សហរដ្ឋអាមេរិកមើលឃើញជាយូរយាណាស់មកហើយពីការចង់បានអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងដែលជាការគំរាមកំហែងសន្តិសុខជាតិយ៉ាងខ្លាំងមួយ។ ក៏ប៉ុន្តែ កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើង នឹងប្រើដើម្បីដាក់គ្រាប់បែកនុយក្លេអ៊ែ ទំនងជាបញ្ហាមួយផ្សេងទៀត។
ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិក បានច្រានចោលការព្រួយកង្វល់កាលពីថ្ងៃសុក្រពីការអភិវឌ្ឍកម្មវិធីកាំជ្រួចមីស៊ីលដ៏ឆាប់រហ័សរបស់កូរ៉េខាងជើងដែលឥឡូវនេះមានលទ្ធភាពផលិតអ្វីៗដែលអាចស្មីនឹងវិស័យការពារប្រទេសសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ John Hyten អគ្គសេនាធិការរងសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកស្តាប់ក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ខ្ញុំមានទំនុកចិត្ត១០០ភាគរយ។ ខ្ញុំមិននិយាយមានទំនុកចិត្តមួយរយភាគរយជាញឹកញាប់ទេ។ ខ្ញុំមានទំនុកចិត្ត១០០ភាគរយនៅក្នុងសមត្ថភាពប្រឆាំងនឹងកូរ៉េខាងជើង»។
ពួកមន្រ្តីយោធានិងស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានពិនិត្យមើលយ៉ាងដិតដល់លើរដ្ឋាភិបាលក្រុងព្យុងយ៉ាងចាប់តាំងកាលពីចុងឆ្នាំទៅមក នៅពេលដែលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានគំរាមកំហែង «ឲ្យរង្វាន់នៅថ្ងៃបុណ្យគ្រឹស្តម៉ាស» ដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលការណ៍នេះឮមិនអាចកើតឡើង។
នៅពេលនោះពួកមន្រ្តីអាមេរិក រំពឹងថា មានការសាកល្បងអាវុធខ្លះឬការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកវង់ប្រតិបត្តិការឆ្ងាយរបស់កូរ៉េខាងជើង។ គ្មានការសាកល្បងណាមួយបានកើតឡើងទេ។ ដោយការចរចារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហាក់ដូចជាជាប់គាំង ការព្រួយកង្វល់ពីដំណោះស្រាយដោយសន្តិវិធីនិងការទូត អាចមិនកើតមានឡើង។
នៅដើមសប្តាហ៍នេះ ក្នុងអំឡុងសន្និសីទកាសែតនៅមន្ទីរបច្ចកោណជាមួយលោក Taro Kono រដ្ឋមន្រ្តីការពារប្រទេសជប៉ុន លោក Mark Esper រដ្ឋមន្រ្តីការពារប្រទេសអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មានថា ចំណាត់ការបន្ទាប់ស្ថិតនៅដៃរបស់គីម ជុងអ៊ុន៕