សរអា​សំដែង​ក្តី​បារម្ភ​ចំពោះ​ការ​អាច​លក់​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស​ទំនើបៗ​របស់​រុស្ស៊ី​ទៅ​ឲ្យ​អ៊ីរ៉ង់

ប្រព័ន្ធ​ការពារ​អាកាស​ធុន​ S-300 របស់​រុស្ស៊ី​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ពេល​បើក​សម្ភោធ​ការ​សំដែង MAKS Air Show ក្នុង​ក្រុង​ Zhukovsky ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។

រដ្ឋបាល​លោក​ អូបាម៉ា​ បាន​សំដែង​សេចក្តី​បារម្ភ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ចំពោះ​ការ​អាច​លក់​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស​ទំនើប​ធុន​ S-300​ របស់​រុស្ស៊ី​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Vladimir​ Putin​ បាន​លុប​ចោល​បំរាម​មួយ​លើ​ការ​ផ្តល់​ប្រព័ន្ធ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ធុន​ទំនើប​ទៅ​ឲ្យ​រដ្ឋ​អ៊ីស្លាម​មួយ​នេះ។​

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោក​ Josh​ Earnest​ បាន​ថ្លែង​ថា​ រដ្ឋបាល​លោក​ អូបាម៉ា​ បាន​ប្រកាស​ឲ្យ​ដឹង​ពី​មុនៗ​មក​អំពី​ការ​ប្រឆាំង​របស់​អាមេរិក​ទល់​នឹង​ការ​អាច​លក់​ប្រព័ន្ធ​កាំជ្រួច​ការពារ​ធុន​ S-300​ ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ ហើយ​ថា​លោក​រដ្ឋមន្រ្តី​ការ​បរទេស​សរអា​ John​ Kerry​ «មាន​ឱកាស​លើក​សេចក្តី​បារម្ភ​នេះ​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​សន្ទនា​មួយ​នៅ​ពេល​ថ្មីៗ​នេះ‍»​ ជា​មួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ Sergei​ Lavrov។​

លោក​ Earnest​ បាន​ថ្លែង​ថា​ រស្ស៊ី​យល់​ថា​ សរអា​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​សុវត្ថិភាព​និង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​ក្នុង​តំបន់។​

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ គេហទំព័រ​របស់​វិមាន​ Kremlin​ បាន​រាយការណ៍​ថា​ លោក​ ពូទីន​ បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​ដើម្បី​លុប​ចោល​បំរាម​លើ​ការ​ផ្តល់​កាំជ្រួច​ធុន​ S-300​ ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់។​

ក្រុង​ មូស្គូ​ បាន​ចុះ​ហត្ថលេខា​មួយ​មាន​តម្លៃ​ទឹក​ប្រាក់​៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០០៧​ ដើម្បី​ផ្តល់​កាំជ្រួច​ធុន​ S-300​ ៥កង​ទៅ​ឲ្យ​អ៊ីរ៉ង់។​ តែ​រុស្ស៊ី​បាន​បញ្ឈប់​កុងត្រា​នេះ​៣​ឆ្នាំ​ក្រោយ​មក​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អសប​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។​ លោក​ស្រី​ Marie​ Harf​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ ការ​បញ្ជូន​កាំជ្រួច​ធុន​ S-300​ នេះ​ទៅ​ឲ្យ​អ៊ីរ៉ង់​មិន​មែន​ជា​ការ​រំលោភ​ទណ្ឌកម្ម​របស់​អសប​ទេ​ តែ​សរអា​យល់​ថា​ «នេះ​មិន​មែន​ជា​ពេល​វេលា‍»​ ដើម្បី​លក់​អាវុធ​ទេ​ នៅ​ពេល​ដែល​មាន​ការ​រំជើប​រំជួល​នៅ​ក្នុង​តំបន់៕