រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​សហរដ្ឋអាមេរិក​ លោក​ Alex Azar ថ្លែង​សុន្ទរកថា​ នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោនថ្ងៃ​ទី ៨ ខែកក្កដា ឆ្នាំ ២០២០២។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​ពលរដ្ឋ​របស់​សហរដ្ឋ​អាមេរិក លោក Alex Azar បាន​ធ្វើ​ដំណើរ​ដល់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ ដែល​នៅ​ក្នុង​អំឡុង​ពេល​នេះ លោក​នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen។

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាមេរិកាំង តាំងពី​មាន​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ផ្លូវការ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នៅ​ឆ្នាំ ១៩៧៩ មក។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

​ចិន​បាន​ជំទាស់​ទៅ​នឹង​ទំនាក់ទំនង​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក និង​កោះ​តៃវ៉ាន់ ដោយ​ចិន​តែងតែ​អះអាង​ថា តៃវ៉ាន់​គឺ​ជា​ដែនដី​របស់​ខ្លួន។ ចំណែក​ឯ​ប្រធានាធិបតី​តៃវ៉ាន់​វិញ​បាន​ប្រឹងប្រែង​ខ្លាំងក្លា​ឲ្យ​មាន​ការ​ទទួល​ស្គាល់​តៃវ៉ាន់​ជា​ប្រទេស​អធិបតេយ្យ​មួយ។

កាល​ពី​សប្ដាហ៍​មុន រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Azar នេះ គឺ​ជា​ការ​គំរាមកំហែង​ចំពោះ «សន្តិភាព និង​ស្ថិរភាព» ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ចិន​បាន​ព្រមាន​ពី​ចំណាត់ការ​ដ៏​គ្រោះថ្នាក់​នេះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ប៉ុន្តែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​លើក​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​សិក្សា​អំពី​ភាព​ជោគជ័យ​របស់​កោះ​តៃវ៉ាន់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ដើម្បី​ទទួលស្គាល់​គុណតម្លៃ​វិវឌ្ឍ​ទៅ​មុខ​របស់​កោះ​នេះ។

កន្លង​មក កោះ​តៃវ៉ាន់​បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ តិច​ជាង ៥០០ ករណី និង​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​តែ ៧ ករណី​ប៉ុណ្ណោះ៕