ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រកួត​ប្រជែង​ទំនាក់​ទំនង​ការ​ទូត​រវាង​ចិន​ដី​គោកនិង​កោះ​តៃ​វ៉ាន់​កើត​ឡើង​នៅ​​ប្រទេស Somaliland​


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសប្រទេស Somaliland លោក Hagi Mohamoud និងប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសប្រទេស Somaliland លោក Hagi Mohamoud និងប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen។

Somaliland ដែល​បាន​ប្រកាស​ឯករាជ្យថា ​ខ្លួន​ជា​តំបន់​ឯករាជ្យ​មួយក្នុងប្រទេស​សូម៉ាលី​នៃ​ទ្វីប​អាហ្វ្រិក​ខាង​កើត បាន​ប្រកាស​ទទួល​ស្គាល់​កោះ​តៃ​វ៉ាន់​ជា​ផ្លូវ​ការ។ ប៉ុន្តែរដ្ឋាភិបាល​របស់​ Somaliland ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិដូច​តៃវ៉ាន់​នោះទេ។ ​

ការ​បង្កើត​នូវ​ទំនាក់​ទំនង​រវាង​ទឹកដី​ទាំង​ពីរ​ដែល​គ្រប់​គ្រង​ដោយ​ខ្លួននេះ​បាន​ផ្តល់​ការ​លើក​មុខ​មាត់​ដល់​កោះ​តៃ​វ៉ាន់ ដែល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បានតទល់ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំងដោយ​មិន​បាន​ជោគ​ជ័យ​ ក្នុង​ការ​រក្សា​នូវ​ការ​ទទួល​ស្គាល់​ផ្នែក​ការទូត​ជា​មួយ​ប្រទេស​តូច​ៗមួយ​ចំនួន​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​តៃវ៉ាន់​លោក​ Joseph Wu បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍កាល​ពី​ថ្ងៃ​ទី​១​កក្កដា​ថា​ រដ្ឋាភិបាល​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ ដោយ​ផ្អែក​ «លើមិត្តភាព​និង​ការ​តាំង​ចិត្ត​រួមគ្នាចំពោះសេចក្តី​ថ្លៃ​ថ្នូរ​ជា​ទូទៅនៃ​សេរីភាព​ ប្រជាធិបតេយ្យ​ យុត្តិធម៌​ និង​នីតិរដ្ឋ»។

លោក​ Wu និយាយ​ថា​ «ក្នុង​ស្មារតី​នៃការ​ជួយ​គ្នា​ដើម្បី​ប្រយោជន៍​ទៅ​វិញ​ទៅ​មក កោះតៃ​វ៉ាន់​និង​ Somaliland នឹង​ចូល​រួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា​ការ​នេសាទ​ កសិកម្ម ថាមពល​ រ៉ែ​ សុខ​ភាព​សាធារណៈ​ ការ​អប់រំ​ និង​វិស័យ​បច្ចេកវិទ្យា​ជា​ដើម»។​

​ក្នុង​សារ​លើ​បណ្តាញ Twitter ឆ្លើយ​តបទៅ​សារព័ត៌មាន លោក​ Muse Bihi Abdi ប្រធានាធិបតីរបស់​ ​Somaliland លើក​ឡើង​ថា​ ការិយាល័យ​តំណាង​របស់ ​Somaliland​ នឹង​ត្រូ​វបើក​ឆាប់​ៗនេះ​ក្នុង​កោះ​តៃវ៉ាន់​»។

​Somaliland ជារដ្ឋ​ដែល​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ តែអន្តរជាតិ​បាន​ចាត់​ទុករដ្ឋ​មួយ​នេះ​ថា​ជា​តំបន់​ស្វ័យភាព​របស់​ប្រទេសសូម៉ាលីប៉ុណ្ណោះ​។ ប្រទេស​ចិនអះ​អាង​ថា​កោះ​តៃវ៉ាន់​ជា​ដែន​ដី​របស់​ខ្លួន​ ហើយបាន​ប្រឆាំង​ជំទាស់​សមាជិកភាព​របស់តៃ​វ៉ាន់​ ក្នុងអង្គការ​សហប្រជា​ជាតិ។

ប្រទេស​ចិនកាត់​ផ្តាច់​ទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេស​ដែល​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ ដែល​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យកោះតៃវ៉ាន់ចាកឆ្ងាយ​ពី​វេទិកា​អន្តរជាតិ​ ដោយ​សល់​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​កោះ​តៃវ៉ាន់​ ​ត្រឹម​តែ​១៥​ប្រទេស​តែ​ប៉ុណ្ណោះនៅ​លើ​ពិភព​លោក​។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Zhao Lijian បាន​ចោទ​ប្រកាន់​កោះ​តៃវ៉ាន់កាល​ពី​ថ្ងៃ​ចន្ទ​ថា​ បាន​បំផ្លាញអធិបតេយ្យ​ភាព​ និងបូរណភាព​ទឹក​ដី​របស់ប្រទេស​ Somalia»។ ប្រទេស​ចិន​នៅ​រក្សា​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ប្រទេស​សូម៉ាលី ក្នុង​ក្រុងម៉ូហ្គាឌីស្យូ តែ​មិន​បាន​ទទួល​ស្គាល់​សាធារណ​រដ្ឋ​ Somaliland ថា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​នោះ​ទេ។ ​

លោក Zhao​ បាន​ប្រាប់អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុង​ក្រុង​ប៉េកាំង​ថា​៖ «ប្រទស​ចិន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​កោះតៃវ៉ាន់​និង​សាធារណរដ្ឋ​ Somaliland ដែល​បាន​បង្កើត​នូវ​ការិយាល័យ​តំណាង​ផ្លូវ​ការ​របស់​ខ្លួន ឬធ្វើ​ការ​ផ្លាស់​ប្តូរ​ក្នុង​រូបភាព​ផ្លូវ​ការ​ណា​មួយ»។

Somaliland ជា​សម្ព័ន្ធមិត្តថ្មី​ដំបូង​របស់​កោះ​តៃ​វ៉ាន់ចាប់​តាំង​ពីឆ្នាំ​២០០៧មក នៅ​ពេល​ដែលដែន​កោះ​តៃវ៉ាន់​ បាន​បង្កើត​នូវ​ទំនាក់​ទំនង​ជាមួយប្រទេស​កោះ​ Saint Lucia។ ​កោះ​តៃ​វ៉ាន់​ក៏បាន​បាត់​បង់​នូវ​ទំនាក់​ទំនង​ការទូត​ជា​មួយ​ប្រទេស​ជា​ច្រើន​ ចាប់តាំង​ពី​ឆ្នាំ២០១៦​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ទាន់​ដឹង​ថា​តើទំនាក់​ទំនង​ថ្មី​ជា​មួយ​រដ្ឋ Somaliland នឹង​មាន​សារៈ​សំខាន់​បែប​ណានៅ​ឡើយទេ​។

លោក Kharis Ali Templeman​ អ្នក​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Stanford ប្រាប់​វីអូអេ​ថា កិច្ច​ព្រម​ព្រៀង​នោះ​ តំណាង​ឲ្យ​ផ្នែក​តូច​មួយ​ ប៉ុន្តែ​ជា​និមិត្ត​រូប​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កោះ​តៃ​វ៉ាន់​ នៅ​ពេល​ដែល​ក្រុង​ប៉េកាំង​នឹង​បន្ត​ព្យាយាម​ដើម្បី​បំផ្លាញ​ទំនាក់​ទំនង​ការទូត​របស់​តៃវ៉ាន់​ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗទៀត។ កាល​ពី​ឆ្នាំ​ទៅ​ ប្រទេស​ដែន​កោះ ​Kiribati និងកោះ ​Solomon បានកាត់​ផ្តាច់​ទំនាក់​ទំនង​ការទូត​ជា​មួយ​កោះ​តៃវ៉ាន់​ ទោះ​បើជា​មាន​ការ​ជំទាស់​ដោយ​ចំហពី​អាមេរិក​យ៉ាង​ណា​ក្តី។ ​

លោក​ Templeman​ បន្ត​ថា ​យុទ្ធនាការ​ដាក់​សម្ពាធ​របស់ចិន ប្រឆាំង​ទំនាក់​ទំនង​ការទូត​អន្តរជាតិរបស់កោះ​តៃវ៉ាន់​ បាន​កើនឡើងយ៉ាងខ្លាំង​ ដោយ​សារតែ​ទំហំ​និង​ឥទ្ធិពល​របស់​ចិន​ដី​គោក​ ​ ដែល​ធ្វើ​ឲ្យ​កោះ​តៃ​វ៉ាន់​មាន​ជម្រើស​តិច​តួច​ក្នុង​ការ​ប្រឆាំង​តប​វិញ។

លោក Templeman ​បន្ត​ទៀត​ថា​ ទោះ​បី​ជា​វា​មិន​មែន​ជា​រដ្ឋ​ប្រហារ​ការទូត​មួយ​ដ៏ធំ​សំរាប់​តៃវ៉ាន់​ក៏​ដោយ​ តែ​ការ​ធ្វើ​សកម្ម​ភាព​ក្នុង​ទិស​ដៅ​ណា​មួយ​ផ្សេង នឹង​ផ្តល់​នូវ​ការ​ជំរុញ​ផ្នែក​សា្មរតី​ដ៏ចាំបាច់​មួយ​សំរាប់​ក្រសួង​ការបរទេស​របស់​កោះ​នេះ។​

អ្នកវិភាគ​ផ្សេង​ៗ​ទៀត​មាន​ទស្សនៈយល់​ស្រប​ជាមួយ​លោក Templeman។

លោក Thomas J. Shattuck ជា​អ្នក​ស្រាវ​ជ្រាវ​កម្មវិធី​អាស៊ី ​និង​ជា​នាយក​និពន្ធគ្រប់​គ្រងនៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ការបរ​ទេស​។ ក្នុង​អត្ថបទ​ដែល​ចេញ​ផ្សាយ​កាល​ពីសប្តាហ៍មុន​ លោក​លើក​ឡើង​ថា​ «ការ​អភិវឌ្ឍន៍នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី ហាក់​មិនមានផល​ប្រយោជន៍​ច្រើនក្នុង​ការអភិវឌ្ឍន៍ផ្នែក​សេដ្ឋកិច្ចនិង​យោធា​នោះ​ទេ»។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ថា៖ «វា​អាច​បង្ហាញ​ពី​របៀប​ដែ​លរដ្ឋាភិបាល​របស់​លោក​ស្រី​ Tsai Ing-wen នៃកោះ​តៃ​វ៉ាន់​ជ្រើស​រើស​យក​សំរាប់​ដើរ​ក្នុង​រយៈ​ពេល​៤ឆ្នាំទៅ​មុខ​ទៀត​ក្នុង​វិស័យ​ការ​ទូត​ ដោយ​ស្វែង​រក​ដៃ​គូ​ថ្មីៗ​ដែល​ថា​មិន​ជំពាក់​គុណ​ចិន​ ឬ​សហគមន៍​អន្តរជាតិ​នោះ​ទេ»។

«យ៉ាង​ហោច​ណាស់​ ​ វា​ជា​ការ​ផ្លាស់ប្តូ​រនូវ​របត់​នៃ​ជោគ​វាសនា​ការទូត​របស់​កោះ​តៃ​វ៉ាន់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក»៕

ប្រែ​សម្រួល​ដោយលោក​ ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG