សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានបណ្តេញសមាជិកបេសកកម្មការទូតរបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិចំនួន១២នាក់ចេញពីប្រទេសអាមេរិក ចំពោះការធ្វើជា«ភ្នាក់ងារស៊ើបការណ៍សម្ងាត់»ដែលបានបណ្តាលឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងមូស្គូដែលបានរិះគន់នូវអ្វីដែលខ្លួនហៅថា ជា«ចំណាត់ការប្រកបដោយអារិភាព» មួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Olivia Daltonអ្នកនាំពាក្យស្ថានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា អ្នកទាំងអស់នោះដែលត្រូវបានបញ្ជាឲ្យចាកចេញ «បានរំលោភអភ័យឯកសិទ្ធិរបស់ខ្លួនរស់នៅក្នុងសហរដ្ឋអាមេរិក ដោយការធ្វើសកម្មភាពចារកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង»។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «យើងកំពុងចាត់វិធានការនេះស្របទៅតាមកិច្ចព្រមព្រៀងទីស្នាក់ការអង្គការសហប្រជាជាតិ។ សកម្មភាពនេះ កើតមានឡើងជាច្រើនខែមកហើយ»។
លោក Richard Mills ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនថា សមាជិកបេសកកម្មការទូតរបស់រុស្ស៊ីទាំងនោះ បានពាក់ព័ន្ធនឹងសកម្មភាពមិនមែនការទូត។
លោកនិយាយដោយមិនបានបរិយាយលម្អិតថា៖ «អ្នកការទូតទាំងនោះដែលត្រូវបានសុំឲ្យចាកចេញពីសហរដ្ឋអាមេរិក បានពាក់ព័ន្ធនឹងសកម្មភាពដែលមិនស្របទៅនឹងការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់ពួកគេជាអ្នកការទូត»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនលោក Anatoly Antonov បាននិយាយនៅទំព័រ Facebook របស់លោកថា៖ «នេះជាចំណាត់ការប្រកបដោយអរិភាពប្រឆាំងនឹងប្រទេសរបស់យើង»។ លោកបាននិយាយទៀតថា រដ្ឋាភិបាលក្រុងមូស្គូ មានការរកាំចិត្តយ៉ាងខ្លាំង ហើយបាន«ច្រានចោលទាំងស្រុង»ចំពោះការអះអាងរបស់សហរដ្ឋអាមេរិកនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia ដែលមិនមែនជាទីដៅនៃការបណ្តេញនោះ បានប្រាប់ពួកអ្នកយកព័ត៌មានអំពីការសម្រេចនោះថាជាវិធីមិនធម្មតា។
ខណៈពេលធ្វើសន្និសីទមុនជំនួបរបស់អង្គការសហប្រជាជាតិ លោក Nebenzia បានសុំពួកអ្នកយកព័ត៌មានរយៈពេលមួយនាទីដើម្បីឆ្លើយសារតាមទូរស័ព្ទ។ បន្ទាប់មក លោកបានថ្លែងថា លោកទើបតែបានដឹងពីបទបញ្ជានៃការបណ្តេញដែលបានចេញដោយសហរដ្ឋអាមេរិក។
ប្រភពការទូតរុស្ស៊ី ក្រោយមកបានប្រាប់ទីភ្នាក់ងារព័ត៌មានAFPថា ការសម្រេចនៃការ បណ្តេញនោះ មិនបានដៅលើឯកអគ្គរដ្ឋទូត ឬលោក Dmitry Pollyanskiy និងលោកស្រី Anna Evstigneeva ដែលជាអនុប្រធានជាន់ខ្ពស់២រូបរបស់លោកទេ៕