វិទ្យាស្ថានស្រាវជ្រាវចម្បងមួយអំពីប្រទេសចិននាពេលថ្មីៗនេះបាននិយាយថា កងកម្លាំងយោធាអាមេរិកបានបង្ហាញវត្តមានខ្លាំងក្លាខុសប្លែកពីមុននៅតំបន់សមុទ្រចិនខាងត្បូង ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វះស្វែងតាមដានការពង្រីកខ្លួនរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅដែនសមុទ្រនេះ។
របាយការណ៍ចុះផ្សាយកាលពីថ្ងៃទី ១២ ខែមីនា ឈ្មោះថា «របាយការណ៍មិនពេញលេញស្តីពីប្រតិបត្តិការរបស់យោធាអាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងឆ្នាំ ២០២០» បានសរសេរថា៖ «វត្តមានខ្លាំងក្លាគឺទំហំចំនួននិងរយៈពេលនៃសកម្មភាពនានារបស់យោធាអាមេរិក នៅក្នុងតំបន់កាលពីឆ្នាំ ២០២០ គឺកម្របានឃើញណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
«ជាដំបូងកងកម្លាំងយោធាអាមេរិកដែលត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រចិនខាងត្បូង គឺមានទំហំធំនិងឈរជើងរយៈពេលយូរ»។ នេះបើយោងទៅតាមរបាយការណ៍ចេញផ្សាយដោយគម្រោងគំនិតផ្តួចផ្តើមតាមដានស្ថានការណ៍យុទ្ធសាស្រ្តតំបន់សមុទ្រចិនខាងត្បូង។
បញ្ជាការដ្ឋានអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានមូលដ្ឋាននៅកោះហាវ៉ៃ បានបញ្ជាក់ថា នាវាចម្បាំងអាមេរិកបានធ្វើដំណើរចំនួន ១ ០លើកចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីឆ្នាំមុន ហើយកាលពីឆ្នាំ ២០១៩ មានការធ្វើដំណើរចំនួន ១០ លើកដូចគ្នាដែរ។
នាវាចម្បាំងអាមេរិកធ្វើដំណើរតែប្រាំលើកប៉ុណ្ណោះក្នុងមួយឆ្នាំៗ រយៈពេលពីរឆ្នាំជាប់គ្នា មុនឆ្នាំ ២០១៩។ កាលពីខែកក្កដាឆ្នាំមុន កងកម្លាំងដែនអាកាសអាមេរិកក៏បានបញ្ជាក់ពីការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 Stratofortress ដើម្បីចូលរួមជាមួយនឹងនាវាដឹកយន្តហោះចម្បាំងក្នុងសមយុទ្ធនៅតំបន់សមុទ្រចិនខាងត្បូងផងដែរ។
អ្នកនាំពាក្យបញ្ជាការដ្ឋានខាងលើនេះមិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយថា តើឆ្នាំ ២០២០ ជាឆ្នាំខុសប្លែកពីធម្មតា ឬយ៉ាងណាសម្រាប់យោធាអាមេរិក។
ក្រុមអ្នកវិភាគនិយាយថា កងកម្លាំងអាមេរិកបានពន្យឺតប្រកបដោយប្រសិទ្ធភាពនូវការដាក់ពង្រាយយោធារបស់ចិននៅតំបន់សមុទ្រចិន ហើយក៏បានបន្សាបរាល់មហិច្ឆតាណាមួយរបស់ចិន ក្នុងការពង្រីកឬកាន់កាប់កោះតូចៗនៅទីនោះដែរ។
ប្រទេសព្រុយណេ ម៉ាឡេស៊ីហ្វីលីពីន កោះតៃវ៉ាន់ និងវៀតណាម បានតវ៉ាប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងលើតំបន់ផ្លូវទឹកទំហំ ៣,៥ លានគីឡូម៉ែត្រការេ៉នោះ។ ប្រទេសចិនមានកងកម្លាំងប្រដាប់អាវុធខ្លាំងជាងគេបង្អស់នៅក្នុងតំបន់ ដែលជំរុញឲ្យបណ្តាប្រទេសភាគីទាមទារដទៃទៀតងាកទៅរកសហរដ្ឋអាមេរិកដើម្បីសុំការគាំទ្រ។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី ដែលមានជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា៖ «ការណ៍ពិត គឺប្រាកដណាស់ ចិនចង់ក្តោបយកឥទ្ធិពលនិងបង្កើតតំបន់ខែលមួយ ហើយពិតណាស់សហរដ្ឋអាមេរិកកំពុងតែព្យាយាមបន្សាបឥទ្ធិពលនិងបំបែកតំបន់ខែលនេះ»។
រដ្ឋាភិបាលក្រុងប៉េកាំងបានលើកឡើងនូវកំណត់ត្រាការប្រើប្រាស់ពីប្រវត្តិសាស្រ្ត ដើម្បីគាំទ្រការទាមទាររបស់ខ្លួនប្រហែល ៩០ ភាគរយ នៅតំបន់សមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធានជលផល និងឥន្ទនៈផូស៊ីលនៅបាតសមុទ្រ។ ចិនក៏បានធ្វើឲ្យបណ្តាប្រទេសនៅអាស៊ីដទៃទៀតដែលទាមទារដែនអធិបតេយ្យនៅសមុទ្រនេះភ្ញាក់ផ្អើលផងដែរ ដោយសារចិនអភិវឌ្ឍកោះតូចៗ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធយោធានិងបញ្ជូននាវារបស់ខ្លួនទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់បណ្តាប្រទេសដទៃទៀត។
បញ្ជាការដ្ឋានអាមេរិកទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានធ្វើការទាមទារយកដែនសមុទ្រនោះទេ ប៉ុន្តែបានតាមដានសកម្មភាពរបស់មហាអំណាចចិនដែលជាគូប្រជែងនិងជាការគំរាមកំហែងជាសក្តានុពលលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជា កោះតៃវ៉ាន់ និងហ្វីលីពីន។ រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញនូវការធ្វើដំណើររបស់កងយោធាជើងទឹកអាមេរិក ដោយហៅថាប្រតិបតិ្តការសេរីភាពការធ្វើនាវាចរណ៍ ដើម្បីបង្ហាញថាតំបន់សមុទ្រចិនខាងត្បូង គឺបើកចំហជាអន្តរជាតិ។
លោក Oh Ei Sun និយាយថា សកម្មភាពយោធាអាមេរិកមិនមានអ្វីថ្មីនោះទេ ប៉ុន្តែបានឈានដល់កម្រិតខ្ពស់ថ្មីមួយកាលពីឆ្នាំមុន ពីព្រោះលោក Trump «មានទំនោរប្រឆាំងនឹងចិនពេញទំហឹង»។
រដ្ឋបាលលោក Trump បានប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការចែករំលែកបច្ចេកវិទ្យា ក៏ដូចជាការពង្រីកឥទ្ធិពលផ្នែកភូមិសាស្រ្តនយោបាយរបស់ចិន។ លោក Joe Biden ប្រធានាធិបតីអាមេរិកនាពេលបច្ចុប្បន្ន បានបន្តយុទ្ធសាស្រ្តរបស់លោក Trump សម្រាប់សមុទ្រចិនខាងត្បូង ចាប់តាំងពីលោកចូលកាន់តំណែងនៅខែមករា។
លោក Shariman Lockman អ្នកស្រាវជ្រាវគោលនយោបាយការបរទេសជាន់ខ្ពស់និងអ្នកវិភាគផ្នែកសិក្សាសន្តិសុខនៅវិទ្យាស្ថានសិក្សាគោលនយោបាយយុទ្ធសាស្រ្តនិងអន្តរជាតិ ក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលជាភាគីទាមទារអធិបតេយ្យនៅសមុទ្រចិនខាងត្បូងទាំងអស់ ហើយដែលសុទ្ធតែមានកងទ័ពអន់ខ្សោយជាងប្រទេសចិននោះបានស្វាគមន៍វត្តមានរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានព្រួយបារម្ភខ្លាំងថា ការងាកទៅរកសហរដ្ឋអាមេរិកខ្លាំងពេកនឹងធ្វើឲ្យចិនពង្រឹងយោធារបស់ខ្លួន។
លោក Lockman បានថ្លែងថា៖ «វាជាកាំបិតមុខពីរជាមធ្យោបាយរារាំងនិងជាលេស ដែលចិនអាចនិយាយថា «សូមមើលចុះ!យើងនៅទីនោះដោយសារតែពួកអាមេរិកាំង»។
របាយការណ៍ចុះកាលពីថ្ងៃទី ១២ ខែមីនា និយាយថា កាលពីខែមេសាឆ្នាំមុន នាវាចម្បាំងអាមេរិកបានចូលរួមជាមួយនឹងនាវាចម្បាំងមួយមកពីអូស្ត្រាលី ដើម្បី «បង្ហាញសាច់ដុំនៅតំបន់សមុទ្រដែលមានបញ្ហារសើបក្បែរនាវាសង្កេតការណ៍របស់ចិននៅសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញថាពួកគេគាំទ្រម៉ាឡេស៊ីនិងបំផុសឲ្យមាន «ការប្រឈមគ្នារវាងចិននិងម៉ាឡេស៊ី»។
ក្រុមអ្នកវិភាគនិយាយថា ចិននឹងបន្តពង្រឹងគោលជំហររបស់ខ្លួននៅតំបន់សមុទ្រនេះប៉ុន្តែមិនអាចបញ្ឈប់សកម្មភាពរបស់សហរដ្ឋអាមេរិកបានទេ។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយមហាសមុទ្ររបស់មូលនិធិសន្តិភាព Sasakawa មានមូលដ្ឋាននៅក្រុងតូក្យូ បាននិយាយថា៖
«នៅក្រុងប៉េកាំងពួកគេដឹងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមានឧត្តមភាពផ្នែកកងទ័ពជើងទឹកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជានៅតំបន់សមុទ្រចិនខាងត្បូង ហើយពួកគេដឹងច្បាស់ថា ឧបទ្ទវហេតុណាមួយនឹងអាចបង្កជាផលវិបាកធ្ងន់ធ្ងរផ្សេងៗ»។
លោក Oh ព្យាករណ៍ថា ចិននឹងរារាំងមិនឲ្យបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រុករកឧស្ម័ន ឬប្រេងហើយរក្សាតំបន់សមុទ្រនេះ ទុកសម្រាប់នាវានេសាទចិននិងពិចារណាចាក់ដីបំពេញតំបន់ថ្មប៉ប្រះទឹកដែលមានទឹកលិចពាក់កណ្តាល។
លោក Bozzato បានថ្លែងថា៖ «និយាយរួមចិននឹងរអ៊ូរទាំយ៉ាងខ្លាំងក្លាបន្តពង្រឹងយោធារបស់ខ្លួនដាក់ពង្រាយកងកម្លាំងថ្មីនិងទំនើបជាងមុនបន្ថែមទៀត ប៉ុន្តែពួកគេនឹងមិនធ្វើអ្វីបានច្រើននោះទេ ប្រឆាំងនឹងសេរីភាពប្រតិបត្តិការនាវាចរណ៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា