មួយថ្ងៃបន្ទាប់ពីបានដកខ្លួនចេញពីការប្រកួតកីឡាកាយសម្ព័ន្ធនារីជាក្រុមវគ្គផ្តាច់ព្រ័ត្រ នាង Simone Biles នៃសហរដ្ឋអាមេរិកបានដកខ្លួនចេញពីការប្រកួតលក្ខណៈបុគ្គលនៅឯកីឡាអូឡាំពិកទីក្រុងតូក្យូ។
សេចក្តីថ្លែងការណ៍ចេញនៅព្រឹកថ្ងៃពុធដោយក្រុមកីឡាកាយសម្ព័ន្ធអាមេរិក (USA Gymnastics) បាននិយាយថានាង Biles ដែលត្រូវបានគេចាត់ទុកថាពូកែអស្ចារ្យកំពុងដកខ្លួនពីការប្រកួតបន្ទាប់ពីការវាយតម្លៃផ្នែកសុខភាពបន្ថែមដោយផ្តោតលើសុខភាពផ្លូវចិត្តរបស់នាង។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថាពេទ្យនឹងពិនិត្យសុខភាពនាង Biles ប្រចាំថ្ងៃសម្រាប់ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រលក្ខណៈបុគ្គលនៅសប្តាហ៍ក្រោយ។
នាង Biles អាយុ២៤ឆ្នាំបានដកខ្លួនចេញពីការប្រកួតជាក្រុមវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារបន្ទាប់ពីនាងលោតផ្លោះខុសបច្ចេកទេសលើតុនិងនាងភ្លាត់ជើងមកក្រោយពេលជើងដល់ដី។ បន្ទាប់ពីនាងបានចាកចេញជាមួយគ្រូបង្ហាត់មួយរយៈខ្លី នាងបានវិលមកចូលរួមជាមួយមិត្តរួមក្រុមវិញដោយរុំកែងជើង។
ដោយសារនាង Biles មិនបានចូលរួមគណៈកម្មាធិការអូឡាំពិករុស្ស៊ីបានយកមេដាយមាសក្នុងវគ្គផ្តាច់ព្រ័ត្រជាក្រុមហើយសហរដ្ឋអាមេរិកបានមេដាយប្រាក់និងអង់គ្លេសបានមេដាយសំរឹទ្ធ។
ក្នុងពេលជាមួយគ្នានេះដែរទីបំផុតមេដាយមាសមួយនៅកីឡាអូឡាំពិកទីក្រុងតូក្យូបានទៅនាង Katie Ledecky។ តារាអាមេរិករូបនេះបានលេចមុខវិញបន្ទាប់ពីការប្រកួតអន់បំផុតនៃអាជីពកីឡាដ៏អស្ចារ្យរបស់នាងដោយដណ្តើមបានមេដាយមាសលើកដំបូងក្នុងវិញ្ញាសាហែលទឹកក្បាច់សេរីចម្ងាយ១.៥០០ម៉ែត្រសម្រាប់នារី។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAP។
នាង Ledecky បានចាប់ផ្តើមនាំមុខឆ្ងាយតាំងពីចាប់ផ្តើម បន្ទាប់មកនាងប្រឹងថែមទៀតឈ្នះដាច់ដៃគូកីឡាការិនីអាមេរិកគឺនាង Erica Sullivan។
នាង Ledecky បានប៉ះទីផ្តាច់ព្រ័ត្រមុនគេក្នុងរយៈពេល១៥នាទី៣៧,៣៩វិនាទី។ នាង Sullivan បានមេដាយប្រាក់រីឯមេដាយសំរិទ្ធបានទៅនាង Sarah Kohler កីឡាការិនីអាល្លឺម៉ង់។ នាង Ledeckyបានលេចមុខបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ទី៥ក្នុងការប្រកួតហែលទឹកក្បាច់សេរីចម្ងាយ២០០ម៉ែត្រ៕
អត្ថបទនេះរួមមានព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ពីទីក្រុងតូក្យូ