ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រកាសជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលទីក្រុងភ្នំពេញបានទទួលវត្ថុបុរាណចំនួន៥៦ ដែលត្រូវបានលួចចេញពីកម្ពុជាអំឡុងពេលមានជម្លោះជាច្រើនឆ្នាំ។
នេះជាលើកទីពីរដែលសហរដ្ឋអាមេរិកបានបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរមកជូនប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ព្រោះកាលពីខែកក្កដា សហរដ្ឋអាមេរិកបានប្រគល់មកកម្ពុជាវិញវត្ថុបុរាណចំនួន១៤ដែលយកចេញពីសារមន្ទីរ Metropolitan Museum of Art (MET) នៃទីក្រុងញូវយ៉ក។ ជារួម គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានវត្ថុបុរាណពីសហរដ្ឋអាមេរិកចំនួនសរុប៧០។
ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អ្នកស្រី Bridgette Walker ដែលបានចូលរួមក្នុងពិធីទទួលវត្ថុបុរាណខ្មែរ នៅវិមានសន្តិភាពនាថ្ងៃទី២២ខែសីហា ឆ្នាំ២០២៤នេះ ត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «សហរដ្ឋអាមេរិកគឺជាដៃគូប្រកបដោយការប្តេជ្ញាចិត្ត និងជាទីទុកចិត្តក្នុងការការពារទ្រព្យសម្បត្តិវប្បធម៌របស់កម្ពុជា។ ការនាំយកវត្ថុបុរាណ ដែលត្រូវបានលួច មកកាន់កន្លែងដើមរបស់វាវិញគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ»។
ក្នុងពិធីទទួលវត្ថុបុរាណទាំង៧០រូប នៅវិមានសន្តិភាពនាទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅបន្តស្រាវជ្រាវរកវត្ថុបុរាណរបស់ខ្លួនទៀត ពីព្រោះកូនខ្មែរមិនអាចបំភ្លេចព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនបានឡើយ ហើយលោកក៏បានស្នើឱ្យសារមន្ទីរ និងអ្នករក្សាទុកវត្ថុបុរាណខ្មែរប្រគល់សម្បត្តិវប្បធម៌ទាំងនោះមកកម្ពុជាវិញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
លោកហ៊ុន ម៉ាណែតថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់សារមន្ទីរ និងស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះមកដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាជាម្ចាស់ដើមវិញនោះគឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព មិនត្រឹមតែបង្ហាញពីក្រមសីលធម៌ក្នុងការចូលរួមលើកតម្លៃវប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកដ៏ឧត្តុងឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌របស់មនុស្សជាតិផងដែរ»។
វត្ថុបុរាណទាំង៧០ដែលកម្ពុជាបានទទួលពីសហរដ្ឋអាមេរិក រួមមាន រូបបដិមាសំខាន់ៗមួយចំនួន ផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
ការប្រគល់វត្ថុបុរាណទាំងនេះអាចធ្វើទៅបានក្រោមអនុស្សរណៈយោគយល់គ្នាផ្នែកសម្បតិ្តវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបានចុះហត្ថលេខាបន្តនៅខែសីហាឆ្នាំ២០២៣ សម្រាប់រយៈពេលបន្ថែមចំនួន៥ឆ្នាំទៀត បន្ទាប់ពីការចុះកិច្ចព្រមព្រៀងលើកដំបូងនាឆ្នាំ២០០៣។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក គិតមកដល់ពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការសម្របសម្រួលក្នុងការបញ្ជូនត្រឡប់មកវិញ នូវវត្ថុបុរាណចំនួនជាង១៥០ រូបដែលក្នុងនោះ រួមមានព្រះគណេស ជាដំរីព្រះក្នុងសាសនាហិណ្ឌូ និងរូបចម្លាក់ព្រះស្កន្ធ គង់លើក្ងោកជាដើម។
គិតចាប់ពីឆ្នាំ១៩៩៦រហូតដល់ខែ កក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ ដែលក្នុងនោះ ៥៧១ប្រគល់ដោយសប្បុរជន និង ៥២៧ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ត្រូវបានប្រគល់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វ៊ីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ណ័រវេស និង ចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៕