ឯកអគ្គរដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​ធ្វើទស្សនកិច្ច​ដ៏កម្រ​ទៅទីបេ

លោក​ធែរី ប្រែនស្តែដ (Terry Branstad) ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន​និង​ភរិយា Christine ថតរូប​នៅ​ខាងមុខ​ព្រះរាជវាំង Potala Palace ក្នុង​ទីក្រុង Lhasa ភាគខាងលិច​ប្រទេស​ទីបេកាលពី​ថ្ងៃទី​២២ ខែឧសភា​ ឆ្នាំ២០១៩។

នៅក្នុងដំណើរទស្សនកិច្ច​ដ៏កម្រ​មួយ​ទៅ​តំបន់ទីបេ លោក​ធែរី ប្រែនស្តែដ (Terry Branstad) ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន​បាន​ទទូច​ឱ្យ​ទីក្រុង​ប៉េកាំង​ ធ្វើ​ការ​ចរចា​ច្បាស់​លាស់​ជាមួយ​នឹង​មេដឹកនាំ​ទីបេ ​ដែលកាន់ព្រះពុទ្ធសាសនា​គឺ​សម្តេចសង្ឃរាជ​ ដាឡៃ ឡាម៉ា។ នេះ​បើតាម​ការបញ្ជាក់​កាលពីថ្ងៃសៅរ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក។

លោក​ឯកអគ្គរដ្ឋ​ទូត​ Branstad ​ក៏​«បាន​សម្តែងក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ការចូលជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចិន​លើ​សេរីភាព​អ្នកកាន់ព្រះសាសនា​នៅ​ដែនដី​ទីបេ ក្នុង​ការ​រៀបចំ​និង​បដិបត្តិ​សាសនា​‍»។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត។​

បេសកជន​សហរដ្ឋ​អាមេរិក​ក៏​បាន​លើកឡើង​ពី​ក្តីបារម្ភ​ដែល​មាន​ជាយូរ​មក​ហើយ​អំពី​កង្វះលទ្ធភាព​ចូលជាប្រចាំទៅក្នុង​តំបន់​ស្វយ័ត​ទីបេ។

ប្រទេស​ចិន​បាន​ហាមឃាត់​មិន​ឱ្យ​ជនបរទេស​ចូលទៅក្នុង​តំបន់ទីបេ​ទេ ជាពិសេស​គឺ​អ្នកសារព័ត៌មាននិង​អ្នកការទូត។ ប៉ុន្តែ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំដោយ​រដ្ឋាភិបាល​តំបន់ស្វយ័ត​ទីបេ លោក​ Brandstad ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទៅ​ទីកន្លែង​វប្បធម៌​និង​សាសនានានា ក្នុងនោះមាន​រាជវាំង​ប៉ូតាឡា (Potala Palace) ព្រះ​វិហារចូខាង (Jokhang Temple) ​ណ័រ​ប៊ូលីងកា និង​វត្ត​សេរ៉ា​ នៅក្នុង​រដ្ឋធានី​ឡាសា របស់​ទីបេ។ ស្ថានទូត​បាន​បន្ថែម​ថា​ លោក​ឯកអគ្គរដ្ឋ​ទូត​ក៏​បាន​ជួប​គ្នា​ជាមួយ​នឹង​មេដឹកនាំ​សាសនា​និង​វប្បធម៌​ទីបេ​ផងដែរ។

រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភសិទ្ធិ​មនុស្ស​និង​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​ការគោរ​ព​បដិបត្តិ​សាសនា​និង​វប្បធម៌​នៅ​ក្នុង​តំបន់នោះ។ ប៉ុន្តែ​ រដ្ឋបាលទីក្រុងប៉េកាំង​ទទូច​ថា​ ពលរដ្ឋ​ទីបេ​មាន​សេរីភាព​ទូលំទូលាយ​និង​ការរីកចម្រើន​សេដ្ឋកិច្ច៕