ស.រ.អា.បានប្រកាសអំពីការអនុគ្រោះពន្ធលើទំនិញសម្រាប់ការធ្វើដំណើរដែលផលិតនៅកម្ពុជាជាច្រើនប្រភេទ។ ការពង្រីកកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ស.រ.អា.នេះ គឺសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចជាងគេនិងប្រទេសអាហ្រ្វិក។
ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីកការអនុគ្រោះពាណិជ្ជកម្មដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ដោយមិនបាច់បង់ពន្ធលើ ទំនិញនានា ដូចជាវ៉ាលីស កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅនឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក។ ប្រទេសអាហ្រ្វិកក៏ទទួលបានការអនុគ្រោះដូចគ្នានេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស.រ.អា. ប្រចាំកម្ពុជាដែលចេញផ្សាយឲ្យដឹងនៅថ្ងៃពុធនេះ។
ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះជាទូទៅ GSP របស់ស.រ.អា. ប្រទេសកម្ពុជានិង ប្រទេសកំពុងអភិវឌ្ឍន៍តិចតួច LDBDCs ត្រូវគេដឹងថា ទទួលបានអត្ថប្រយោជន៍នេះ។ ហើយការពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់ឲ្យកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សារនាំចូលរបស់របរប្រើប្រាស់សម្រាប់ការធ្វើដំណើរ ដែលមានតម្លៃ១០ពាន់លានដុល្លារអាមេរិក ទៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្តដល់ការអភិវឌ្ឍថែមទៀតលើផ្នែកឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ចូលទៅក្នុងផ្នែកថ្មីៗនៃផលិតកម្មដែលផ្តល់ការចំណេញ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា៖ «ការប្រកាសរបស់ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សារមួយថ្មីទាំងស្រុងសម្រាប់ក្រុមហ៊ុននាំចេញពីកម្ពុជា ហើយអាចបង្កើតឲ្យមានការងាររាប់ពាន់សម្រាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តឲ្យផលិតករកម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនដល់វិស័យនានាដែលជាមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ»។
GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់៤០ឆ្នាំមកហើយ ហើយនៅក្រោមកម្មវិធីនេះគ្មានការយកពន្ធលើទំនិញជាច្រើនដែលចេញពីប្រទេសកំពុងអភិវឌ្ឍន៍ចូលទៅស.រ.អា.និងផលិតផលបន្ថែមទៀតពីប្រទេស LDBDCs ។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman បានថ្លែងថា៖
«យើងបានប្រើកម្មវិធីនេះដើម្បីផ្តល់ជំនួយយ៉ាងសំខាន់ដល់ប្រទេសក្រីក្រជាងគេខ្លះក្នុងពិភពលោកសម្រាប់ធ្វើទំនាក់ទំនងជាមួយគូប្រជែងដែលមានកម្រិតសមត្ថភាពខ្ពស់»។
លោកម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែង អបអរសាទរចំពោះការប្រកាសលើកពន្ធសម្រាប់ទំនិញផលិតនៅកម្ពុជាជាច្រើនមុខ ដែលនាំទៅកាន់ស.រ.អា. ដោយលោកចាត់ទុកថា ជាការប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារថា ស.រ.អា.ផ្តល់ទីផ្សារបន្ថែមដល់កម្ពុជា។
«កាលណាមានទីផ្សារ ខ្ញុំជឿថា អ្នកវិនិយោគនឹងមកវិនិយោគនៅកម្ពុជាច្រើន។ អញ្ចឹងវានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើ ហើយការសំខាន់មួយទៀតគឺការធ្វើឲ្យមានតម្លៃបន្ថែមកាន់តែខ្ពស់ទៅ»។
ប្រទេសកម្ពុជាមានទីផ្សារធំៗចំនួនពីរគឺស.រ.អា. និងសហភាពអឺរ៉ុបសម្រាប់ការនាំចេញផលិតផលវាយនភណ្ឌរបស់ខ្លួនដែលបង្កើតចំណូលជាង៥ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ វិស័យកាត់ដេរគឺជាសរសរទ្រូងសេដ្ឋកិច្ចមួយក្រៅពីវិស័យ៣ទៀត រួមមានសំណង់ កសិកម្ម និងទេសចរណ៍។
ក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធជាទូទៅ GSP របស់ស.រ.អា.នេះ ផលិតផលប្រមាណ៥០០០មុខមកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១២២ និងដែនដីមួយចំនួន ទទួលបានអត្ថប្រយោជន៍ពីនាំទំនិញចូលស.រ.អា.ដោយគ្មានការយកពន្ធ។ ហើយប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៣ក៏ទទួលអត្ថប្រយោជន៍នោះផងដែរ។ មុខទំនិញឬផលិតផល១៥០០មុខត្រូវគេរក្សាទុកជូនប្រទេសដែលមានការអភិវឌ្ឍតិចតូច៕