមូលមានផលប្រយោជន៍ចំពោះសន្តិភាពក្នុងដែនសមុទ្រចិនខាងត្បូង ហើយចង់ឃើញការ ដោះស្រាយបញ្ហាទាំងនេះធ្វើឡើងដោយសន្តិវិធីនិងមានលក្ខណៈការទូត។ ដូចនេះយើងនឹងបន្តនាំសារនេះទៅគ្រប់រដ្ឋធានីនិងរាជធានីដែលពាក់ព័ន្ធ»។
លោកថ្លែងបញ្ជាក់ចំៗឈ្មោះប្រទេសទាំងឡាយដែលពាក់ព័ន្ធនឹងជម្លោះទាំងនោះគឺ ប្រទេសចិននិងប្រទេសអាស៊ានមួយចំនួនដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ដែលស្ថិតក្នុងតំបន់ដែលរដ្ឋបាលលោកប្រធានាធិបតី សហរដ្ឋអាមេរិក បានកំណត់នៅប៉ុន្មានឆ្នាំថ្មីៗនេះថាជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មផងនោះ។
លោក ស្កត់ ម៉ាស៊ែល បានអះអាងថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូងពិតជារឿងដ៏សំខាន់។ តែសហរដ្ឋអាមេរិកប្រកាន់គោលជំហររបស់ខ្លួនដដែលគឺមិនលម្អៀងទៅរកប្រទេសណាមួយដែលមានជម្លោះក្នុងការទាមទារដែនកោះនៅសមុទ្រចិនខាងត្បូងនោះទេ។
លោកថ្លែងថា៖ «អ្វីដែលយើងនិយាយដដែលៗ អ្វីដែលសំខាន់គឺរបៀបនៃការដោះស្រាយជម្លោះតាមសន្តិវិធី ដោយប្រើយន្តការការទូតនិងតាមយន្តការច្បាប់។ មិនមែនដោយការបង្ខិតបង្ខំគំរាមកំហែងខាងសេដ្ឋកិច្ចនោះទេ។ ដូចនេះយើងប្រកាន់គោលជំហរជាប់លាប់ គឺដំបូងគាំទ្រឲ្យមានការចរចាអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង រវាងអាស៊ាននិងចិន ដែលនឹងកំណត់នូវច្បាប់ទម្លាប់នៃការប្រតិបត្តិមួយចំនួន។ ហើយយើងក៏អំពាវនាវឲ្យភាគីជម្លោះនិមួយៗចៀសវាងនូវសកម្មភាពដែលបង្កើនភាពតានតឹង ពីព្រោះវានឹងត្រូវប្រើប្រាស់ពេលវេលាមួយរយៈដើម្បីដោះស្រាយទំនាស់អធិបតេយ្យភាព ហើយវាពិតជាសំខាន់ណាស់ដែលជម្លោះត្រូវបានដោះស្រាយតាមសន្តិវិធីដោយភាគីម្ខាងៗ ចៀសវាងឲ្យបាននូវទង្វើដែលបង្កភាពតានតឹង»។
ប្រទេសចិនបង្ហាញការរំលោភបំពានលើប្រទេសនានាដែលទាមទារយកដែន កោះដែរនោះ ដោយបានប្រើកម្លាំងយោធាគំរាមដល់ប្រទេសសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិកទាំងនោះ ក្នុងតំបន់ដូចជាហ្វ៊ីលីពីន និងវៀតណាមជាដើម។ លោករដ្ឋមន្ត្រីការបរទេស ចន ឃែរី (John Kerry) បានព្យាយាមធ្វើឲ្យមានការសម្របសម្រួលមួយក្នុងពេលកិច្ចប្រជុំវេទិកាសន្តិសុខតំបន់ក្នុងប្រទេសភូមាក្នុងសប្តាហ៍ថ្មីៗនេះ ដោយស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សកម្មភាពបង្កជម្លោះ។
សំណើដែលមិនទាន់មានការគាំទ្រពេញលេញនេះ កើតឡើងក្រោយពេល ប្រទេសចិនបានដាក់ការដ្ឋានខួងប្រេងក្នុងដែនសមុទ្រដែលប្រទេសក្នុងតំបន់ អាស៊ានបានទាមទារជាកម្មសិទ្ធិផងនោះ។ បញ្ហានេះត្រូវគេសង្កេតឃើញថា បានបង្កទៅជាជម្លោះតានតឹងក្នុងតំបន់។ សំណើរបស់លោករដ្ឋមន្ត្រីការបរទេស ចន ឃែរី ត្រូវបដិសេធដោយប្រទេសចិន។ ហើយសមាជិកអាស៊ានខ្លះរារែកក្នុងការបង្ហាញជំហរនៅឡើយ។
ក្នុងសប្តាហ៍នេះលោក ស្កត់ ម៉ាស៊ែល បានធ្វើដំណើរទៅកាន់ប្រទេសបីក្នុងតំបន់ អាស៊ាន គឺថៃ កម្ពុជានិងវៀតណាម ដើម្បីអ្វីមួយដែលគេគិតថាជាការស្វះស្វែងរកឲ្យមានការគាំទ្រសំណើបញ្ឈប់ការបង្កជម្លោះក្នុងតំបន់ដែនសមុទ្រដែលមាន ជម្លោះ។ លោកម៉ាស៊ែលថ្លែងថា ក្នុងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស វៀតណាមទំនងជាមានការពិភាក្សាគ្នាអំពីជំហរវៀតណាមចំពោះបញ្ហាសមុទ្រ ចិនខាងត្បូងដែរ។
លោកថ្លែងប្រាប់វីអូអេថា៖ «បាទជារឿយៗខ្ញុំតែងតែនិយាយអំពីរឿងនេះពេលខ្ញុំនៅប្រទេសវៀតណាម។ យើងនឹងបញ្ជាក់ម្ដងទៀតនូវគោលជំហររបស់យើង និងអ្វីដែលយើងគិត។ ខ្ញុំច្បាស់ថា ប្រទេសវៀតណាមនឹងមានយោបល់ថា តើត្រូវសម្រួលភាពតានតឹងដោយវិធីណា។ យើងពិតជារីករាយនឹងស្ដាប់នូវយោបល់ទាំងនោះផងដែរ»។
បញ្ហាទាមទារដែនអធិបតេយ្យនៅដែនសមុទ្រភាគខាងត្បូងប្រទេសចិនបាន ក្លាយទៅជារឿងមួយដែលអាស៊ានត្រូវគេមើលឃើញថា គ្មានសាមគ្គីភាពនោះទេ។ ដោយសារប្រទេសអាស៊ានខ្លះដែលគ្មានជម្លោះផ្ទាល់ជាមួយចិនហាក់ដូចជាមិនសូវចង់ធ្វើសកម្មភាពអ្វីដែលបង្កវិវាទជាមួយចិនដូចប្រទេសដែលមានជម្លោះផ្ទាល់។
លោកនាយឧត្តមនាវី សាំញូអ៊ែល ឡុកលៀ (Samuel J. Locklear) មេបញ្ជាការ កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វ៊ិក បានថ្លែងនៅសប្តាហ៍នេះថា កងយោធាសហរដ្ឋអាមេរិកនិងចិន មានការប្រឈមមុខគ្នាខ្លះក្នុងតំបន់ខាងកើតនិងសមុទ្រចិនភាគខាងត្បូង។ តែលោកថា សហរដ្ឋអាមេរិកនឹងព្យាយាមធ្វើ កិច្ចសហប្រតិបត្តិការជាមួយចិនដើម្បីបន្ថយការប្រឈមមុខទាំងនោះ។
លោក Locklear ថ្លែងថា៖ «យើងនឹងបន្តធ្វើការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនឹងដៃគូរចិនរបស់យើងលើបញ្ហាដែលទាក់ទង ជាពិសេសបញ្ហាកម្លាំងសន្តិសុខផ្ទៃសមុទ្រនិងកម្លាំងយោធាថា តើយើងត្រូវប្រតិបត្តិការវិធីណាប្រកបដោយវិជ្ជាជីវៈរវាងគ្នានិងគ្នា។ ការធ្វើដូច្នេះគឺដើម្បីនឹងលុបបំបាត់លទ្ធភាពដែលអាចមានការយល់ច្រឡំ ហើយឈានដល់អ្វីដែលជាសកម្មភាពតានតឹងខ្លាំងឡើងនោះ»។
ប្រទេសអាស៊ាននិងចិនកំពុងតាក់តែងក្រមប្រតិបត្តិមួយដើម្បីស្វះស្វែងរកការ បញ្ចប់ជម្លោះដែនអធិបតេយ្យរវាងចិននិងអាស៊ាន ហើយនឹងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនយោបាយនិងសន្តិសុខ ស្ថិរភាពរវាងប្រទេសក្នុងតំបន់និងពិភពលោក។ អាស៊ានដែលមាននយោបាយមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកទាំង១០នោះ ហាក់ដូចជារួញរាក្នុងការដោះស្រាយបញ្ហាជម្លោះដែនអធិបតេយ្យនៅដែនសមុទ្រចិនខាងត្បូង នៅពេលចិនដែល មានឥទ្ធិពលក្នុងតំបន់ ជំរុញឲ្យមានការចរចាទ្វេភាគីជាមួយប្រទេសមានជម្លោះតែប៉ុណ្ណោះ។ តែប្រទេសអាស៊ានខ្លះបានអះអាងថា អាស៊ាន១០ប្រទេសដែលបានតាក់តែងក្រមប្រតិបត្តិរួមគ្នានោះ គួររួមគ្នាចរចាតាមរយៈពហុភាគីនិងតាមរយៈសំឡេងរួមតែមួយរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្រនេះជាមួយនឹងចិន៕