យោធាអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារថ្មីៗដោយដ្រូនរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈសម្ពាធមានកាន់តែខ្លាំងឡើងលើការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសរុស្ស៊ី ជុំវិញការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny ក្នុងពន្ធនាគារ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីទាំង២៣គ្រឿងដែលបានវាយប្រហារនោះ។ ការស្ទាក់បាញ់ទម្លាក់ដ្រូនរុស្ស៊ីទាំងនេះត្រូវបានធ្វើឡើងនៅលើតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន ដែលរួមមានតំបន់ Kharkiv តំបន់ Dnipropetrovsk តំបន់ Kherson និងតំបន់ Mykolaiv។
ការវាយប្រហាររបស់រុស្ស៊ីក៏រួមមានមីស៊ីលនាំផ្លូវ ៤ គ្រាប់ផងដែរ។ គេនៅមិនទាន់ឃើញមានរបាយការណ៍ភ្លាមៗស្តីពីការខូចខាតឬមនុស្សរងគ្រោះនោះឡើយ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានជំរុញដល់ប្រទេសជប៉ុននិងសហភាពអឺរ៉ុបនៅថ្ងៃចន្ទនេះ ឱ្យដាក់ទណ្ឌកម្មជាថ្មីទៀតដល់ប្រទេសរុស្ស៊ី។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell និយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងត្រូវដាក់ឱ្យទទួលខុសត្រូវលើការស្លាប់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Navalny ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ហើយលោកបានស្តីបន្ទោសប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងជនដៃដល់របស់មេដឹកនាំរុស្ស៊ីរូបនេះ ជុំវិញការស្លាប់របស់លោក Navalny កាលពីសប្តាហ៍មុន។
ការស្លាប់របស់លោក Navalny កើតមានឡើងខណៈដែលលោក Biden កំពុងប្រឹងប្រែងដើម្បីជំរុញឱ្យមានការអនុម័តកញ្ចប់ជំនួយថវិកា ៩៥ ពាន់លានដុល្លារ លើជំនួយសន្តិសុខអន្តរជាតិសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែលនិងកោះតៃវ៉ាន់ តាមរយៈសភាអាមេរិក ដោយមានការប្រឆាំងពីសមាជិកសភានៃគណបក្សសាធារណរដ្ឋជាច្រើននាក់៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។
វេទិកាបញ្ចេញមតិ