សហរដ្ឋអាមេរិក​ផ្ដល់​ការ​អនុញ្ញាត​បន្ទាន់​លើ​ការ​ធ្វើ​តេស្ត​រក​វីរុស​​កូរ៉ូណា​ថ្មី​ដែល​អាច​ផ្ដល់​លទ្ធផល​លឿន

អ្នក​ធ្វើការ​នៅ​មន្ទីរពិសោធន៍​ធ្វើ​តេស្ត​លើ​វីរុស​ផ្លូវ​ដង្ហើម​មួយ​នៅ​មន្ទីរពិសោនធន៍ Northwell Health ហើយ​តេស្ត​ដូចគ្នា​នេះ​នឹង​ត្រូវ​ធ្វើ​ទៅ​លើ​វីរុស​កូរ៉ូណា​ថ្មី។ ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​មាន​ការ​អនុញ្ញាត​ពី​ទីភ្នាក់ងារFDA​របស់​អាមេរិក​។

ទីភ្នាក់ងារ​គ្រប់គ្រង​ស្បៀង​អាហារ​និង​ថ្នាំពេទ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​ហៅ​កាត់​ថា FDA បាន​អនុញ្ញាត​លើ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណាថ្មី​ដែល​អាច​ផ្ដល់​លទ្ធផល​ក្នុង​រយៈពេល ៤៥ នាទី។

ទីភ្នាក់ងារ FDA នេះ​បាន​ផ្ដល់​សិទ្ធិ​បន្ទាន់​ដល់​ក្រុមហ៊ុន Cepheid របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ក្រុមហ៊ុន​បង្កើត​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ថ្មី​ដែល​ផ្ដល់​លទ្ធផល​យ៉ាង​លឿន​បាន។

លទ្ធផល​ពី​ការ​ធ្វើ​តេស្ត​បច្ចុប្បន្ន​នេះ​ត្រូវ​ការ​រយៈពេល​រាប់​ថ្ងៃ ដោយសារ​តែ​គេ​ត្រូវ​បញ្ជូន​សំណាក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពិសោធន៍ មិន​ដូច​ការ​ធ្វើ​តេស្ត​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Cepheid ដែល​មាន​ទីតាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​នេះ​ទេ។

ការ​ធ្វើ​តេស្ត​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ និង​កន្លែង​សង្គ្រោះ​បន្ទាន់​នានា​ជាមុន​សិន មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​ទីតាំង​ថែទាំ​សុខភាព​អ្នក​ជំងឺ ដូចជា​បន្ទប់​ពិគ្រោះ​ជំងឺ​របស់​គ្រូពេទ្យ​ជាដើម។

ក្រុមហ៊ុន Cepheid គ្រោង​នឹង​ចាប់​ផ្ដើម​លក់​ឧបករណ៍​តេស្ត​នេះ​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ៕