អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហាប្រទេសកូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះបានស្នើជួបជាមួយអ្នកតំណាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង«នៅកន្លែងណាក៏បានពេលណាក៏បានដោយគ្មានលក្ខខណ្ឌជាមុន» ដោយគ្មានការទាក់ទងជាសាធារណៈទេរវាងរដ្ឋបាលលោកប្រធានាធិបតី Joe Biden និងប្រទេសកុម្មុយនីស្តដែលមានអាវុធនុយក្លេអ៊ែរនេះ។
សុន្ទរកថារបស់លោក Sung Kim បានធ្វើឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងគឺលោកគីម ជុងអ៊ុន កាលពីសប្តាហ៍មុនបានចេញប្រតិកម្មជាលើកដំបូងចំពោះការពិនិត្យឡើងវិញថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីវិធីសាស្រ្តដោះស្រាយបញ្ហាជាមួយប្រទេសឯកោរបស់លោក ដោយនិយាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវតែត្រៀមសម្រាប់ទាំង «ការសន្ទនាគ្នានិងការប្រឈមមុខគ្នា»។
រដ្ឋបាលលោក Biden កាលពីមុនបានសន្យាថា«នឹងរកវិធីសាស្រ្តជាក់ស្តែងដោយមានការគិតគូរហ្មត់ចត់» រួមទាំងកិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងដែលក្រីក្របំផុតនេះ ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោង។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លោក Sung Kim បាននិយាយថា «យើងនៅតែសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានចំពោះការផ្សព្វផ្សាយនិងការស្នើឡើងរបស់យើងដើម្បីជួបទីណាក៏បាន ពេលណាក៏បានដោយគ្មានលក្ខខណ្ឌជាមុន»។
កាលពីសប្តាហ៍មុនលោក គីម ជុងអ៊ុន បាននិយាយថា ស្ថានភាពស្បៀងអាហាររបស់ប្រទេសលោកមានភាពតានតឹងដែលស្តាប់ទៅដូចជាការប្រកាសអាសន្ននៅក្នុងប្រទេសដែលវិស័យកសិកម្មបានតស៊ូដោយពិបាកចិញ្ចឹមខ្លួនឯងជាយូរមកហើយហើយឥឡូវនេះត្រូវផ្តាច់ខ្លួនឆ្ងាយពីគេឯងដើម្បីប្រឆាំងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា៕