លោកស្រី Nikki Haley និយាយយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់មីស៊ីលខុសច្បាប់ និងការគំរាមកំហែងនុយក្លេអ៊ែររបស់លោក Kim Jong Un បានបង្ហាញថា លោកកំពុងតែទទូចចង់ធ្វើសង្គ្រាម។ សង្គ្រាមមិនមែនជាអ្វីដែលសហរដ្ឋអាមេរិកចង់បាននោះទេ។ សហរដ្ឋអាមេរិកមិនត្រូវការសង្គ្រាមនៅពេលឥឡូវនេះនោះទេ ប៉ុន្តែការអត់ធ្មត់របស់សហរដ្ឋអាមេរិកគឺមានដែនកំណត់។ សហរដ្ឋអាមេរិកនឹងការពារសម្ព័ន្ធមិត្ត និងដែនដីរបស់ខ្លួន»។
លោកស្រី Nikki Haley បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្សព្វផ្សាយដល់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីសេចក្ដីសម្រេចក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង ហើយសហរដ្ឋអាមេរិករំពឹងថានឹងដាក់សេចក្ដីសម្រេចនេះឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការបោះឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
លោកស្រី Nikki Haley និយាយថា៖ «ពេលវេលាសម្រាប់ការចាត់វិធានការមិនបានពេញលេញនានានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺចប់ហើយ។ ពេលវេលាបានមកដល់ហើយក្នុងការប្រើប្រាស់មធ្យោបាយការទូតរបស់យើងទាំងអស់មុនពេលវាយឺតពេល។ ឥឡូវនេះ យើងត្រូវតែអនុម័តនូវវិធានការខ្លាំងក្លាបំផុតនានាដែលអាចទៅរួច»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទើបតែអនុម័តនូវទណ្ឌកម្មតឹងតែងបំផុតរបស់ខ្លួនប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង កាលពីខែមុន។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង និងបានអំពាវនាវឲ្យមានការចរចា។
លោក Liu Jieyi ថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានការណ៍នៅឧបទ្វីបកូរ៉េគឺកាន់តែយ៉ាប់យ៉ឺនទៅៗ ធ្លាក់ចូលទៅក្នុងចរន្តវិលវល់ដ៏អាក្រក់មួយ។ វិបត្តិនៅឧបទ្វីបកូរ៉េត្រូវតែដោះស្រាយដោយសន្តិវិធី។ ប្រទេសចិននឹងមិនអនុញ្ញាតឲ្យមានភាពច្របូកច្របល់ និងសង្គ្រាមកើតឡើងនៅលើឧបទ្វីបកូរ៉េនោះទេ»។
កន្លងមក អ្នកការទូតនានាបានដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងគ្រប់ផ្នែកទាំងអស់ហើយ។
សហគមន៍អន្តរជាតិបានឲ្យដឹងថា កូរ៉េខាងជើងបានបង្វែរចំណូលពីឧស្សាហកម្មជាច្រើនទៅប្រើប្រាស់សម្រាប់បន្តកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់ផ្លោងមីស៊ីលខុសច្បាប់របស់ខ្លួន៕
ប្រែសម្រួលដោយ ភី សុភាដា