សហរដ្ឋអាមេរិកបេ្តជ្ញាបោសសម្អាតគ្រាប់មីន និងគ្រឿងផ្ទុះសេសសល់ពីសង្រ្គាមនៅវៀតណាមទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំចេញដោយក្រសួងការបរទេសអាមេរិក។
យោងតាមរបាយការណ៍ «ដើរលើផែនដីដោយសុវត្ថិភាព» ឬTo Walk the Earth in Safety វៀតណាម ឡាវ និងកម្ពុជា កំពុងប្រឈមនឹងបញ្ហាក្នុងការបោសសម្អាតគ្រឿងផ្ទុះសេសសល់ពីសង្គ្រាមចេញដោយសុវត្ថិភាព។
អ៊ីរ៉ាក់គឺជាប្រទេសទទួលបានថវិកាជំនួយធំជាងគេបង្អស់ពីគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅរបស់រដ្ឋាភិបាលអាមេរិក ដោយទទួលបានទឹកប្រាក់ជាង ៦៧៥ លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩៣។ ប្រទេសទទួលបានជំនួយច្រើនជាងគេថ្នាក់កំពូលទាំងប្រាំបន្ទាប់ពីអ៊ីរ៉ាក់នោះគឺមានអាហ្វហ្គានីស្ថានជិត ៥៧៤ លានដុល្លារ ឡាវជាង ៣៥៥ លានដុល្លារ វៀតណាមជាង ២០៦ លានដុល្លារ និងកម្ពុជាជិត ១៩២ លានដុល្លារ។
បញ្ហាប្រឈមធំជាងគេបង្អស់នៅក្នុងគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅរបស់រដ្ឋាភិបាលអាមេរិកនៅវៀតណាម ឡាវ និងកម្ពុជា គឺរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានអាកាសធាតុក្តៅជាងមុន គ្រោះទឹកជំនន់ គ្រោះបាក់ដី និងគ្រោះរាំងស្ងួត។ នេះបើយោងទៅតាមរបាយការណ៍។
អ្នកស្រី Karen Chandler ឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការិយាល័យយោធានិងនយោបាយនៃក្រសួងការបរទេសអាមេរិក បានប្រាប់វីអូអេភាសាវៀតណាមកាលពីថ្ងៃអង្គារ ទី ៤ ខែមេសាថា៖
«មានផលវិបាកពីរ៖ ទី ១ គឺថា គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលពីមុនមកត្រូវកប់ក្នុង ដីបាត់ បានលេចចេញមក … ហើយភ្លាមៗអ្នកអាចឃើញនូវគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះបង្ហាញខ្លួន ពាសពេញទីនោះ ដោយសារការបាក់ដី... មួយទៀតគឺ វាធ្វើឲ្យការងារយឺតយ៉ាវ និងលំបាកជាងមុន»។
អ្នកស្រី Chandler បានពណ៌នាការងារបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះថាជា «ការលំបាកប៉ុន្តែជីវិតនិងសុខមាលភាពរបស់មនុស្ស លែងមានគ្រោះថ្នាក់ទៀត»។ ការទុកឲ្យគ្រឿងយុទ្ធភណ្ឌទាំងនេះបន្តមាន គឺបាន «ផ្តល់ផលវិបាកជាមហន្តរាយដល់ជនស៊ីវិល ដែលរស់នៅជិតកន្លែងគ្រោះថ្នាក់ទាំងនោះ»។ ការបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ ក៏បង្កើនសន្តិសុខស្បៀងអាហារ តាមរយៈការធ្វើឲ្យដីមានសុវត្ថិភាពសម្រាប់កសិកម្មផងដែរ។
សហរដ្ឋអាមេរិកគឺជាប្រទេសផ្តល់ហិរញ្ញប្បទានធំជាងគេតែមួយគត់ ចំពោះការកម្ទេចចោលនូវគ្រឿងយុទ្ធភណ្ឌទូទៅ។ ចាប់តាំងពីឆ្នាំ ១៩៩៣ សហរដ្ឋអាមេរិកបានចំណាយលុយជាង ៤ ពាន់ ៦ រយលានដុល្លារ សម្រាប់ប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏ដូចជា ការរាវរកនិងកម្ទេចចោលដោយសុវត្ថិភាពនៃអាវុធ និងគ្រឿងយុទ្ធភណ្ឌធុនតូចនិងស្រាលនៅក្នុងប្រទេសនិងតំបន់ជាង ១២០។ នេះបើយោងទៅតាមរបាយការណ៍។
នៅឆ្នាំសារពើពន្ធ ២០២២ អាមេរិកបានគាំទ្រការកម្ទេចចោលគ្រឿងយុទ្ធភណ្ឌទូទៅនៅក្នុងប្រទេសនិងតំបន់ជាង ៦៥ ជាមួយនឹងទឹកប្រាក់ជាង ៣៧៦ លានដុល្លារ។
សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជាង ៧៥៣ លានដុល្លារនៅក្នុងរយៈពេលបីទសវត្សរ៍មកនេះសម្រាប់គម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅនៅវៀតណាម ឡាវ និងកម្ពុជា។ ប្រទេសទាំងនេះទទួលបានហិរញ្ញប្បទានសម្រាប់គម្រោងនេះក្នុងទំហំច្រើនជាងគេបង្អស់នៅតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក។ ប្រទេសទាំងបីនេះទទួលបានទឹកប្រាក់ជិត ៧៥ លានដុល្លារសម្រាប់ឆ្នាំមុន។ ឡាវទទួលបានជាង ៤៥ លានដុល្លារ ស្របពេលវៀតណាមទទួលបានជាង ២០.២ លានដុល្លារ ហើយកម្ពុជាទទួលបានជាង ៩.៥ លានដុល្លារ។ នេះបើយោងទៅតាមរបាយការណ៍។
នៅពេលសំដៅទៅគម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាមេរិកកំពុងអនុវត្តនៅប្រទេសជាង ១២០ នៅលើពិភពលោក អ្នកស្រី Chandler បានថ្លែងប្រាប់វីអូអេថា៖
«វៀតណាមគឺជា គម្រោងដ៏យូរអង្វែងនិងខ្លាំងបំផុតរបស់យើង។ ជំនួយរបស់យើងនៅតំបន់អាស៊ីបូព៌ាប៉ាស៊ីហ្វិកសរុបមានប្រមាណ ៨២២ លានដុល្លារ ចាប់តាំងពីឆ្នាំ ១៩៩៣ និងប្រមាណ ១៦៨លានដុល្លារនៅក្នុងនោះជាជំនួយរវាងសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលវៀតណាម»។
ហិរញ្ញប្បទានសរុបដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យវៀតណាមមកទល់ពេលនេះគឺមានជាង ១៦៨ លានដុល្លារ។ នេះបើយោងទៅតាមរបាយការណ៍។
លោក Nguyen Hanh Phuc នាយករងមជ្ឈមណ្ឌលកំចាត់មីនវៀតណាម (VNMAC) ដែលសហការជាមួយក្រសួងការបរទេសអាមេរិកសម្រាប់គម្រោងបោសសម្អាតគ្រឿងយុទ្ធភណ្ឌទូទៅនៅវៀតណាម បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅក្រុងហាណូយ អំឡុងពេលទិវាអន្តរជាតិស្តីពីការយល់ដឹងពីគ្រាប់មីន កាលពីថ្ងៃទី ៤ ខែមេសាថា គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺ មាននៅលើដីទំហំប្រមាណ ៦.១ លានហិកតា។ ភាគច្រើននៃគ្រឿងយុទ្ធភណ្ឌគឺជាគ្រាប់បែកចង្កោមអាចសម្លាប់មនុស្សដែលនៅមានផ្តុំគ្នាក្នុងបណ្តាខេត្តភាគកណ្តាលជិតតំបន់សឬអតីតតំបន់គ្មានយោធា។ នេះបើយោងតាមរបាយការណ៍។
អ្នកស្រី Chandler បាននិយាយថា កិច្ចប្រឹងប្រែងនៃការបោសសម្អាតគឺផ្តោតលើ «ការបោសសម្អាតនៅខេត្ត Quang Binh និង Quang Tri …. ទាំងនេះជាបណ្តាខេត្តភាគកណ្តាលប្រទេស ដែលយើងឃើញមានសំណល់គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើនបំផុតជាកេរដំណែលពីសង្គ្រាមវៀតណាម»។
របាយការណ៍បាននិយាយថា បណ្តុំគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះក៏មាននៅផ្នែកនានាភាគខាងត្បូងវៀតណាម ដូចជា សំណល់មីនតាមបណ្តោយព្រំដែនភាគខាងជើងរវាងវៀតណាមនិងចិន ជាទីដែលប្រទេសពីរនេះបានប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៧៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីខែមេសាឆ្នាំមុនថា គ្រាប់បែកនិងគ្រាប់មីនបន្សល់ទុកដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្រោយសង្រ្គាមវៀតណាម បានសម្លាប់មនុស្សជាង ៤០.០០០នាក់ និងធ្វើឲ្យរបួស ៦០.០០០នាក់ ចាប់តាំងពីឆ្នាំ ១៩៧៥។
នៅឡាវ ភាគច្រើននៃគ្រឿងយុទ្ធភណ្ឌសេសសល់ពីសង្រ្គាមគឺមកពីយុទ្ធនាការទម្លាក់គ្រាប់បែកពីលើអាកាសរបស់អាមេរិក ប្រឆាំងនឹងក្រុមកុំម្មុយនិស្ត Pathet Lao ធ្វើឡើងអំឡុងពេលសង្រ្គាមវៀតណាម។ នេះបើយោងទៅតាមរបាយការណ៍កាលពីឆ្នាំ ២០១៩ ដោយទីភ្នាក់ងារស្រាវជ្រាវសភា ហៅថា «បញ្ហាកេរដំណែលសង្រ្គាមនៅតំបន់អាស៊ីអាគ្នេយ៍៖ គ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។ គ្រាប់បែកចង្កោមមិនទាន់ផ្ទុះបានស្ថិតនៅតាមបណ្តាខេត្តភាគច្រើននៅក្នុងប្រទេសឡាវ។
ឡាវបានទទួលប្រាក់ជំនួយជាង ៣៥៥ លានដុល្លារនៅឆ្នាំ ១៩៥៥ ពីសហរដ្ឋអាមេរិកសម្រាប់គម្រោងបោសសម្អាតអាវុធយុទ្ធភណ្ឌទូទៅ។ អំឡុងពេល «សង្រ្គាមស្រមោល» រវាងឆ្នាំ ១៩៦៤ និង ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជាងពីរលានតោនមកលើប្រទេសឡាវ ដោយធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសរងការទម្លាក់គ្រាប់បែកខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត បើប្រៀបធៀបចំនួនគ្រាប់បែកជាមួយនឹងចំនួនប្រជាជន។
យោងតាមរបាយការណ៍ នៅកម្ពុជា បន្ថែមពីគ្រឿងផ្ទុះសេសសល់ពីសង្គ្រាមវៀតណាម ជម្លោះផ្ទៃ ក្នុងដែលបានបញ្ចប់នៅឆ្នាំ ១៩៩៩ ក៏បានបន្សល់ទុកនូវគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ របាយការណ៍បាននិយាយថា ចំការមីនលាតសន្ធឹងធំធេងត្រូវបានបង្កើតឡើងដោយពួកខ្មែរក្រហម កងកម្លាំងខេមរភូមិន្ទ និងយោធាវៀតណាម និងថៃ អំឡុងពេលការប្រយុទ្ធគ្នា និងការចូលកាន់កាប់។
អ្នកស្រី Chandler បានថ្លែងថា៖ «យើងបានផ្តល់ប្រាក់ប្រមាណ ១៩១.៥ លានដុល្លារសម្រាប់ប្រតិបត្តិការបោសសម្អាតនៅកម្ពុជា ហើយប្រហែល ៩ លានដុល្លារក្នុងចំណោមនោះគឺ សម្រាប់ឆ្នាំនេះ»។
អ្នកស្រីបន្ថែមថា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបញ្ជូនក្រុមការងារដើម្បីផ្តល់ការហ្វឹកហ្វឺនដល់ក្រុមដោះមីនអ៊ុយក្រែន ពីព្រោះកម្ពុជាមានជំនាញក្នុងការប្រើប្រាស់ «ឧបករណ៍រាវរកមីនពិសេសផ្តល់ឲ្យដោយជប៉ុន»។ ឧបករណ៍នេះមានភាពទំនើបជាងឧបករណ៍ចាស់ៗរាវរកមីនផលិតដោយរុស្ស៊ី ដែលអ៊ុយក្រែនកំពុងប្រើប្រាស់ ស្របពេលខ្លួនកំពុងប្រយុទ្ធជាមួយនឹងកងកម្លាំងឈ្លានពានរុស្ស៊ី។
អ្នកស្រី Chandler បានប្រាប់វីអូអេភាសាខ្មែរ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយថា៖ «ជាមួយនឹងរដ្ឋាភិបាលកម្ពុជា វាពិតជាអាទិភាពសម្រាប់យើងក្នុងការអាចបន្តជួយកម្ពុជាបោសសម្អាតមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្រ្គាម ដើម្បីជាមធ្យោបាយមួយក្នុងការផ្តល់ដីធ្លីទៅដល់ពលរដ្ឋកម្ពុជាវិញ ក៏ដូចជា លើកកម្ពស់វឌ្ឍនភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហារ»៕
លោក សុខ ខេមរា នៃវីអូអេខេមរភាសា រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា