ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងប្រហែល ២ ដង នៃចំនួនអ្នកឆ្លងជំងឺនេះកាលពីខែមុន អ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានហៅស្ថានភាពនៃការឆ្លងរាលដាលនេះថា «មិនល្អទាល់តែសោះ»។
នៅក្នុងការសន្ទនាតាមអនឡាញមួយកាលពីថ្ងៃច័ន្ទម្សិលមិញ លោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិផ្នែកអាឡ៊ែកហ្ស៊ី និងជំងឺឆ្លង បានលើកឡើងអំពីករណីកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបណ្ដារដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកបានដកការដាក់កំហិតជាច្រើនចេញ ដែលកន្លងមកបានដាក់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នេះ។
លោក Fauci បានប្រៀបធៀបស្ថានការណ៍នេះ ទៅនឹងស្ថានការណ៍ដែលកំពុងកើតឡើងនៅទ្វីបអឺរ៉ុប ដែលនៅទីនោះ បណ្ដាប្រទេសនានាមានករណីឆ្លងកើនឡើង បន្ទាប់ពីបានបើកដំណើរការប្រទេសឡើងវិញ ប៉ុន្តែការកើនឡើងនេះ គឺបានកើតឡើងបន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលនៃការឆ្លង។
លោក Fauci បានបញ្ជាក់ដូច្នេះថា៖ «ករណីឆ្លងបានកើនឡើង មិនដែលធ្លាក់ចុះឲ្យដល់ចំណុចទាបបំផុតនោះទេ ហើយឥឡូវនេះ ករណីឆ្លងបានកើនឡើងជាថ្មី។ វាជាស្ថានការណ៍ធ្ងន់ធ្ងរ ដែលយើងត្រូវតែដោះស្រាយជាបន្ទាន់»។
ករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងនៅក្នុងរដ្ឋចំនួនប្រហែល ៤០ ក្នុងចំណោមរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃច័ន្ទម្សិលមិញ សមាគមវេជ្ជសាស្ត្រអាមេរិក សមាជិកគិលានុប្បដ្ឋាយិកាអាមេរិក និងសមាគមមន្ទីរពេទ្យអាមេរិក បានជំរុញឲ្យពលរដ្ឋអាមេរិកាំងពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងលាងដៃឲ្យបានស្អាត៕