មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួននឹងធានាឲ្យមានសេរីភាពនៃការធ្វើនាវាចរណ៍របស់នាវាដឹកទំនិញរហូតដល់ច្រកសមុទ្រហូមូស មិនថាតាមរយៈការចរចាការទូត ឬការធ្វើអន្តរាគមន៍យោធាឡើយ។ សហរដ្ឋអាមេរិកបានអះអាងសារជាថ្មីថា ប្រទេសអ៊ីរ៉ង់បានធ្វើការវាយប្រហារទៅលើនាវាដឹកប្រេងពីរគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវទឹកតូចចង្អៀត កាលពីសប្តាហ៍មុន។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា៖ «ការវាយប្រហារដោយអ៊ីរ៉ង់ទៅលើសេរីភាពនៃការធ្វើនាវាចរណ៍របស់នាវាពាណិជ្ជកម្មទាំងនេះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ»។
មន្រ្តីការទូតកំពូលអាមេរិករូបនេះបានអះអាងថា សហរដ្ឋអាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ទេ ប៉ុន្តែខ្លួននឹងធានាដល់ការធ្វើនាវាចរណ៍តាមច្រកសមុទ្រហូតដល់ច្រកភ្ជាប់ឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់ ដែលជាច្រកសមុទ្រសំខាន់មួយមាននាវាដឹកប្រេងច្រើនបំផុតធ្វើដំណើរឆ្លងកាត់។
លោក Pompeo ក៏បានថ្លែងនៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា អន្តរាគមន៍យោធានឹងត្រូវដាក់ពង្រាយប្រសិនបើចាំបាច់។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងធ្វើឲ្យប្រាកដថា យើងនឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ មិនថាជាការចរចាការទូត ឬតាមវិធីផ្សេងៗទៀត ដើម្បីសម្រេចឲ្យបានលទ្ធផលជោគជ័យ»។
ប្រទេសអ៊ីរ៉ង់បានច្រានចោលអ្វីដែលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ខ្លួនជាអ្នកទទួលខុសត្រូវលើការវាយប្រហារទៅលើនាវាដឹកប្រេង និងនាវាដឹកសារធាតុគីមីរបស់ប្រទេសន័រវែស និងប្រទេសជប៉ុន។
លោក Pompeo បានប្រាប់សារព័ត៌មាន Fox News ថា៖ «អ្វីដែលបានកើតឡើងនៅទីនេះ គឺជាចេតនាយ៉ាងពិតប្រាកដ»។ លោកបានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកមានទិន្នន័យ និងភស្តុតាងយ៉ាងច្រើន ដែលបង្ហាញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ៕