សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ប្រកាស​របស់​ក្រុម​តាលីបង់​អំពី​ការ​ផ្អាក​ការ​ប្រយុទ្ធ​ក្នុង​អំឡុង​បុណ្យ Eid-al-Fitr នៅ​អាហ្វហ្កានីស្ថាន

ស្ត្រីម្នាក់ដើរជាមួយក្មេងស្រីកាត់របងសាលារៀនដែលរងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ការ​ប្រកាស​របស់​ក្រុម​តាលីបង់ (Taliban) អំពី​ការ​ផ្អាក​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ Eid-al-Fitr នៅ​ក្នុង​សប្តាហ៍​នេះ និង​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុម​តាលីបង់​និង​ថ្នាក់​ដឹកនាំ​អាហ្វហ្កានីស្ថាន​ចរចា​គ្នា​បញ្ចប់ «អំពើ​ហិង្សា​ដែល​មិន​សម​ហេតុ​ផល» នេះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា សហរដ្ឋ​អាមេរិក​ក៏​ប្រឆាំង​ផងដែរ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​សាលារៀន​កុមារី​មួយ​កន្លែង​ ក្នុង​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន។

លោក Price បាន​និយាយ​ថា៖ «ទោះបីជា​នៅ​មិន​ទាន់​ច្បាស់​ខ្លាំង​ក៏ដោយ ក៏​មាន​សញ្ញា​ខ្លះ​បង្ហាញ​ថា ការ​បំផ្ទុះ​គ្រាប់​បែក​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​អាច​ជា​សកម្មភាព​របស់​ក្រុម​អាយស៊ីស (ISIS) មិន​មែន​ក្រុម​តាលីបង់​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «យើង​នៅ​កំពុង​ពិនិត្យ​មើល​ថា​ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា ក្រុម​អាយស៊ីស​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​លើ​សហគមន៍ Shia នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​កន្លង​មក»។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​រស់នៅ Dasht-e-Barchi របស់​ជាតិ​សាសន៍​ភាគ​តិច​ហាហ្សារ៉ា (Hazara) កាន់​សាសនា​ឥស្លាម​និកាយ​ស៊ីអ៊ីត (Shiite) នៅ​ក្នុង​ទីក្រុង​កាប៊ុល។ នៅ​ទី​នោះ កន្លង​មក ក្រុម​រដ្ឋ​ឥស្លាម (Islamic State) បាន​ធ្វើ​ការ​វាយ​ប្រហារ​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​សាលារៀន មន្ទីរពេទ្យ និង​កន្លែង​គោរព​បូជា​សាសនា​ឥស្លាម​និកាយ​ស៊ីអ៊ីត៕