សហរដ្ឋ​អាមេរិក​​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ទៅ​កាន់បណ្ដា​​ឯកអគ្គរដ្ឋទូត​អាស៊ាន

បាតុករម្នាក់លើកម្រាមដៃបី ដោយបង្ហាញការប្រឆាំងនឹងរបបយោធា ខណៈកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពីរដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ទៅកាន់បណ្ដាឯកអគ្គរដ្ឋទូត​អាស៊ាន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រុមប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ដែល​វីអូអេ​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

សេចក្ដីថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា លោក Jake Sullivan ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក «បាន​សម្ដែង​ការ​ព្រួយបារម្ភយ៉ាង​ខ្លាំងក្លា​របស់​លោក​ប្រធានាធិបតី Biden អំពី​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ លោក Sullivan បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​អាស៊ាន​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

នៅ​ក្នុង​កិច្ច​សន្ទនានោះ លោក Sullivan ក៏​បាន​ «សម្តែង​ការ​កោតសរសើរ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំពោះ​ការ​យកចិត្ត​ទុកដាក់លើ​វិបត្តិ​នេះ ដោយ​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​គាំទ្រ​ថ្នាក់​តំបន់​ទៅ​លើ​ការ​ស្ដារ​ឡើង​វិញ​ជា​បន្ទាន់​នូវ​លទ្ធិប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា» ផង​ដែរ។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ហៅ​កាត់​ថា​អាស៊ាន ​ដែល​មាន​ប្រទេស​មីយ៉ាន់ម៉ា​ជា​សមាជិក​មួយ​ផងដែរ​នោះ បាន​ឲ្យដឹង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ខ្លួន​កំពុង​តាម​ដាន​ដំណើរ​វិវត្តន៍​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

នៅ​ក្នុង​កិច្ចសន្ទនាដដែល​នោះ លោក Sullivan ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ប្ដេជ្ញា​របស់​រដ្ឋបាលថ្មី​ចំពោះ​ការ​ពង្រីក​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អាស៊ាន​ផង​ដែរ។

លោក Sullivan និង​ឯកអគ្គរដ្ឋទូត​អាស៊ាន​បាន​ពិភាក្សា​គ្នា​ទៅ​លើ​ឱកាស​សម្រាប់​ «ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោះស្រាយបញ្ហានៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ បង្កើន​សន្ដិសុខ​ដែនសមុទ្រ និង​លើកទឹកចិត្ត​ឲ្យមាន​ចំណង​ទាក់ទង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ ក៏​ដូចជា​សារៈសំខាន់​នៃ​ការ​ឈរ​នៅ​កណ្ដាល​របស់​អាស៊ាន​ផង​ដែរ»។

យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​ការ​ក្ដោបក្ដាប់​អំណាច​ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យកាល​ពី​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​យោធា​បានតវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ដែល​ខ្លួន​អះអាង​ដោយ​គ្មាន​មូលដ្ឋានច្បាស់លាស់​ថា​ មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត​។

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវដល់​យោធាមីយ៉ាន់ម៉ា​ឲ្យ​ដោះលែង​ជាបន្ទាន់​នូវ​ទីប្រឹក្សា​រដ្ឋ​អ្នកស្រី Aung San Suu Kyi និង​បណ្ដា​មេដឹកនាំ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស​នេះ​ឡើង​វិញ៕