សរអា​ចាត់ទុក​សមាគម​អាស៊ាន​ថា​ជា​កម្លាំង​នៃ​ស្ថេរភាព ភាព​រុងរឿង និង​សន្តិភាព

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។

សរអា​បាន​ពង្រឹង​ចំណង​ទាក់​ទង​ជាមួយសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ថ្លែង​ថា គួរ​តែ​ដើរ​តួ​នាទី​ដឹកនាំ​មួយ ក្នុង​តំបន់​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទៅ​អនាគត។

«ខ្ញុំ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​អាមេរិកជាមួយ​អាស៊ាន​បន្ថែម​ទៀត ពី​ព្រោះ​អាស៊ាន​ដែល​សាមគ្គី​គ្នា រួម​បញ្ជូល​គ្នា ដោយ​មាន​ប្រសិទ្ធិភាព នៅ​កណ្តាល​ទ្វីប​អាស៊ី ជា​កម្លាំង​មួយ​នៃ​ស្ថេរភាព ភាព​រុងរឿង និង​សន្តិភាព»។ នេះ​ជា​ប្រសាសន៍​របស់​លោក​ អូបាម៉ា ក្នុង​ទីក្រុង​គូឡាឡាំពួ (Kuala Lumpur) ​កាល​ពី​ថ្ងៃ​សៅរ៍។ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ សេតវិមាន​ និង​ក្រុម​មេដឹកនាំ​អាស៊ាន​បាន​ថ្លែង​ថា ពួកគេ​បាន «បង្កើន» ​ទំនាក់ទំនង​របស់​ខ្លួន ដល់​កម្រិត​ភាពជា​ដៃ​គូ​នៃ​យុទ្ធ​សាស្ត្រ​អាស៊ាន​-សរអា ដោយ​មាន​គោល​ដៅ​រួម ក្នុង​ការ​បង្កើត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​សុខ​សន្តិភាព និង​រុង​រឿង។

លោក​ អូបាម៉ា​ បាន​ថ្លែង​ថា អាស៊ាន ដើរ​តួនាទី​សំខាន់​បំផុត​មួយ ក្នុង​ការ​ជំរុញ​ទៅ​មុខ​នូវ​របៀប​រៀប​រយ​ផ្អែក​លើ​វិន័យ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ថា​ភាព​ជា​ដៃ​គូ​ថ្មី​នេះ​នឹង​ដឹកនាំ​ចំណង​ទាក់​ទង​របស់​ពួកគេ សម្រាប់​ពេល​រាប់​សិប​ឆ្នាំ​ទៅ​មុខ។ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​ផែន​ការ​របស់​អាស៊ាន ដើម្បី​បង្កើត​ក្រុម​ប្រតិបត្តិ​អន្តរជាតិ​មួយ សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ប្រធានបទ​មួយនៃ​ជម្លោះ​ដែន​ដី​ជា​ច្រើន​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដែល​ពាក់​ព័ន្ធ​ជាមួយ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ឯ​ទៀត​ក្នុង​តំបន់។ អាស៊ាន​បាន​ពិភាក្សា​បទ​ប្រតិបត្តិ​មួយ​ជាមួយ​ប្រទេស​ចិន​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​មាន​អំណាច​ធ្វើ​ឲ្យ​ភាគី​ទាំង​អស់​អនុវត្ត​តាម​នោះ​ទេ។ ផែន​ការ​ដែល​ទើប​ប្រកាស​ថ្មី​របស់​អាស៊ាន​នឹង​បង្កើត​ជា​ច្បាប់​អន្តរជាតិ សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នូវ​ជម្លោះ​ទាំងឡាយ ដែល​មាន​រួម​ទាំង​សំណួរ​អំពី​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​ការ​ហោះ​ហើរ​ផង​ដែរ៕