រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាមេរិក​និង​អភិបាល​រដ្ឋ Texas ប៉ះទង្គិច​គ្នា​រឿង​ជន​ចំណាក​ស្រុក​ហៃទី

យានយន្ត​សម្រាប់​អ្នក​យាមត្បាត​តាមព្រំដែន​នៅ​ច្រក​ចេញចូល Del Rio ក្នុង​អំឡុង​ពេល​បើក​ឡើង​វិញ​នៅ​ព្រំប្រទល់​អាមេរិក​និង​ប្រទេស​ម៉ិកសិក​នៅទីក្រុង​ Del Rio រដ្ឋ Texas កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។ (AFP)

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​លោក Alejandro Mayorkas និង​អភិបាល​រដ្ឋ Texas លោក Greg Abbott បាន​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​អំពី​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ បន្ទាប់ពី​ជន​អន្តោ​ប្រវេសន៍​ហៃទី​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ហើយ​ក្រោយមក​ត្រូវ​បាន​រំសាយ​ចេញ​ពី​ទីក្រុង Del Rio នៃ​រដ្ឋ Texas ជាប់​ព្រំដែន​ប្រទេស​ម៉ិកស៊ិក។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «Fox News Sunday» របស់​ទូរទស្សន៍ Fox News លោក Mayorkas បាន​ការពារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ភាព​វឹកវរ​នៅតាម​ព្រំដែន​នេះ ដោយ​បាន​និយាយ​ថា វា​ជា​ការ​អនុវត្ត​តាម​ច្បាប់​សហព័ន្ធ​និង​ស្របតាម​អ្វី​ដែល​គាត់​បាន​និយាយ​ថា​ ជា «ទម្លាប់​ប្រកប​ដោយ​មោទនភាព​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក» នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ជន​ចំណាក​ស្រុក​បរទេស​ចូល​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​និង​សុវត្ថិភាព គេច​ពី​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ។

ប៉ុន្តែ​លោក Abbott បាន​និយាយ​នៅក្នុង​បទ​សម្ភាសន៍​ដាច់ដោយ​ឡែក​មួយ​នៃ​កម្មវិធី​ដដែល​នេះ​ថា លោក Mayorkasនិង​លោក​ប្រធានាធិបតី Joe Biden បាន «ឈប់​តាំង​ខ្លួន» ជា​អ្នក​ការពារ​ព្រំដែន​ហើយ ហើយ​ផ្ទុយ​ទៅ​វិញ «បាន​ផ្ញើសារ​ប្រាប់​ពិភពលោក» ថា ព្រំដែន​សហរដ្ឋ​អាមេរិក​បើក​ចំហ។

លោក Abbott គឺជា​អ្នក​រិះគន់​ជា​យូរ​មក​ហើយ​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ជន​អន្តោ​ប្រវេសន៍​រាប់​ពាន់​នាក់​មក​ពី​ប្រទេស​ហៃទី​និង​តំបន់​អាមេរិក​កណ្តាល ដែល​ឆ្លងកាត់​ព្រំដែន​ភាគ​និរតី​ចូល​ទៅ​ក្នុង​រដ្ឋ​របស់​លោក។

ជនជាតិ​ហៃទី​ប្រមាណ ៣០.០០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រំដែន​សហរដ្ឋ​អាមេរិក​អស់​រយៈពេល ១៧ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា។ ពួកគេ​ភាគច្រើន​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ិកស៊ិក​និង​រស់នៅ​ក្នុង​ប្រទេស​នានា​នៃ​ទ្វីប​អាមេរិក​ខាងត្បូង​ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ បន្ទាប់ពី​គេច​ចេញ​ពី​គ្រោះ​រញ្ជួយដី​ដ៏​ធំ​នៅ​ប្រទេស​ហៃទី​កាលពី​ឆ្នាំ ២០១០។

ជន​ចំណាក​ស្រុក​ហៃទី​រាប់ពាន់​នាក់​នៅ​ទីបំផុត​បាន​ត្រឡប់​ទៅ​ប្រទេស​ម៉ិកស៊ិក​វិញ ហើយ​ជាង ២.០០០ នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ហៃទី​វិញ។

លោក Mayorkas បាន​និយាយ​ថា មនុស្ស ១២.០០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ពេល ៦០ ថ្ងៃ​សម្រាប់​ចាប់ផ្តើម​សវនាការ​សុំ​សិទ្ធិ​ជ្រកកោន ខណៈ​ជន​ចំណាក​ស្រុក​ហៃទី​ប្រហែល ៥.០០០ នាក់​ត្រូវ​បាន​ដាក់​នៅ​មួយ​កន្លែង​រង់ចាំ​ការ​កំណត់​ថា​តើ​ពួកគេ​គួរ​ត្រូវ​និរទេស​ឬ​គួរ​ត្រូវ​អនុញ្ញាត​ឱ្យ​សុំ​សិទ្ធិ​ជ្រកកោន៕