ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ទៅលើបុគ្គលនិងក្រុមហ៊ុនរាប់រយចំពោះការគាំទ្ររបស់ពួកគេទៅលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលក្នុងនោះបូករួមទាំងក្រុមហ៊ុនមកពីប្រទេសចិនផងដែរ។
ខណៈដែលទណ្ឌកម្មភាគច្រើនត្រូវបានដាក់លើបុគ្គលជនជាតិរុស្ស៊ី និងក្រុមហ៊ុនរុស្ស៊ីវិធានការរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបក៏រួមបញ្ចូលបុគ្គលជាពលរដ្ឋចិននិងក្រុមហ៊ុនចិនផងដែរ ទាំងនៅចិនដីគោកនិងនៅទីក្រុងហុងកុង ដោយសារតែពួកគេផ្គត់ផ្គង់សម្ភារៈដល់យោធារុស្ស៊ី។
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានផ្ដោតគោលដៅទៅលើបុគ្គលនិងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន លិចតិចស្ដាញ តួកគី និងអេមីរ៉ាតអារ៉ាប់រួម ខណៈដែលសហភាពអឺរ៉ុបក៏បានផ្ដោតគោលដៅនៃទណ្ឌកម្មរបស់ខ្លួនទៅលើបុគ្គលនិងស្ថាប័នដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា កាហ្សាក់ស្ថាន ស៊ែប៊ី ស្រីលង្កានិង តួកគីផងដែរ។
ទណ្ឌកម្មក៏ត្រូវបានដាក់ទៅលើមន្ត្រីពន្ធនាគាររុស្ស៊ីពាក់ព័ន្ធទៅនឹងការស្លាប់ដ៏គួរឱ្យសង្ស័យរបស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexey Navalny នៅក្នុងពន្ធនាគាររុស្ស៊ីមួយកាលពីសប្ដាហ៍មុន។
ក្រសួងការបរទេសរុស្ស៊ីបដិសេធទណ្ឌកម្មទាំងនេះ ដោយចាត់ទុកថាវាជា«រឿងខុសច្បាប់» ហើយថា រុស្ស៊ីនឹងឆ្លើយតបតាមរយៈការហាមឃាត់ពលរដ្ឋពីសហភាពអឺរ៉ុបដែលផ្ដល់ជំនួយយោធាទៅអ៊ុយក្រែនមិនឱ្យចូលទឹកដីរុស្ស៊ី។

ទាហានអ៊ុយក្រែនដាក់កម្រងផ្កានៅមុខផ្ទាំងរូបថតយុទ្ធជនអ៊ុយក្រែនដែលបានស្លាប់នៅសមរភូមិ ក្នុងខួប២ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីចិនមិនបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយបតទៅនឹងទណ្ឌកម្មទាំងនេះភ្លាមៗនោះទេ។ ប៉ុន្តែអ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារអំពីទណ្ឌកម្មដែលនឹងកើតមាននេះថាចិនដើរតាម «ជំហររបស់ខ្លួនដែលមានភាពជាក់ស្ដែងនិងមិនលម្អៀងចំពោះវិបត្តិនៅអ៊ុយក្រែន» ហើយចិនក៏បានធ្វើកិច្ចការយ៉ាងសកម្មដើម្បីលើកកម្ពស់កិច្ចពិភាក្សាសន្តិភាព»។
អ្នកស្រីបន្តថា៖ «ចិនមិនបានអង្គុយនៅស្ងៀម ហើយក៏មិនបានកេងប្រវ័ញ្ចទៅលើស្ថានភាពនេះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរ»។
មន្ត្រីអ៊ុយក្រែននិងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានបានចោទថាក្រុមហ៊ុនចិនបានផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចសំខាន់ៗនិងបច្ចេកវិទ្យា ដែលប្រើប្រាស់សម្រាប់វិស័យយោធានិងស៊ីវិលទៅឱ្យយោធារុស្ស៊ីចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនចាប់ផ្ដើមកាលពីពីរឆ្នាំកន្លងទៅ។ ការផ្គត់ផ្គង់ទាំងនោះរួមមានគ្រឿងបង្គុំសម្រាប់ផលិតដ្រូន។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់ទាំងនោះ។
បុគ្គលនិងក្រុមហ៊ុនដែលត្រូវបានរងទណ្ឌកម្មត្រូវបានហាមឃាត់មិនឲ្យធ្វើជំនួញជាមួយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឬជាមួយក្រុមហ៊ុនពីសហភាពអឺរ៉ុប។
ប៉ុន្តែ ក្រុមអ្នកវិភាគផ្នែកច្បាប់និងនយោបាយមិនយល់ស្របគ្នាទៅលើប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មទាំងនេះ។
លោកមេធាវី Mark Handley ដែលជាមន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុនច្បាប់ Duane Morris LLP មានទីស្នាក់ការនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក បានថ្លែងថា ការដាក់ទណ្ឌកម្មនឹងធ្វើឱ្យក្រុមហ៊ុនទាំងនោះទទួលផលប៉ះពាល់លើមុខជំនួញអន្តរជាតិរបស់ពួកគេ។
លោកថ្លែងថា៖ «បញ្ហាមួយចំនួនដូចជាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិនិងការដឹកជញ្ជូនតាមនាវាអាចនឹងមានភាពស្មុគស្មាញកាន់តែខ្លាំង នៅពេលពួកគេស្ថិតនៅលើបញ្ជីទណ្ឌកម្ម»។
យ៉ាងណាក៏ដោយ លោក Pieter Cleppe ដែលជានិពន្ធនាយកនៃសារព័ត៌មានអន ឡាញ BrusselsReport.eu បានប្រាប់វីអូអេថា៖ «ការស្រាវជ្រាវពីប្រវត្តិសាស្ត្របង្ហាញថា ទណ្ឌកម្មភាគច្រើនបរាជ័យ ជាពិសេសប្រសិនបើទណ្ឌកម្មនោះមានរយៈពេលកាន់ តែយូរ ដូចជាករណីសម្រាប់ប្រទេសរុស្ស៊ីជាដើម។ ការណ៍នេះដោយសារថា ប្រទេសដែលជាគោលដៅនៃទណ្ឌកម្មបានដឹងពីវិធីដើម្បីប្រឈមមុខជាមួយនឹងទណ្ឌកម្មទាំងនោះ។ ការដាក់ទណ្ឌកម្មអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរុស្ស៊ីសាមញ្ញ ប៉ុន្តែវាមិនអាចបញ្ឈប់អំពើល្មើសរបស់រុស្ស៊ីដែលជាគោលដៅចម្បងនៃទណ្ឌកម្មនោះបានទេ»។
ក្រុមការងារ The Yermak-McFaul International ដែលសិក្សារអំពីទណ្ឌកម្មលើរុស្ស៊ីនិងក្រុមអ្នកវិភាគអ៊ុយក្រែន នៅវិទ្យាស្ថាន KSE កាលពីខែមករា បានចុះផ្សាយរបាយការណ៍មួយដែលបង្ហាញថា បច្ចេកវិទ្យាដែលត្រូវបានដាក់ទណ្ឌកម្មរួចហើយក៏នៅតែធ្លាក់ទៅដល់ដៃយោធារុស្ស៊ីតាមរយៈប្រទេសទី ៣ ដែលដើរតួជាឈ្មួញកណ្ដាល។ សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកសង្ឃឹមថា បញ្ហានេះនឹងលែងកើតមានទៀតហើយតាមរយៈវិធានការថ្មីៗរបស់ពួកគេ។
ទោះបីជាទណ្ឌកម្មដ៏ច្រើនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះក៏ដោយ សេដ្ឋកិច្ចរបស់រុស្ស៊ីមានភាពធន់ ដោយហេតុថា រុស្ស៊ីបានបង្វែរពីការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបទៅធ្វើជំនួញនិងលក់ផលិតផលប្រេងកាន់តែច្រើនទៅឲ្យប្រទេសដែលជាមិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូ ដូចជាឥណ្ឌា ប្រេស៊ីលនិងចិនជាដើម។
លោក Junhua Zhang អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអំពីតំបន់អាស៊ីមានមូលដ្ឋាននៅទីក្រុងព្រុចស៊ែល បានថ្លែងថា ការរំពឹងទុកខ្ពស់បំផុតរបស់សហភាពអឺរ៉ុប គឺធ្វើយ៉ាងណាឱ្យចិនចួលរួមជាមួយសហភាពអឺរ៉ុបក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែការរំពឹងទុកបែបនេះខុសពីការពិត។ ក្ដីរំពឹងទាបបំផុតរបស់សហភាពអឺរ៉ុបគឺធ្វើឱ្យក្រុមហ៊ុននានារបស់ចិនឈប់ធ្វើការជាមួយរុស្ស៊ី។ ប៉ុន្តែលោកថា បើនិយាយឱ្យមែនទែនទៅ មានតែមនុស្សល្ងីល្ងើទេដែលមានការរំពឹងទុកបែបនេះ។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពិភាក្សានៅក្នុងកិច្ចប្រជុំមួយ នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ (Sputnik, Kremlin Pool Photo via AP)
លោកថ្លែងថា៖ «យើងគិតមើលទៅ ប្រធានាធិបតីចិន Xi Jinping មើលឃើញលោក Putin ថា មិត្តល្អបំផុតរបស់លោក ហើយអ្នកដែលនៅក្រោមឱវាទរបស់លោកនឹងធ្វើដូចគ្នាដែរ។ សហភាពអឺរ៉ុបក៏បានយល់ឃើញអំពីចំណុចនេះដែរ»។
ប៉ុន្តែអ្នកវិភាគផ្សេងទៀតលើកឡើងថា ទណ្ឌកម្មនានាទៅលើក្រុមហ៊ុនចិនអាចជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគិតឡើងវិញ។
អ្នកស្រី Aliona Hlivco អតីតតំណាងរាស្ត្រអ៊ុយក្រែននិងជានាយិករគ្រប់គ្រងអង្គការស្រាវជ្រាវនិងការវិភាគ Henry Jackson Society មានមូលដ្ឋាននៅទីក្រុងឡុងដ៍និយាយថា ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនអាចមានប្រយោជន៍ក្នុងការបញ្ឈប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
អ្នកស្រីថ្លែងថា៖ «បច្ចុប្បន្ននេះ ចិនកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចមានភាពប្រសើរឡើង។ ដូច្នេះ ការទាញចិនឱ្យគោរពតាមច្បាប់អន្តរជាតិអាចជាឱកាសដ៏ល្អ»។
សហភាពអឺរ៉ុបគឺជាប្លុកដៃគូពាណិជ្ជកម្មធំលំដាប់ទីពីររបស់ចិន បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
អង្គភាពគយចិនបានឱ្យដឹងថា ពាណិជ្ជកម្មរវាងចិននិងសហភាពអឺរ៉ុបមានទំហំ ៧៨៣ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣ ដែលធ្លាក់ចុះ ៧,៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២។
នៅឆ្នាំ ២០២៣ ដដែល ខណៈដែលរុស្ស៊ីបានបាត់បង់ទីផ្សារភាគច្រើននៅអឺរ៉ុប ដោយ សារតែទណ្ឌកម្មនោះ ទំហំពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីបានឈានដល់កម្រិតខ្ពស់បំផុតមួយក្នុងទឹកប្រាក់ ២៤០ ពាន់លានដុល្លារ ដែលជាទំហំមួយកើនរហូតដល់ទៅ២៦,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២។
ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅឆ្នាំ ២០២៣ បានធ្លាក់ចុះ ១១ ភាគរយមកនៅត្រឹម ៦៦៤ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ មក។ នេះបើយោងតាមទិន្នន័យគយសហរដ្ឋអាមេរិក។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនាំចូលទំនិញពីប្រទេសម៉ិកស៊ិកច្រើនជាងនាំចូលពីចិន ជាលើកទី ១ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួលដោយលោក នៀម ឆេង