អាមេរិក​ដាក់​ទណ្ឌកម្ម​ចិន​ទាក់ទិន​នឹង​បញ្ហា​ហុងកុង និង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់

  • AP
    ​Reuters

រូប​ឯកសារ៖ ក្នុង​រូបថត​​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ទាហាន​ជើង​ទឹក​តៃវ៉ាន់ សម្តែង​គារវកិច្ច​​ចំពោះ​ប្រធានាធិបតី Tsai Ing-wen ក្នុង​អំឡុង​​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​មួយ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ដើម្បី​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​បង្រ្កាប​លើ​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​លក់​ឧបករណ៍​ទំនាក់ទំនង​យោធា​ទំនើប​ក្នុង​តម្លៃ ២៨០ លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ផងដែរ ក្រសួង​ការបរទេស និង​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ពួកគេ​ដាក់​ទណ្ឌកម្ម​សមាជិក ១៤ នាក់​នៃ​គណៈកម្មាធិកា​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ចិន ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​ណា​មួយ​ដែល​ពួកគេ​អាច​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​រារាំង​ពួកគេ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​បាន។

នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​នឹង​វិធានការ​ទាំង​នេះ​របស់​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចាត់ «វិធានការ​ម៉ឺងម៉ាត់​តបត​វិញ​ប្រឆាំង​នឹង​ទង្វើ​បែប​ព្យាបាទ​របស់​សហរដ្ឋ​អាមេរិក​ទាំង​នេះ ដើម្បី​ការពារ​សិទ្ធិ​អធិបតេយ្យ សន្តិសុខ និង​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន»។

អ្នកស្រី​ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​វិធានការ​ទាំង​នេះ​ចេញ។

មន្ត្រី​ចិន​ទាំង ១៤ នាក់​នោះ​មាន​ឈ្មោះ Wang Chen, Cao Jianming, Zhang Chunxian, Shen Yueyue, Ji Bingxuan, Arken Imirbaki, Wan Exiang, Chen Du, Wang Dongming, Padma Choling, Ding Zhongli, Hao Mingjin, Cai Dafeng និង Wu Weihua៕