រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ថា ​ពេល​វេលា​នៃ​ការ​វាយ​ឆ្មក់​លើ​ជន​ចំណាក​ស្រុកជា «ពេលវេលា​មិន​គប្បី»

ទីភ្នាក់ងារ​អន្តោប្រវេសន៍​ និង​គយ​សហរដ្ឋ​អាមេរិក​ស្វែងរក​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​គ្មាន​ក្រដាស​ស្មាន នៅ​ក្នុង​ក្រុង Canton រដ្ឋ Mississippi កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​ស្តី​ទី​របស់​សហរដ្ឋ​អាមេរិក ​បាន​ការ​ពារ​កាល​ពី​ថ្ងៃ​អាទិត្យ​ចំពោះ​ការ​វាយ​ឆ្មក់​កាល​ពី​សប្តាហ៍​មុនលើ​រោងចក្រ​ផលិតម្ហូបអាហារ​នៅ​ក្នុង​រដ្ឋ​មីស៊ីស៊ីពី​ដើម្បី​ស្វែងរកជន​ចំណាក​ស្រុក​គ្មាន​ក្រដាស​ស្នាម​រាប់​រយ​នាក់ ​ក៏ប៉ុន្តែ ​បាន​ទទួល​ស្គាល់​ថា «ជាពេល​វេលា​មិន​គប្បី» ទើបតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​វាយ​ប្រហារ​ និង​សម្លាប់​ជន​ជាតិ Hispanics ២២​នាក់​នៅ​ក្នុង​ការ​បាញ់​ប្រហារនៅ​ក្នុង​ទីក្រុង El Paso ​រដ្ឋ​តិចសាស។

លោក Kevin MxAleenan រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិស្តីទី ​បាន​ប្រាប់​កម្មវិធី Meet the Press ​នៃ​បណ្តាញ​ទូរទស្សន៍ NBC ​ជន​ចំណាក​ស្រុក៦៨០​នាក់ ​បាន​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​វាយ​ឆ្មក់​លើ​ក្រុមហ៊ុន​ចំនួន៥ ​ជន​ចំណាក​ស្រុក​២រយនាក់​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។

រូបភាព​តាម​ទូរទស្សន៍ បាន​បង្ហាញ​ពី​កូន​ក្មេង​យំ​នៅពេល​ដែល​ពួកគេ​បាន​ដឹងថា ឪពុក​ម្តាយ​របស់​ខ្លួន​ត្រូវបានគេ​ឃុំខ្លួន​នៅ​ក្នុងការ​វាយ​ឆ្មក់​ហើយ​នឹង​មិន​អាច​ទៅ​ទទួល​ពួកគេ​បាន​នៅពេល​ដែល​ពួកគេ​ចេញ​ពីរៀនកាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។​ ក៏ប៉ុន្តែ ​លោក​ MxAleenan បាន​និយាយ​ថា ​ការវាយ​ឆ្មក់​នោះ ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្មុគ្រស្មាញ​បំផុត ហើយ​បញ្ហា​នៃ​ការ​ថែទាំ​កូនក្មេង​ត្រូវ​បាន​ពិចារណា។

​លោក ​បាន​និយាយ​ទៀត​ថា ​ជនអន្តោប្រវេសន៍៣២​នាក់ ​ដែល​ត្រូវបា​ន​ចាប់​ខ្លួន ​បាន​ត្រូវ​ដោះលែង​វិញក្នុង​រយៈ​ពេល​មួយ​ម៉ោង ​ហើយ២៧០​នាក់​ទៀតបាន​ដោះ​លែង​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ​ពីព្រោះ​តែ​ការ​ទាក់​ទិននឹង​ការថែទាំ​កូនក្មេង។

​គោលនយោបាយ​នៅ​ឯ​ទីភ្នាក់​ងារ​អន្តោប្រវេសន៍​ និង​គយ​សហរដ្ឋ​អាមេរិក ​ដែល​ជា ផ្នែក​មួយ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ ទាមទារ​ឲ្យ​កាត់​ទោស​ក្រុមហ៊ុន​ដែល​បាន​ជួល​ជនអន្តោ​ប្រវេសន៍​គ្មាន​ក្រដាសស្នាមដោយ​ចេតនា​មុនពេល​ចាប់​ខ្លួន​កម្មករ​ចំណាក​ស្រុក។​ក៏ប៉ុន្តែ ​លោក MxAleenan បាន​ឆ្លើយ​បង្វែ​សំណួរ​អំពី​ហេតុអ្វី​បាន​ជាកម្មករ​ទាំង​នោះ​ត្រូវ​ចាប់​ខ្លួន ​មិនមែន​ក្រុមហ៊ុន​នោះ៕