ការរាប់ចំនួនប្រជារាស្ត្រនៅក្នុងស.រ.អា.រៀងរាល់១០ឆ្នាំជួយកំណត់ភាពតំណាងនៅក្នុងសភាស.រ.អា.នៅក្នុងរដ្ឋទាំង៥០នៃប្រទេសអាមេរិក ហើយវាក៏ជួយរដ្ឋាភិបាលសហព័ន្ធក្នុងការបែងចែកជំនួយសហព័ន្ធចំនួន១៥០ម៉ឺនលានដុល្លារផងដែរ។
ពីរថ្ងៃក្រោយពីការិយាល័យជំរឿនប្រជារាស្ត្របាននិយាយថា ខ្លួននឹងបញ្ឈប់កិច្ចប្រតិបត្តិការចុះធ្វើប្រជាសាស្ត្រតាមផ្ទះរហូតដល់ថ្ងៃទី១ ខែមេសាលោក Tim Olson នាយកការិយាល័យកិច្ចប្រតិបតិការចុះធ្វើប្រជាសាស្ត្រតាមផ្ទះបាននិយាយថា កិច្ចប្រតិបត្តិការចុះធ្វើប្រជាសាស្ត្រតាមផ្ទះនឹងត្រូវពន្យារពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហាដើម្បីជួយធ្វើឱ្យការរាលដាលនៃមេរោគវីរុស COVID-19 មានល្បឿនយឺត។
អ្នកស្រុកភាគច្រើននៅក្នុងស.រ.អា.អាចចាប់ផ្តើមឆ្លើយតបនឹងការធ្វើជំរឿនប្រជារាស្ត្រសម្រាប់ឆ្នាំ២០២០នៅពេលគេហទំព័រ my2020census.gov របស់ការិយាល័យជំរឿនប្រជារាស្ត្រដំណើរការ ហើយប្រជារាស្ត្របានទទួលសេចក្តីប្រកាសឱ្យចូលរួមក្នុងការធ្វើជំរឿននេះតាមប្រៃសណីយ៍។
លោក Al Fontenot នាយកកម្មវិធីជំរឿនដែលធ្វើរៀងរាល់១០ឆ្នាំនៃការិយាល័យជំរឿនប្រជារាស្ត្រ បាននិយាយថា ប្រជាជន១៨លាន៦សែនគ្រួសារបានឆ្លើយនឹងសំណួរគិតមកនៅត្រឹមថ្ងៃសុក្រទី២០ខែមីនា ដោយភាគច្រើនបានឆ្លើយតាមបណ្តាញអ៊ីនធឺណិត។ ការិយាល័យនេះឲ្យដឹងថាមានពលរដ្ឋប្រមាណ១២០លានគ្រួសារនៅក្នុងស.រ.អា.។
ការិយាល័យនេះក៏បានលើកពេលមួយខែសម្រាប់ការរាប់ចំនួនមនុស្សគ្មានផ្ទះសម្បែងគឺជាយុទ្ធនាការដែលកំណត់ថា នឹងបើកធ្វើនៅដំណាច់ខែមីនា។
ការិយាល័យនេះសង្ឃឹមថានឹងជួលអ្នកធ្វើការបណ្តោះអាសន្នរហូតដល់២សែន៥ម៉ឺននាក់ដោយភាគច្រើនសម្រាប់បំពេញយុទ្ធនាការគោះទ្វារតាមផ្ទះ ក៏ប៉ុន្តែពួកមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែមីនាថា គេប្រហែលត្រូវជួលអ្នកធ្វើការបន្ថែមទៀតដោយសារមានការរាលដាលមេរោគវីរុសកូរ៉ូណា។
ច្បាប់សហព័ន្ធតម្រូវឲ្យការិយាល័យជំរឿនប្រជារាស្ត្ររាយការណ៍អំពីចំនួនប្រជារាស្ត្រតាមរដ្ឋទៅប្រធានាធិបតីមិនឱ្យហួសពីថ្ងៃទី៣១ ខែធ្នូ។ នៅពេលត្រូវសួរកាលពីថ្ងៃសុក្រថា តើការិយាល័យរបស់លោកអាចបំពេញការងារតាមថ្ងៃកំណត់ចុងក្រោយបង្អស់នេះ ឬទេ លោក Fontenot បាននិយាយថា «យើងមិនចង់ទស្សន៍ទាយស្មានៗអំពីអ្វីដែលនឹងកើតមានក្នុងពេលអនាគតទេ»។
ការធ្វើជំរឿនជាក់លាក់សម្រាប់ឆ្នាំ២០២០កំពុងប្រឈមនឹងការគំរាមកំហែងមួយផ្នែកដោយសារការភ័យខ្លាចក្នុងចំណោមពួកជនអន្តោប្រវេសន៍ដែលមិនចង់ផ្តល់ព័ត៌មានទៅឱ្យរដ្ឋាភិបាលសហព័ន្ធ។ រដ្ឋបាល លោក Trump បានព្យាយាមដោយគ្មានជោគជ័យក្នុងការបន្ថែមសំណួរមួយដែលថាតើពួកគេជាពលរដ្ឋស.រ.អា.ឬទេ ហើយការណ៍នេះបាននាំឱ្យមានការភ័យខ្លាចក្នុងសហគមន៍ពួកជនអំបូរ Latino និងពួកជនអន្តោប្រវេសន៍ដែលបារម្ភថាចម្លើយរបស់គេអាចត្រូវប្រើប្រឆាំងនឹងពួកគេ។
អ្នកស្រី Terri Ann Lowenthal អតីតប្រធានផ្នែកជំរឿនរបស់សភាស.រ.អា.បាននិយាយថាការពន្យារពេលរបស់ការិយាល័យជំរឿនប្រជារាស្ត្រប្រហែលមានផលមិនល្អដល់ការរាប់ចំនួនប្រជារាស្ត្រក្នុងរយៈពេលខ្លីក៏ប៉ុន្តែការបង្អាក់អាច «បង្កើនហានិភ័យដល់លទ្ធផលជាក់លាក់នៃការធ្វើជំរឿនប្រជារាស្ត្រដែលមិនអាចទទួលយកបាន ឬមិនយុត្តិធម៌»។
អង្គការសិទ្ធិមនុស្សឈ្មោះ Leadership Conference on Civil and Human Rights បានអបអរសាទរសេចក្តីសម្រេចរបស់ការិយាល័យនេះក្នុងការពន្យារពេលការធ្វើជំរឿនប្រជារាស្ត្រ ដោយនិយាយថា ការណ៍នេះអាចពង្រីកការធ្វើទំនាក់ទំនងជាមួយប្រជារាស្ត្រ និងការចូលរួមរបស់ប្រជារាស្ត្រថែមទៀតផង៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ