ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានជាប់ឆ្នោតមក ប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគីបានចាប់ផ្តើមធ្វើកិច្ចការទូតទៅកាន់បណ្តាបស្ចិមប្រទេស ដោយលោកបានសន្យាថា នឹងធ្វើកំណែទម្រង់ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ និងខិតខំប្រឹងប្រែងខ្លាំង ដើម្បីកែលម្អចំណងទាក់ទងជាមួយប្រទេសដៃគូរបស់តួកគីប្រចាំអង្គការអូតង់ផងដែរ។
លោក Recep Tayyip Erdogan មេដឹកនាំនៃប្រទេសតួកគី បាននិយាយប្រាប់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងការសន្ទនាគ្នាតាមវីដេអូ កាលពីថ្ងៃអង្គារ ទី២ ខែមីនាថា កិច្ចសហប្រត្តិការមាន «សក្តានុពលខ្លាំងណាស់» ហើយលោកបាននិយាយបន្ថែមថា ការសន្ទនាគ្នា មានមុខនាទីសំខាន់ត្រូវបំពេញ។
លោក Erdogan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅក្រោយការសន្ទនាគ្នានេះថា៖ «ក្នុងឋានៈជាសម្ព័ន្ធមិត្តដ៏ខ្លាំងពីរនៃអង្គការអូតង់ យើងអាចធ្វើវិភាគទានច្រើនក្រាស់ក្រែលដល់សន្តិភាព ស្ថិរភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានសន្តិភាព នៅក្នុងភូមិសាស្ត្រទូលំទូលាយមួយ ពីទ្វីបអឺរ៉ុបទៅដល់តំបន់កូកាស មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក»។
កាលពីថ្ងៃអង្គារនោះដែរ លោក Erdogan ក៏បានលាតត្រដាងអំពីផែនការសកម្មភាពមួយ ដែលលោកបានស្វះស្វែងរកយូរយាមកហើយ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានជាប់ឆ្នោតកាលពីខែវិច្ឆិកាមក។ លោកនិយាយថា ផែនការនេះមានគោលដៅកែលម្អសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋក្នុងប្រទេសតួកគី។
លោកប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកថា៖ «គោលដៅសំខាន់បំផុតនៃផែនការសកម្មភាពនេះរបស់ប្រទេសតួកគី គឺរដ្ឋធម្មនុញ្ញស៊ីវិលថ្មីមួយ»។
លោកបានប្រកាសថា ផែនការនេះមានមកពី «កាតព្វកិច្ចរបស់រដ្ឋក្នុងការការពារកិច្ចការ និងសកម្មភាពទាំងអស់របស់ខ្លួន ហើយជាមួយស្ថាប័ននិងអង្គការទាំងអស់របស់រដ្ឋ ត្រូវធ្វើឱ្យមានភាពសុចរិតខាងរាងកាយ និងខាងសីលធ៌មព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលផងដែរ»។
ក៏ប៉ុន្តែ ក្រុមអ្នករិះគន់លោក Erdogan បាននិយាយថា ផែនការសកម្មភាពនេះមិនត្រូវបានអនុវត្តទេ ដោយសាររដ្ឋាភិបាលរបស់លោកបានបង្ក្រាបក្រុមអ្នកប្រឆាំង។
អាជ្ញាធរបានចាប់អ្នកកាសែតដាក់ពន្ធនាគារច្រើនជាង នៅក្នុងប្រទេសឯទៀតៗ នៅក្នុងពិភពលោក ហើយក៏មានការចាប់ពួកមេដឹកនាំក្រុមប្រឆាំងខាងនយោបាយដាក់ក្នុងពន្ធនាគារ ព្រមទាំងមានការបង្ក្រាបលើក្រុមប្រឆាំង ដែលបានរីកដាលខ្លាំង នៅក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារគ្មានជោគជ័យមួយ កាលពីឆ្នាំ ២០១៦ ដើម្បីទម្លាក់មេដឹកនាំឥស្លាមនិយមបែបប្រជានិយមរូបនេះ។
ទោះណាជាមានការផ្តើមធ្វើកិច្ចការទូតទៅកាន់លោក Biden និងសហភាពអឺរ៉ុប ដោយមានរួមបញ្ចូលទាំងការតែងតាំងឯកអគ្គរដ្ឋទូតតួកគីថ្មីប្រចាំនៅសហរដ្ឋអាមេរិកក៏ដោយ ក៏សេចក្តីសង្ឃឹមរបស់លោក Erdogan ក្នុងការបើកទំព័រថ្មីមួយ ក្នុងទំនាក់ទំនងបណ្តាបស្ចិមប្រទេស នៅក្រោយរយៈពេលច្រើនឆ្នាំនៃការមានការទាក់ទងគ្នារអាក់រអួល ក៏រហូតមកដល់ពេលនេះការចាប់ផ្តើមខាងការទូតនេះត្រូវបានទទួល ដោយមានការប្រុងប្រយ័ត្ននិងការសង្ស័យ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីឆ្នាំទៅមិញថា លោក Erdogan បានធ្វើឱ្យមានភាព មិនចាញ់មិនឈ្នះប្រកបដោយគ្រោះថ្នាក់ ក្នុងប៉ែកខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ជាមួយប្រទេសក្រិក និងប្រទេសស៊ីប អំពីសិទ្ធិខួងរកឧស្ម័ននិងប្រេង។
ប្រទេសនៅទ្វីបអឺរ៉ុបខាងលិចនិងប្រទេសជិតខាងតួកគីបានចោទប្រកាន់រដ្ឋាភិបាលក្រុងអង់ការ៉ាថាធ្វើឱ្យមានភាពទាល់ច្រក ដែលបណ្តាលឱ្យកងនាវាចម្បាំងនៃប្រទេសជាគូបដិបក្ខ ហៀបប៉ះទង្គិចគ្នា។ ហើយកាលពីខែធ្នូ ប្រធានាធិបតីតួកគីរូបនេះនៅតែត្អូញត្អែរថា មានការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតមួយប្រឆាំងនឹងប្រទេសតួកគី ដោយមានគោលដៅរារាំងអំណាចនិងឥទ្ធិពលតួកគីនៅក្រៅប្រទេស។
មន្ត្រីអាមេរិកាំងម្នាក់បាននិយាយប្រាប់វីអូអេ កាលពីថ្ងៃពុធ ទី៣ ខែមីនាថា៖ «មានសញ្ញាតិចតួចថា មេដឹកនាំតួកគីរូបនេះចង់កែប្រែរបៀប ទាក់ទងជាមួយពួកបស្ចិមប្រទេស»។
មន្ត្រីរូបនេះបានថ្លែងដូច្នេះតែប៉ុន្មានម៉ោង ក្រោយប្រទេសតួកគីបាននិយាយថា ខ្លួនកំពុងពិចារណាអំពីការទិញប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះធុន S-400 ទីពីរ ពីប្រទេសរុស្សី ទោះជាមានការជំទាស់ខ្លាំងពីសហរដ្ឋអាមេរិក និងអង្គការអូតង់ក៏ដោយ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ