រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃពុធនេះថា វាជាការចាំបាច់ដើម្បីពិនិត្យមើលការអនុវត្តវិធានការបន្ថែមប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយលោកថា រយៈពេល១០ខែ បន្ទាប់ពីរដ្ឋប្រហារយោធាមក «វិបត្តិនេះកាន់តែអាក្រក់ឡើង»។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មាននៅក្បែររដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah ក្នុងអំឡុងពេលនៃទស្សនកិច្ចនៅរាជធានីគូឡាឡាំពួ លោក Blinken បានមានប្រសាសន៍ថា គោលដៅនៃចំណាត់ការដោយប្រទេសនិមួយៗ ឬការខំប្រឹងប្រែងរួម គឺដើម្បី«ដាក់ការគាបសង្កត់លើរបបនោះឲ្យដាក់ប្រទេសលើមាគ៌ាឆ្ពោះទៅកាន់ប្រជាធិបតេយ្យឡើងវិញ»។
លោករដ្ឋមន្ត្រីបាននិយាយសំដៅដល់គោលដៅជាក់លាក់ជាច្រើន រួមទាំងការបញ្ចប់អំពើហិង្សា ការដោះលែងអ្នកទោស ហើយនឹងការអនុញ្ញាតឲ្យបុគ្គលិកផ្តល់ជំនួយចេញចូលបាន។
លោក Blinken បានមានប្រសាសន៍ថា៖ «អាស៊ានមានផែនការមូលមតិ៥ចំណុចដែលពួកយោធា បានយល់ព្រមហើយបានចុះហត្ថលេខា។ ផែនការនោះ ចាំបាច់ត្រូវតែអនុវត្ត»។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin បានមានប្រសាសន៍ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងក្លាយជាផ្នែកសំខាន់មួយនៃរបៀបវារៈ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ានជួបគ្នានៅខែក្រោយ ហើយថា ផែនការលម្អិតជាងនេះសម្រាប់ផែនទីបង្ហាញផ្លូវនេះ ជាការចាំបាច់។
លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍៕
អ្នកស្រី Nike Ching អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិក រួមចំណែកដល់សេចក្តីរាយការណ៍នេះពីទីក្រុងគូឡាឡាំពួ។