សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលរួមជាមួយនឹងសហគមន៍អឺរ៉ុបដើម្បីពិនិត្យមើលឋានៈអនុគ្រោះពន្ធដែលកម្ពុជាបានចំណេញប្រាក់ជាច្រើនលានដុល្លារក្នុងមួយឆ្នាំៗពីការនាំផលិតផលចូលទីផ្សារសហរដ្ឋអាមេរិក។
សេចក្តីព្រាង«ច្បាប់ពាណិជ្ជកម្មកម្ពុជា»នៅឆ្នាំ២០១៩ត្រូវបានសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូបគឺលោក Ted Cruz និងលោក Chris Coons បានដាក់ស្នើកាលពីសប្តាហ៍មុនដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំធ្វើការពិនិត្យមើលឡើងវិញលើឋានៈប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP) ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យកម្ពុជាជាថ្មីកាលពីដើមឆ្នាំ២០១៨។
លោកគ្រីស ឃូន (Chris Coons) សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋឌែលឡាវែ និងជាសមាជិកនៃគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេសបានបញ្ជាក់ប្រាប់វីអូអេថា ៖
«ខ្ញុំគិតថានេះគឺជាសញ្ញាដ៏សំខាន់មួយចំពោះរដ្ឋាភិបាលកម្ពុជាថាពួកគេត្រូវតែពិចារណាឡើងវិញលើសកម្មភាពខ្លះឬត្រូវប្រឈមនឹងការពិនិត្យមើលការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ»។
លោកគ្រីស ឃូន បានបន្ថែមទៀតថានេះគឺជាការសម្តែងការព្រួយបារម្ភដោយគណបក្សទាំងពីរលើវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមក៖
«ខ្ញុំពិតជាមានការព្រួយបារម្ភខ្លះពីវិធីដែលរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ ក្រុមបក្សប្រឆាំង និងសូមស្វាគមន៍ឱ្យមានសង្គមបើកចំហរមួយនៅកម្ពុជា»។
ដើម្បីទទួលបានឋានៈអនុគ្រោះពន្ធGSP កម្ពុជាត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដែលរដ្ឋសភាជាតិដាក់ចេញក្នុងនោះមានដូចជាការគោរពសិទ្ធិកម្មករ លុបបំបាត់ពលកម្មកុមារ ការពារកម្មសិទ្ធិបញ្ញានិងមិនត្រូវរឹបអូសទ្រព្យសម្បតិ្តពលរដ្ឋអាមេរិកាំងដោយមិនផ្តល់សំណងជាដើម។
សហភាពអឺរ៉ុបក៏កំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធដែលកម្ពុជាកំពុងតែទទួលបានដែរដោយសារតែសកម្មភាពរដ្ឋាភិបាលកម្ពុជាបង្ក្រាបអង្គការសង្គមស៊ីវិល កម្មករនិងគណបក្សប្រឆាំង។ ដំណើរការដកហូតបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុនហើយនឹងមានកំណត់ចំនួន១ឆ្នាំមុននឹងប្រកាសលទ្ធផល។
ការអនុគ្រោះពន្ធក្រោមកម្មវិធី«រាល់មុខទំនិញលើកលែងសព្វាវុធ» (EBA)បានធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗហើយក្រោមកម្មវិធីGSP កម្ពុជានាំទំនិញចូលទីផ្សាររបស់សហរដ្ឋអាមេរិកចំនួន៤០០លានដុល្លារនៅឆ្នាំ២០១៧ដោយមិនបង់ពន្ធគយ។
លោកសមាជិកព្រឹទ្ធសភាTed Cruz នៃរដ្ឋតិចសាស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា«ច្បាប់ពាណិជ្ជកម្មកម្ពុជា»ឆ្នាំ២០១៩នេះនឹងធ្វើឱ្យលោកហ៊ុនសែននិងរដ្ឋាភិបាលរបស់គាត់ទទួលខុសត្រូវចំពោះឥរិយាបថនេះនិងដើម្បី«ពង្រឹងជំហរដែលដៃគូអឺរ៉ុប»កំពុងចាត់វិធានការណ៍។
លោកTed Cruz បន្ថែមថា៖
«សហរដ្ឋអាមេរិកបានវិនិយោគលើអនាគតនយោបាយនៃកម្ពុជាដោយបង្កើតពាណិជ្ជកម្មគួរឱ្យទុកចិត្តបានដូចដែលបានកំណត់នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធទូទៅហៅថាGSP។ នាយករដ្ឋមន្ត្រី ហ៊ុន សែននៃកម្ពុជាបានកេងប្រវ័ញ្ចពីប្រព័ន្ធអនុគ្រោះពន្ធនេះដែលផ្តល់ឱ្យដោយសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។ គាត់បានបរាជ័យមិនគោរពតាមនិយាមសិទ្ធិការងារ មើលស្រាលដល់សុច្ចរិតភាពនៃការបោះឆ្នោតនៅកម្ពុជាហើយបានងាកឆ្ពោះទៅប្រទេសចិន»។
ប្រទេសកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងចាប់ប្រធានគណបក្សគឺលោកកឹម សុខាដាក់ពន្ធនាគារហើយរៀបចំការបោះឆ្នោតកាលពីខែកក្កដាឆ្នាំមុនដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះយកអាសនៈសភាទាំង១២៥។ ការបោះឆ្នោតនោះរងការរិះគន់ពីបស្ចិមប្រទេសប៉ុន្តែប្រទេសកុម្មុយនីស្តចិនបានគាំទ្រទាំងផ្នែកថវិកានិងនយោបាយ។
លោកផែទ្រិក លៀហ៊ី សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Vermont ធ្លាប់បានសរសេរលិខិតមួយកាលពីដើមឆ្នាំ២០១៨ ស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិលើកឡើងពីក្តីកង្វល់ពីការបង្ក្រាបលើកម្លាំងប្រជាធិបតេយ្យប្រាប់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកផែទ្រិក លៀហ៊ីបានបញ្ជាក់ប្រាប់វីអូអេថា៖
«ប្រទេសកម្ពុជាបានភ្លេចអស់ហើយថាអ្វីទៅជារូបភាពនៃលទ្ធិប្រជាធិបតេយ្យ»។
សេចក្តីស្នើច្បាប់នេះនៅមិនទាន់ទៅដល់គណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភានៅឡើយទេប៉ុន្តែលោកសមាជិកព្រឹទ្ធសភាគ្រីស ឃូន បានបញ្ជាក់ប្រាប់វីអូអេ ថា គណៈកម្មាធិការអាចនឹងពិនិត្យមើលនៅរយៈពេលពីរឬបីខែខាងមុខទៀត។
លោកខេវឹន ក្រេមមឺ (Kevin Cramer) សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋNorth Dakota បានបញ្ជាក់ប្រាប់វីអូអេថាលោកនៅមិនទាន់បានឃើញសេចក្តីស្នើច្បាប់នោះនៅឡើយទេហើយត្រូវសិក្សាបន្ថែមទៀតប៉ុន្តែលោកបន្ថែមថា៖
«ខ្ញុំគិតថាយើងគួរតែពិនិត្យមើលគ្រប់ឱកាសដែលមានដើម្បីជំរុញឱ្យមានលទ្ធផលល្អនៅកម្ពុជានិងប្រទេសដទៃទៀតដូចៗគ្នា»។
ប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខ្លួនដើម្បីទប់ទល់នឹងការបិទបញ្ចប់ឬព្យួរឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដោយធ្វើការកែទម្រង់រចនាសម្ព័ន្ធការងារនៅតាមច្រកនាំចេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងក្នុងពិធីជួបជុំជាមួយនឹងអ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថាដោយលោកទទួលស្គាល់ថាកម្មវិធីនយោបាយកន្លងមកមិនមានប្រសិទ្ធភាពទេហើយលោកបានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យចាប់ផ្តើមដំណើរការនេះហើយ។
«គ្រាន់តែមុនមកអម្បាញ់មិញនេះ ខ្ញុំសម្រេចធ្វើឱ្យសម្រាលទៅដល់ក្រុមធុរៈកិច្ច ដែលអាចនិយាយបានថាមានភាពអនុគ្រោះឬគ្មានភាពអនុគ្រោះ បានសេចក្តីថាកម្ពុជាធានាថារស់ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន»។
លោកហ៊ុន សែនបានបញ្ជាក់ថាតាមច្រកនាំចេញគឺរដ្ឋនឹងរក្សាទុកតែផ្នែកប៉ូលិសអន្តោប្រវេសន៍និងគយតែប៉ុណ្ណោះដោយដកចេញផ្នែកមិនចាំបាច់ដូចជាកាំកុងត្រូលនិងបញ្ចុះតម្លៃម៉ាស៊ីនស្គែនទំនិញជាដើម។
សហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំទីពីររបស់កម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុប។ ក្នុងមួយឆ្នាំៗកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកចំនួន ជាង៣ពាន់លានដុល្លារ។ ទំនិញដែលនាំចូលច្រើនជាងគេគឺសម្លៀកបំពាក់ អាវចាក់ ស្បែកជើង ផលិតផលស្បែក និងផ្លាស្ទិក។
ការអនុគ្រោះពន្ធGSP ដែលកម្ពុជាទទួលបាននឹងមានសុពលភាពរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០៕